ភ្នំពេញ៖ ផ្សារភាគហ៊ុនកាលពីរសៀលថ្ងៃម្សិលមិញបានបិទក្នុងទំហំជួញដូរភាគហ៊ុនសរុបជាង ៥០៥ លានរៀល ដែលនេះជាតួលេខខ្ពស់បំផុតក្នុងត្រីមាសទី៤ ២០២០ គិតត្រឹមថ្ងៃទី២៩ខែធ្នូឆ្នាំ២០២០។
ភាគហ៊ុនដែលមានចំណែកច្រើនជាងគេគឺ ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSP) និងធនាគារអេស៊ីលីដា ABC ដែលស្មើនឹង៥០ភាគរយ និង៣៧ភាគរយ រៀងគ្នានៃទំហំសរុប។
សន្ទស្សន៍ទីផ្សារភាគហ៊ុនបានងើបឡើងវិញ០,៦៩ភាគរយ មកដល់ ៦៤៧,១៨ ពិន្ទុ។ ភាគហ៊ុនបួនដែលរួមមាន ភាគហ៊ុនរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ(PWSA) កំពង់ផែស្វយ័តក្រុងភ្នំពេញ (PPAP) កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) និងធនាគារអេស៊ីលីដា (ABC) បានកើនឡើងដល់៦.១០០រៀល ១១.៧០០រៀល ១៤.១៦០រៀល និង១៧.១០០រៀលរៀងគ្នា ដែលមានចន្លោះកំណើនពី៤០រៀល ដល់៤៦០រៀល។
ផ្ទុយទៅវិញ ភាគហ៊ុនក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSP) និងផេសថិក (PEPC) បានធ្លាក់ចុះមកត្រឹម១.២១០រៀល និង ២.៩០០រៀល។ ស្របពេលជាមួយគ្នានេះ ភាគហ៊ុនហ្គ្រេនធ្វីន អ៊ីនធើណាស់សិនណល់ (GTI) រក្សាថ្លៃថេរដដែលត្រឹម២.៩៣០រៀល៕
រក្សាសិទ្ធិដោយ៖CEN