ភ្នំពេញ÷បុរសម្នាក់បានបាត់បង់ជីវិតបន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍បើករឺម៉កចេញពីការ៉ាសសាំងបម្រុងនឹងបត់ឆ្វេងក៏ត្រូវរថយន្តកុងតឺន័របើកទៅប៉ះបណ្តាលឲ្យជនរងគ្រោះដួលកិនពីខាងលើក្បាលបែកខួរស្លាប់ភ្លាមៗ។ ចំណែកឯម្ចាស់រថយន្តកុងតឺន័របើកបន្តទៅមុខរត់គេចខ្លួនបាត់ស្រមោល។
ហេតុការណ៍នេះដែរបានកើតឡើងនៅវេលាម៉ោង ១០ និង ៣០ នាទីយប់ថ្ងៃព្រហស្បតិ៍ទី ៣១ ខែធ្នូឆ្នាំ ២០២០ស្ថិតនៅតាមបណ្ដោយផ្លូវ ៣៧១ ក្នុងសង្កាត់បឹងទំពុនទី ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សពជនរងគ្រោះ ឈ្មោះ ភឹន ដារ៉ា ភេទប្រុស អាយុ ២៥ ឆ្នាំ មុខរបរជាងពិតាន បច្ចុប្បន្នស្នាក់នៅកន្លែងកើតហេតុខាងលើ មានស្រុកកំណើត នៅស្រុកមេសាង ខេត្តព្រៃវែង។
បើយោយតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានជិះរឺម៉កមួយគ្រឿងមិនមានផ្លាកលេខ ធ្វើដំណើរចេញពីការ៉ាសសាំង TOTAL បត់ឆ្វេងតាមបណ្តោយផ្លូវ៣៧១ប្រុងទៅផ្ទះខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តកុងតឺន័រមួយគ្រឿងមិនចាំផ្លាកលេខធ្វើដំណើរក្នុងទិសដៅពីជើងមកត្បូងមកប៉ះនិងរឺម៉កជនរងគ្រោះបណ្តាលឲ្យដួលរួចកិនចំក្បាលបែកខួរស្លាប់នៅកន្លែងកើតហេតុភ្លាមៗ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងជំនាញចរាចរណ៍ខណ្ឌមានជ័យ ចុះមកធ្វើការវាស់វែងយកម៉ូតូរបស់ជនរងគ្រោះទៅរក្សាទុក និងធ្វើកំណត់ហេតុប្រគល់សពជូនឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកឯរថយន្តបង្កសមត្ថ កិច្ចនិងស្រាវជ្រាវដើម្បីយកមកចាត់ការតាមនីតិវិធី៕រក្សាសិទ្ធិដោយ៖សាមេត