ភ្នំពេញ ៖ បុរសជាជាងធ្វើផ្ទះចំនួនពីរនាក់ បានបោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ពេលដែលកំពុងជិះម៉ូតូមួយគ្រឿង តាមបណ្ដោយផ្លូវជាតិលេខ៦អា ក្នុងទិសដៅពីកើតមកលិច ចូលមកក្នុងរាជធានីភ្នំពេញ ហើយជ្រុលទៅបុកជាមួយនឹងរថយន្តដឹកខ្សាច់មួយគ្រឿង ដែលបានបត់ឆ្លងផ្លូវពេញទំហឹង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៧ និង២៥ នាទីព្រឹក ថ្ងៃទី២ ខែមករា ឆ្នាំ 2021 នៅតាមផ្លូវជាតិលេខ ៦អា ទល់មុខនឹងវត្តចំបក់មាស ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតនោះ ១ ឈ្មោះ ជេ ជាតិ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរជាជាងធ្វើផ្ទះឈើមានស្រុកកំណើតភូមិពោធិ៍ ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម និង២.ឈ្មោះឈឿន ឆោម ភេទប្រុស អាយុ 48 ឆ្នាំ ជាជាងធ្វើផ្ទះដូចគ្នា ស្នាក់នៅភូមិទ្រា ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ពួកគាត់ទាំងពីរនាក់ ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ស៊េរី ឆ្នាំ២០១២ ពណ៌ខ្មៅ ផ្លាកលេខកំពង់ចាម ១J ៨៩៥៥ មួយគ្រឿង បានជ្រុលទៅបុកជាមួយនឹងរថយន្ត ហើយបោកក្បាលនឹងបាក់ក ស្លាប់ទាំងពីរនាក់តែម្ដង ។
ចំណែករថយន្តដឹកខ្សាច់ម៉ាក DONG FENG ពណ៌ស មិនមានឃើញផ្លាកលេខនោះទេ រីឯអ្នកបើករថយន្តបង្កដោយឈ្មោះហៀង គឹមហាក់ ភេទប្រុសអាយុ ២៥ ឆ្នាំ មានទីលំនៅភូមិព្រែកកន្ទួត ឃុំតាឡូ ស្រុកបាកាន ខេត្តពោធិ៍សាត់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន។
តាមសាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះទាំងពីរនាក់ ជិះម៉ូតូមួយគ្រឿង ធ្វើដំណើរតាមផ្លូវជាតិលេខ៦អា ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ស្រាប់តែមកដល់ចំណុចកើតហេតុ ក៏បានជ្រុលទៅបុករថយន្តដែលកំពុងបត់ឆ្លងផ្លូវ ចំពាក់កណ្ដាលពេញទំហឹង បណ្ដាលឲ្យដួលបោកក្បាលនឹងបាក់កស្លាប់ទាំងពីរនាក់។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន ក៏បានចុះទៅដល់ធ្វើការឃាត់ខ្លួន។
អ្នកបើកបរព្រមទាំងរថយន្តបង្ក យកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលបាក់ខែង រួចទាក់ទងទៅជំនាញផ្នែកចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ឱ្យចុះមកធ្វើការវាស់វែងរួចរាល់ ក៏បានប្រគល់រថយន្តបង្កនិងម៉ូតូជនរងគ្រោះ ទៅរក្សាទុកនៅឯការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់។
រីឯសពត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារ ដឹកយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី ៕ រក្សាសិទ្ធិដោយ៖វុត្ថានិងពន្លឺ