ភ្នំពេញ ៖ ប្រជាពលរដ្ឋបានប្រទះឃើញបុរសម្នាក់ ស្លាប់ក្នុងបន្ទប់ជួលលេខ៨ ស្ថិតក្នុងភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ ដោយបង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាងកាលពីវេលាម៉ោង១២និង១៥នាទី ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ។
សាកសពរងគ្រោះមានឈ្មោះ ម៉េង ឃាង ភេទប្រុស អាយុ៥៦ឆ្នាំ(គ្មានគ្រួសារសាច់ញាតិ) មុខរបរកម្មកររោងចក្រយូរ៉ូផលិតខ្សែភ្លើង បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅជិតខាង ជាប់បន្ទប់ជួលជនរងគ្រោះ បានប្រាប់ឲ្យដឹងថា ជនរងគ្រោះគឺជាមនុស្សស្លូតបូត និងមានជំងឺប្រចាំកាយ ណាមួយទៀតគាត់ក៏ជាកំលោះចាស់ គ្មានគ្រួសារនៅក្បែរនិងមើលថែផងដែរ ។ ខណៈនៅថ្ងៃកើតហេតុ អ្នកជិតខាងមិនឃើញជនរងគ្រោះចេញមកខាងក្រៅ តាំងព្រឹករហូតដល់ថ្ងៃត្រង់ ទើបឆ្ងល់ក៏ទៅគោះទ្វាហៅជនរងគ្រោះតែមិនតប រួចក៏មើលតាមបង្អួចស្រាប់តែឃើញជនរងគ្រោះដេកស្លាប់លើឥដ្ឋ និងស្លៀកតែកន្សែង ទើបដឹងលឺដល់ម្ចាស់ផ្ទះ និងរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ឲ្យចុះមកដល់កន្លែងកើតហេតុតែម្ដង ។
ក្រោយមក សមត្ថកិច្ចបានទាក់ទងទៅខាងជំនាញកោសល្យវិច័យ ឲ្យមកពិនិត្យជាក់ស្ដែង ក្នុងនោះតាមការធ្វើកោសល្យវិច័យ របស់ក្រុមគ្រូពេទ្យវិទ្យាសាស្ត្រ នៃស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជាក់ថា ឈ្មោះ ម៉េង ឃាង (សព) គឺស្លាប់ដោយសាគាំងបេះដូង និងជំងឺក្រពេះពោវៀន ។
បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ច ចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ រក្សាសិទ្ធិដោយ៖ មីដា ផាន់ណា