ភ្នំពេញ៖ បុរសម្នាក់បេីករថយន្ត Prius មួយគ្រឿង ក្នុងល្បឿនយ៉ាងលឿន មិនប្រយ័ត្ន បានរេចង្កូតជ្រុលបុកគូទរថយន្ត morning ពីក្រោយពេញទំហឹង ដែលកំពុងតែចតស្ងៀម បណ្តាលឲ្យខ្ទាតទៅមុខជាង១០០ម៉ែត្រ និងបន្តទៅប៉ះម៉ូតូមួយគ្រឿងទៀត រងការខូចខាតយ៉ាងដំណំ ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៣ និង ១០ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី ២៩ ខែធ្នូឆ្នាំ ២០២០ នៅ តាមបណ្ដោយផ្លូវ ព្រៃស ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេបានឃើញបុរសម្នាក់បេីករថយន្តម៉ាក តូយ៉ូតា ព្រូស មួយគ្រឿង ពណ៌ឈាមជ្រូក ពាក់ផ្លាកលេខ ភ្នំពេញ 2AY-8680 ធ្វើដំណើរតាមបណ្ដោយផ្លូវ ព្រៃស ទិសដៅពីកេីតទៅលិច ក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតជ្រុលទៅបុកគូទរថយន្តម៉ាក គា ម៉នីង ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AR-2906 ពីក្រោយពេញទំហឹង ដែលកំពុងចតនៅស្ងៀម បណ្ដាលឲ្យប៉ើងជាង១០០ម៉ែត្រ និងខ្ទាតទៅប៉ះម៉ូតូមួយគ្រឿង បណ្ដាលឲ្យរងការខូចខាត ។ ប៉ុន្តែសំណាងល្អ មិនមាននរណាម្នាក់រងរបួសនោះទេ ។ ចំណែកម្ចាស់រថយន្តបង្កវិញត្រូវសមត្ថកិច្ច ឃាត់បាននៅកន្លែងកើតហេតុ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ក៏បានជួយធ្វេីការសម្របសម្រួល ភាគីទាំងសងខាង ដោយភាគីខាងរថយន្តបង្កព្រមចេញថ្លៃខូចខាតទាំងអស់ ដេីម្បីបញ្ចប់រឿង ៕ រក្សាសិទ្ធិដោយ៖ សា មេត