ខេត្តបន្ទាយមានជ័យ៖ កន្លងៗទៅនេះ យើងតែងបានសង្កេតឃើញនៅលើបណ្តាញសង្គមហ្វេសប៊ុក បានបញ្ចេញឲ្យឃើញនូវវីដេអូជារឿយៗ ពាក់ព័ន្ធនឹងសកម្មភាពក្រុមក្មេងទំនើងប្រុស-ស្រី បង្កការរំខាន និងបង្កហានិភ័យគ្រោះថ្នាក់ដល់អ្នកដំណើរលើផ្លូវសាធារណៈ តាមរយៈទង្វើលេងបំពង់ស៊ីម៉ាំងលាន់ឮខ្លាំងៗ និងពិសេសគឺការបង្ហោះម៉ូតូ។
ពាក់ព័ន្ធនឹងករណីនេះផងដែរ យើងក៏បានឃើញសមត្ថកិច្ចធ្វើការបង្រ្កាបទៅលើក្រុមក្មេងទំនើង ដែលបានប្រព្រឹត្តទង្វើទាំង២ករណីខាងលើនេះជាបន្តបន្ទាប់ តាមរយៈធ្វើការឃាត់ខ្លួនយកពួកគេមកដាក់ទណ្ឌកម្មទៅតាមរូបភាពផ្សេងៗ មុនពេលធ្វើការអប់រំ រួចអនុញ្ញាតឲ្យមានសេរីភាពវិញ។
ប៉ុន្តែ បើទោះជាសមត្ថកិច្ចធ្វើការបង្រ្កាបយ៉ាងណា ក៏នៅតែមានករណីក្មេងទំនើងបង្ហោះម៉ូតូ និងលេងស៊ីម៉ាំងប្រែនៗដដែល។ ជាក់ស្តែង ដូចជានៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងសេរីសោភ័ណ ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់ ពីឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានឈានដល់ធ្វើការឃាត់ខ្លួនយុវជនទំនើងមួយក្រុម ដែលបានបង្ហោះម៉ូតូ យកមកធ្វើការដាក់ទណ្ឌកម្មខ្លះៗ មុនធ្វើការអប់រំឲ្យលុតជង្គង់ក្រាបសំពះនៅចំពោះមុខឪពុកម្តាយរបស់ពួកគេ។
ជាមួយនឹងប្រតិបត្តិការទាន់ៗចិត្តនេះផងដែរ ឃើញថាមហាជន ជាពិសេសអ្នកប្រើប្រាស់ផ្លូវសាធារណៈ ពិតជាសម្តែងនូវការសាទរជាខ្លាំង និងក៏សូមសំណូមពរសមត្ថកិច្ចបន្តបង្រ្កាបមុខសញ្ញាក្មេងទំនើង នៅតាមបណ្តារាជធានី-ខេត្ត ជាបន្តទៀត ដើម្បីធានាបានសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពជូនប្រជាពលរដ្ឋឲ្យកាន់តែមានភាពកក់ក្តៅ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង