សម្លឹងមើលឱ្យបានយូរទៅ អារម្មណ៍របស់យើងអាចយល់ថា តំបន់ទេសចរណ៍មួយចំនួនក្នុងខេត្តត្រាវិញ ភាគខាងត្បូងនៃប្រទេសវៀតណាម ដែលជាបណ្ដុំបងប្អូនខ្មែរក្រោមរស់នៅនោះ គឺគេបានបង្កើតជាភូមិមួយពហុផលិតផល ទាក់ទាញភ្ញៀវទេសចរ ជាពិសេស ការកែច្នៃវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ កេរដំណែល ឱ្យទៅជាផ្ទាំងទស្សនីយភាពទេសចរណ៍ច្រើនរូបភាព និងធ្វើឱ្យយើងប្លែកអារម្មណ៍ រំភើប សប្បាយ ប្រសិនបើយើងលៃលកពេលវេលាធ្វើដំណើរទៅកាន់ទីនោះឱ្យត្រូវរដូវកាលរបស់វា។
ក្រឡេកទៅមើលភូមិវប្បធម៌ទេសចរណ៍លក្ខណៈខ្មែរ ដែលខ្មែរក្រោមក្នុងខេត្តត្រាវិញ បានរៀបចំជារបៀបខ្សែចង្វាក់ទេសចរណ៍ មានទីកន្លែងប្រវត្តិសាស្ត្រ អាវបាអម ( ស្រះគូ ស្រះស្រី ) កេរដំណែលវប្បធម៌ មានរចនាសិល្បៈដ៏វិចត្រ នៅវត្តអង្គររាជបុរី ( ហៅវត្តអង្គ ) សារមន្ទីរវប្បធម៌លក្ខណៈប្រពៃណីខ្មែរ ស្តាប់តូរ្យតន្ត្រីប្រជាប្រិយ ចាប់ពីភ្លេងពិណពាទ្យ ចង្វាក់ស្គរឆៃយ៉ាំ ចង្វាក់រាំវង់ និងរបាំជនជាតិផ្សេងៗទៀត ដែលនាដការីដ៏ប៉ិនប្រសប់បានសម្ដែងទៅតាមពិធីបុណ្យទាន នារដូវកាលនីមួយៗ។
អូហូ… ប្រសិបើយើងអញ្ជើញទៅទស្សនា នៅភូមិរបរសិប្បកម្មចម្លាក់ឈើវិញ យើងអាចនឹងស្វែងយល់បន្ថែមទៀតអំពីជីវភាព និងការរស់នៅ របស់បងប្អូនខ្មែរក្រោម ដូចជាសិប្បកម្មធ្វើរបាំងមុខ ដាល់អំបុក និងភ្លក់រសជាតិនៃបណ្ដាមុខម្ហូប ពិសេសៗប្រចាំតំបន់… អូហូ… ពិតជារំភើប សប្បាយ ភ្លេចកង្វល់ និងកានឿយហត់អស់រលីង។
ងាកមកពិធីបុណ្យអកអំបុក នៅក្នុងខេត្តត្រាវិញ វិញម្ដង ឱកាសនោះ តែងតែទាក់ទាញភ្ញៀវទេសចរអញ្ជើញមកទស្សនាកម្សាន្ត ចូលរួមរីករាយជាមួយនឹងពិធីបុណ្យអ៊ឹកធិក អ៊ូអរ មិនថា វត្តអង្គររាជបុរី ( ហៅវត្តអង្គ ) នោះទេ វត្តខ្មែរនានាដទៃទៀត ត្រូវបានតុបតែងដោយទង់ជាតិ និងផ្កាចម្រុះពណ៌ ដើម្បីស្វាគមន៍ មានពិធីបុណ្យដង្ហែផ្កា កឋិនទានកាល និងពិធីសប្បាយភាពផ្សេងៗ ។
ក្រៅពីនៅតាមបណ្ដាវត្ត នៅបណ្តាភូមិស្រុកនានា ក៏មានសភាពអ៊ូអរជាមួយនឹងសំឡេងដាល់អំបុក ជាអាហារពិសេសមួយរបស់ជនជាតិខ្មែរក្រោមនៅខេត្តត្រាវិញ។ ពេលនោះភ្ញៀវទេសចរនឹងជក់ចិត្តជាមួយការសាកល្បងចូលរួមដុតភ្លើងលីងអង្ករដំណើប រួចហើយរែងអំបុក គឺយកតែសាច់អំបុកសុទ្ធលាយជាមួយ ដូង ស្ករ រួចហើយនាំគ្នាអកអំបុក… អាហា៎… រសជាតិម្យ៉ាងដែរ ព្រោះថា អង្ករដំណើបថ្មីមានក្លិនក្រអូបឆ្អិតរមួតវេញត្របាញ់ចូលគ្នា មានឆ្ងុយដូង រសផ្អែមនៃស្ករ ធ្វើឱ្យទាក់ទាញអារម្មណ៍ភ្ញៀវទេសចរខ្លាំងណាស់ ។
នាយករងសាលាមធ្យមសិក្សាបាលីខ្មែរ-ត្រាវិញ លោកគ្រូ ស-រ៉ន បានមានប្រសាសន៍ឱ្យដឹងថា នេះជាគម្រោងមួយក្នុងចំណោមគម្រោងវប្បធម៌ទេសចរណ៍ជាច្រើន ប្រកបដោយលក្ខណៈសហគមន៍របស់ខេត្តត្រាវិញ ផ្តោតជាសំខាន់ទៅលើការការអភិវឌ្ឍន៍សមិទ្ធផលផ្សេងៗដើម្បីទាក់ទាញទេសចរណ៍។ យើងអាចហៅថា « ពហុផលិតផលភូមិវប្បធម៌ទេសចរណ៍ » ដោយប្រជាជនខ្មែរក្រោម បានផ្សារភ្ជាប់នឹងភាពស្រស់ស្អាតនៃភូមិឋានទៅនឹងមុខរបរ សមិទ្ធផល បង្កើតឱកាសជាក់ស្តែងជូនភ្ញៀវទេសចរឱ្យជាប់ចិត្តមកកាន់ខេត្តត្រាវិញ ក៏ដូចជាការផ្លាស់ប្តូរវប្បធម៌ជាមួយបងប្អូនជនជាតិខ្មែរក្រោម។
លោកគ្រូ ស-រ៉ន ឱ្យដឹងទៀតថា វត្ថុបុរាណរាប់រយត្រូវបានរក្សាទុកនៅសារមន្ទីរវប្បធម៌ជនជាតិខ្មែរក្រោមខេត្តត្រាវិញ នេះមិនត្រឹមតែជាមោទនភាព របស់អ្នកស្រុកខេត្តត្រាវិញប៉ុណ្ណោះទេ គឺថែមទាំងជាកន្លែងថែរក្សា និងលើកតម្កើងលក្ខណៈវប្បធម៌ជាច្រើនជំនាន់របស់បងប្អូនជនជាតិខ្មែរក្រោមនៅវៀតណាម ជាង ១.៥ លាននាក់ទៀតផង។ លក្ខណៈវប្បធម៌ដ៏ល្អឯករបស់បងប្អូនជនជាតិខ្មែរក្រោមនៅវៀតណាមនេះ គឺជាមូលដ្ឋានគ្រឹះដ៏ចម្បងសម្រាប់បង្កើតឡើងជាផលិតផលទេសចរណ៍ដ៏ទាក់ទាញ ដើម្បីភ្ញៀវជាតិ និងអន្តរជាតិចូលទស្សនា៕រក្សាសិទ្ធិដោយ៖CEN