ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍រហូតឈានទៅដល់ការបាញ់សម្លាប់មន្ត្រីនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញម្នាក់ នៅរសៀលថ្ងៃទី៣០ធ្នូនេះ សមត្ថកិច្ចបានឃាត់ខ្លួនម្ចាស់ផ្ទះម្នាក់ នាំទៅយកសាកសួរ បន្ទាប់ពីខ្មាន់កាំភ្លើងបានយករថយន្តមួយគ្រឿងទៅចតក្នុងផ្ទះនោះ ហើយខណៈកំពុងមានការសង្ស័យលើ ម្ចាស់ផ្ទះនេះផងដែរ ដើម្បីស្រាវជ្រាវបន្ដកំណត់មុខសញ្ញាទៅរកការឃាត់ខ្លួន ជនសង្ស័យមកដាក់ទោសទៅតាមផ្លូវច្បាប់។
សូមបញ្ជាក់ថា មន្ត្រីនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញម្នាក់ បានស្លាប់ភ្លាមៗ បន្ទាប់ពីខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណបាញ់ចំនួន៩គ្រាប់ ត្រូវក្បាល១គ្រាប់ ត្រូវខ្លួន២គ្រាប់ ដោយសារតែទំនាស់រឿងគ្រោះថ្នាក់ចរាចរណ៍។
ហេតុការណ៍បាញ់ប្រហារបណ្តាលឲ្យមានការភ្ញាក់ផ្អើល ស្ទើរតែមួយក្រុងភ្នំពេញ បានកើតឡើងនាយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ នៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ត្រង់មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ស្ថិតនៅក្នុងខណ្ឌពោធិ៍សែនជ័យ លុះមកដល់ព្រឹកថ្ងៃទី៣០ ខែឆ្នូ ឆ្នាំ២០២០ ដដែល រថយន្ដឡិចស៊ីស RX300 ពណ៌ខ្មៅ ពាក់ស្លាក់លេខ សៀមរាម 2A ~4546 សង្ស័យនោះត្រូវបានប្រទះឃើញនៅក្បែរផ្ទះបងប្អូនប្រជាពលរដ្ឋ ដែលស្ថិតនៅតាមបណ្ដោយផ្លូវ លេខ42 ក្នុងសង្កាត់ពញាពុន ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មាននៅកន្លែង កើតហេតុបានអោយដឹងថា ខណៈនេះមានការប្រទះឃើញរថយន្តមួយគ្រឿង ដែលគេអះអាងថា ជារថយន្តរបស់ខ្មាន់កាំភ្លើងនៅត្រង់ចំណុចផ្លូវលេខ៤២ (ខាងកើតភ្នំរាប) ក្នុងភូមិស្វាយឧត្តម សង្កាត់ពញ្ញាពន់ ខណ្ឌព្រែកព្នៅ ដែល បាញ់សម្លាប់លោកនាយរងការិយាល័យកំរិតស្រាលនៃស្នងការរាជធានីភ្នំពេញ និងជាថៅកែហាងលក់បាយកាលពីរំលង អធ្រាត្រចូលថ្ងៃទី៣០ ធ្នូ នេះ ។ តើជារឿងអ្វីពិតប្រាកដ ទើបឈានដកកាំភ្លើងបាញ់រះលើលោកបែបនេះ?
ជនរងគ្រោះឈ្មោះ រ៉េ ស៊ីនេត អាយុ ៤០ ឆ្នាំ មុខរបរជាមន្ត្រីនគរបាលនាយរងព្រហ្មទណ្ឌនៃស្នងការរាជធានីភ្នំពេញ។
បើតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញជនរងគ្រោះបើករថយន្តម៉ាក FORD ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BD 3738 ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែគេឃើញជនបង្កបើករថយន្ត Lexus ពណ៌ខ្មៅ មកបុកគូទរថយន្តជនរងគ្រោះ បណ្តាលឲ្យរងការខូចខាតបន្តិចបន្តួច ហើយនៅពេលនោះ ភាគីទាំងពីរក៏បានឈប់ចរចាគ្នា។ ប្រភពដដែលបន្តថា នៅពេលចរចាគ្នា ភាគីខាងជនរងគ្រោះបានសម្រួលដោយឲ្យភាគីបង្កយករថយន្តទៅជួសជុលដើម្បីបញ្ចប់រឿង។ ប៉ុន្តែ មិនដឹងជាយ៉ាងម៉េច បើតាមរយៈវីដេអូនៃកាមេរ៉ាសុវត្ថិភាពត្រូវបានបញ្ចេញ គឺខណៈពេលជនរងគ្រោះកំពុងឱនមើលគូទរថយន្តខ្លួនដែលរងការខូចខាត ស្រាប់តែខ្មាន់កាំភ្លើងម្នាក់ក្នុងចំណោមជនបង្ក បានដកកាំភ្លើងបាញ់សំដៅទៅលើជនរងគ្រោះជាច្រើនគ្រាប់ រួចប្រញាប់ប្រញាល់នាំគ្នាឡើងរថយន្តបើករត់គេចខ្លួនបាត់ស្រមោល។
សេចក្តីរាយការណ៍បន្តថា រថយន្តនេះត្រូវបានគេដោះផ្លាកលេខចេញដោយចតអែបកៀនផ្ទះយ៉ាងត្រឹមត្រូវតែម្តង ហើយសមត្ថកិច្ច ក៏កំពុងសង្ស័យមានជាប់ពាក់ព័ន្ធជាមួយចាស់ផ្ទះនេះផងដែរ ។
បើតាមម្ចាស់ផ្ទះនេះអះអាងប្រាប់សមត្ថកិច្ចថា កាលពីម៉ោងប្រហែល ២ រំលងអធ្រាត្រថ្ងៃដដែល គាត់បានធុំក្លិនឈ្ងៀម នៅជិតផ្ទះ ហើយគាត់បានចេញមកមើលក៏ឃើញបុរសម្នាក់ បានឡើងជិះម៉ូតូមួយគ្រឿងចេញទៅបាត់ ដោយទុករថយន្តចតចោលនៅទីនេះ។
ទោះបីជាយ៉ាងណា សមត្ថកិច្ច បានឃាត់ខ្លួនម្ចាស់ផ្ទះខាងលើ នាំទៅយកសាកសួរបន្ត ហើយខណៈកំពុងមានការសង្ស័យលើ ម្ចាស់ផ្ទះនេះផងដែរ ដើម្បីស្រាវជ្រាវបន្ដកំណត់មុខសញ្ញាទៅរកការឃាត់ខ្លួន ជនសង្ស័យមកដាក់ទោសទៅតាមផ្លូវច្បាប់៕ រក្សាសិទ្ធិ ដោយ៖ ពន្លឺ ហេងវុត្ថា លឹមហុង