ភ្នំពេញ៖ នេះជាករណីទើបបានកើតឡើងទៀតហើយ ខណៈដែលបុរីមានសន្តិសុខយាមកាម២៤ម៉ោងលើ២៤ម៉ោង ផ្តល់ទំនុកចិត្តគួរឲ្យកក់ក្តៅ តែបែរជាតែងបង្កឲ្យកើតមានឣំពើចោរកម្ម ជាពិសេសគឺគាស់ផ្ទះតែម្តង។ ដែលករណីដ៏ហួសចិត្តនេះផងដែរ បានកើតឡើងនៅចំណុចបុរី លឹម ឈាងហាក់ (វាលស្បូវ ) សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយចោរបាន ប្រមូលយកទ្រព្យសម្បត្តិសរុបជាទឹកប្រាក់ឣស់ជាង ២ ម៉ឺនដុល្លារឣាមេរិក។
នេះបើយោងតាមម្ចាស់ផ្ទះរងគ្រោះដែលមានគណនីឈ្មោះ Minea Nea បានបញ្ចេញរូបភាពពីកាមេរ៉ាសុវត្ថិភាព ឲ្យឃើញពីសកម្មភាព មុខមាត់យ៉ាងច្បាស់របស់ចោរ និងសរសេរប្រាប់ឲ្យដឹងថា “នៅវេលាម៉ោង១២និង៣០នាទីអធ្រាត្រថ្ងៃទី៣១ ខែធ្នូ មានករណីចោរធ្វើសកម្មភាពចូលគាស់ផ្ទះរបស់នាងខ្ញុំ ដោយធ្វើការដោះកញ្ចក់ទា្វរក្រោយបន្ទប់លើចុះមកបន្ទប់ក្រោមយកបានទ្រព្យអស់ជាង ២ម៉ឺនដុល្លារ ដោយក្នុងនោះមានទូរស័ព្ទ៤គ្រឿង លុយក្នុងកាបូប នឹងគ្រឿងអលង្គការ ពេជ្រ។
ម្ចាស់ផ្ទះរងគ្រោះខាងលើ ក៏បានអំពាវនាវដល់បងប្អូនរស់នៅក្នុងបុរីទាំងអស់ មានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ព្រោះថានេះមិនមែនជាលើកទី១ទេ ដែលចោរចូលផ្ទះរបស់គាត់ ដោយលើកទី១ គឺមិនបានសម្រេច តែលើកទី២នេះ គឺវាយកបានសម្រេច បើទោះជាបានដឹងថាក្នុងផ្ទះរបស់គាត់គឺមានសមាជិកច្រើនក៏ដោយ ក៏តែវាហាក់មិនញញើត ឬខ្លាចរអានោះទេ។ ម្ចាស់ផ្ទុះក៏បានប្រាប់ឲ្យដឹងនៅក្នុង Comment ផងដែរថា «វាអត់ចូលតាមមុខសោះ ព្រោះមុខទ្វារមានកាម៉េរ៉ា ហើយនៅកណ្តាលផ្ទះ វាផ្តាច់ចោល នៅតែមួយគ្រាប់គត់ដែលអាចមើលវាបាន»។
ក្រោយពីបានឃើញបែបនេះ បងប្អូនមហាជននៅក្នុងបណ្តាញសង្គម បានចូលរួមសោកស្តាយថា៖ «សុំចូលរួមសោកស្តាយផងអូន សង្ឃឹមថាចាប់បានចោរ និងបានទ្រព្យមកវិញខ្លះ, ចូលរួមសោកស្តាយនៅអ្វីដែលបានបាត់បង់ តែជួនពរឲ្យឆ្នាំថ្មីទទួលបានលាភបានជ័យត្រឡប់មកវិញផង»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង