កណ្តាល÷ បុរសម្នាក់បានបាត់បង់ជីវិត បន្ទាប់ពីជិះម៉ូតូត្រឡប់ទៅផ្ទះវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ត្រូវរថយន្តមិនចាំម៉ាកបើកមកកៀបណ្តាលឲ្យដួលបោកក្បាលនៅនិងថ្នល់ បែកខួរស្លាប់ភ្លាមៗ ។ ចំណែកឯម៉ូតូវិញប៉ើងទៅមុខប្រហែលជា ៥០ម៉ែត្រ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង ១០ និង ៣០នាទីយប់ ថ្ងៃអាទិត្យទី៣ ខែមករា ឆ្នាំ ២០២០ ស្តិតនៅតាមបណ្តោយផ្លូវជាតិលេខ ១ ក្នុងភូមិ ភូមិធំ ឃុំភូមិភូមិធំ ស្រុកគៀនស្វាយ ខេត្តកណ្តាល។
សពជនរងគ្រោះមានឈ្មោះ ស៊ុន ប៊ុនធី ភេទប្រុស អាយុ ៤២ ឆ្នាំ មានប្រពន្ធនិងកូន រស់នៅស្រុកគៀនស្វាយ ខេត្តកណ្តាល។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាក ស្មាក់ វី ពណ៌ក្រហមលាយខ្មៅមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 1CS 3468 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ ១ គោលបំណងត្រឡប់ទៅផ្ទះវិញ ខណៈពេលមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿងទៀត មិនចាំម៉ាកធ្វើដំណើរពីក្រោយក្នុងល្បឿនលឿន ទិសដៅពីជើងមកត្បូងដូចគ្នា បើកមកកៀបណ្តាលឲ្យជនរងគ្រោះដួលបោកក្បាលនៅនិងថ្នល់បែកខួរស្លាប់ភ្លាមៗ។ ចំណែកឯរថយន្តបង្កវិញ បន្តបើកទៅមុខរត់គេចខ្លួនបាត់ស្រមោល។
ក្រោយពេលកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន សហការគ្នាជាមួយនិងជំនាញ ចុះមកដល់រួចធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុក និងធ្វើកណត់ហេតុប្រគល់សព ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែករថយន្តបង្កសមត្ថកិច្ចនិងតាមស្រាវជ្រាវបន្ថែម៕ រក្សាសិទ្ធិដោយ៖ សា មេត