ខេត្តព្រៃវែង ៖គ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តម៉ាកជាំងឡុងបុកម៉ូតូម៉ាកហុងដា C125 ពីក្រោយ ហើយជាប់ម៉ូតូនៅក្រោមរថយន្តបានអូសប្រហែល ១៦០០ ម៉ែត្រក៏បណ្តាលឆេះរថយន្ត និងស្លាប់២នាក់។
នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ បានឲ្យដឹងថា នៅថ្ងៃអាទិត្យ ទី០៣ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ១១និង០០ នាទី នៅចំណុចភូមិត្នោតច្រុះ ឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង ស្ថិតនៅផ្លូវជាតិ១ មានករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តម៉ាកជាំងឡុងពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 3E. 3092 បើកពីទិសខាងកើតមកលិចដោយឈ្មោះ មី សំបូរ ភេទ ប្រុស អាយុ ៤៤ ឆ្នាំ នៅភូមិកំប៉ូវ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង មកដល់ចំណុចខាងលើបានបុកម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1CX. 2400 បើកដោយឈ្មោះ ផុន ចន្ធូភេទ ស្រី អាយុ ៣៦ ឆ្នាំ នៅភូមិពោធិ៍វង្ស ឃុំថ្កូវ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង និងឌុបឈ្មោះ ឆេង ស្រីពេជ្រ ភេទ ស្រី អាយុ ១៨ ឆ្នាំ នៅភូមិជាមួយគ្នា បុកពីក្រោយម៉ូតូហើយជាប់ម៉ូតូនៅក្រោមរថយន្តបានអូសប្រហែល ១៦០០ ម៉ែត្រក៏បណ្តាលឆេះរថយន្ត យើងបានយករថយន្តពន្លត់អគ្គិភ័យជួយអន្តគមន៍ចំនួន ២ រថយន្ត គឺ៖ រថយន្តស្រុកព្រះស្តេចអស់ទឹកចំនួន ០២ រថយន្ត គឺរថយន្តស្រុកកំពង់ត្របែកប្រើទឹកអស់ចំនួន១ រថយន្ត ទើបរលត់អស់មួយរយភាគរយ ។
ចំណែកអ្នកបើកម៉ូតូនិងអ្នករួមដំណើរគឺបានស្លាប់នៅកន្លែងកើតហេតុទាំង២នាក់ ចំពោះរថយន្តនៅកន្លែងឆេះនៅឡើយ ។ យើងបានប្រគល់សាកសពជូនក្រុមគ្រួសារសពទាំងពីរទៅឲ្យធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ