ភ្នំពេញ៖ នេះជាខណៈពេលដ៏ញាក់សាច់មួយ គ្រាដែលស្ត្រីជាផ្ទះជិតខាងម្នាក់ ដែលត្រូវបានដឹងថាមានប្តីជា PM ពាក់សក្តិ៤កន្លះ ដោយពុំដឹងផ្ទុះកំហឹងរឿងអ្វី បានប្រដាប់ដោយពូថៅ ស្ទុះមករករឿងរកចង់កាប់លើស្ត្រីផ្ទះម្ខាងទៀត តែទីបំផុតបានកាប់បំផ្លាញដើមឈើ១ដើមនៅមុខផ្ទះចោលយ៉ាងសាហាវ។
នេះបើយោងតាមប្រភពឈ្មោះ អុី សុភី បានបញ្ជាក់ប្រាប់ឲ្យដឹងថា ហេតុការណ៍ហិង្សានេះបានកើតឡើងនៅផ្ទះលេខ១៧E1 ផ្លូវ ៣៦២ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។ ប្រភពខាងលើក៏បានចោទប្រកាន់ថា ស្ត្រីនោះបានទាញកាំបិតផ្គាក់ ទៅកាប់គេដល់ផ្ទះ ហើយប្តឹងគេទៀត អាងប្តីធ្វើប៉េអឹមពាក់សក្តិ៤កន្លះ។
នៅក្នុងវីដេអូ គេក៏បានឮថា ភាគីម្ចាស់ផ្ទះដែលរងការឈ្លានពានប្រើអំពើហិង្សា និងបំផ្លាញ បាននិយាយថា ស្ត្រីមានចិត្តកំណាចនោះជាពូកែឈ្នានីសលើគ្រួសាររបស់ពួកគាត់ ហើយអាងអីហាម៉ាត់ណា ក៏គំរាមយកកាំភ្លើងបាញ់ដែរ។
តែទោះយ៉ាងណា ចំពោះករណីឈានដល់ការប្រើអំពើហិង្សាដ៏ញាក់សាច់នេះផងដែរ គេក៏ពុំអាចដឹងច្បាស់ថា ផ្តើមឡើងដោយសារជម្លោះរឿងហេតុអ្វីនោះទេ ទើបបានជាធ្វើឲ្យស្ត្រីនោះផ្ទុះកំហឹងយ៉ាងសាហាវបែបនេះ។
ក្រោយពីបានឃើញបែបនេះ មហាជនម្នាក់ៗបានសម្តែងការហួសចិត្តជាខ្លាំង ហើយក្នុងនោះគេក៏បានដាក់ឲ្យថា៖ «ជួញអស់លុយ និងអស់ស័ក្តិទៀតហើយ, ឲ្យវាកាប់ៗទៅ យើងកុំតបត ថតទុកជាភស្តុតាង ដើម្បីប៉ូលិសចាត់ការផ្លូវច្បាប់»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង