ភ្នំពេញ៖ បុរសម្នាក់បានបើម៉ូតូកង់បីឥណ្ឌារបស់ខ្លួន បំពាននៅភ្លើងស្តុបចរាចរណ៍ បណ្ដាលឲ្យជ្រុលទៅបុកជាមួយនឹងម៉ូតូក្រឡាប់ផ្ងារជើង រងរបួសធ្ងន់ទាំងសងខាង ត្រូវបានបញ្ជូនយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ។
ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ០១ និង ៣០ នាទីរសៀលថ្ងៃទី ០៣ ខែមករា ឆ្នាំ ២០២១ ស្ថិតនៅត្រង់ចំណុចស្តុបផ្លូវបំបែកជាបួន តាមបណ្ដោយផ្លូវព្រះមុនីវង្សកែងនិងផ្លូវ ១០៦ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីសាក្សីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញម៉ូតូម៉ាកហុងដាឌ្រីមសង់ ស៊េរីឆ្នាំ ២០២១ ពណ៌ខ្មៅគ្មានផ្លាកលេខ បើកបរឌុបគ្នាពីរនាក់តាមបណ្ដោយផ្លូវលេខ១០៦ ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចភ្លើងស្តុកខាងលើ ក៏បានបន្តដំណើរទៅមុខទៀត ដោយសារតែបានឃើញភ្លើងសញ្ញាពណ៌បៃតង ដែលខ្លួនត្រូវទៅ ស្រាប់តែមានម៉ូតូកង់បីឥណ្ឌា ពណ៌សមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ1ID-7988 បានបើកបរតាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីជើងទៅត្បូង មកដល់ស្តុបកន្លែងកើតហេតុ ឃើញភ្លើងពណ៌ក្រហមហើយម្ចាស់ម៉ូតូកង់បីឥណ្ឌា មិនបង្អង់ល្បឿនទេ នៅតែមកបំពានទើបជ្រុលទៅបុកនិងម៉ូតូម៉ាកហុងដាឌ្រីមសង់ ពេញទំហឹងបណ្ដាលឱ្យម៉ូតូកង់បីឥណ្ឌារបស់ខ្លួន ក្រឡាប់ផ្ងារជើងនឹងមាននាក់រងរបួសធ្ងន់នឹងស្រាល ចំនួនបួននាក់ ត្រូវបានបញ្ជូនយកទៅសង្គ្រោះភ្លាមៗនៅឯមន្ទីរពេទ្យ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន ក៏បានចុះទៅដល់រួមទាំងសមត្ថកិច្ចចរាចរណ៍ នៅគោលដៅបានចេញមកជួយអន្តរាគមន៍ នឹងធ្វើការវាស់វែងរួចរាល់ក៏បានយកម៉ូតូកង់បីឥណ្ឌា និងម៉ូតូជនរងគ្រោះ មកដាក់អែបខាងដើម្បីដោះស្រាយគ្នា ទៅតាមផ្លូវច្បាប់៕រក្សាសិទ្ធិដោយ៖ហេងវុត្ថា