Tuesday, September 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សេដ្ឋកិច្ចកម្ពុជា ឆ្នាំ​២០២១ ត្រូវបាន​ធនាគារជាតិ NBC រំពឹងទុក​ថា អាច​នឹង​ងើប​ឡើងវិញ​ក្នុង​រង្វង់ ៤%

​ភ្នំពេញ​៖ សេដ្ឋកិច្ចកម្ពុជា​នៅ​ឆ្នាំ​២០២១​នេះ ត្រូវបាន​ធនាគារជាតិ​នៃ​កម្ពុជា NBC រំពឹងទុក​ថា អាច​នឹង​ងើប​ឡើងវិញ​នៅក្នុង​រង្វង់ ៤% ក្នុង​ក្តី​រំពឹង​ដែលមាន​ថ្នាំ​វ៉ាក់សាំង​បង្ការ​កូ​វីដ​-១៩ ប្រកបដោយ​ប្រសិទ្ធភាព និង​អាច​ទប់ស្កាត់​ការរីក​រាលដាល​នៃ​មេរោគ​បាន នៅក្នុង​ឆមាស​ទី​១ នៅ​ឆ្នាំ​២០២១​នេះ​។

​របាយការណ៍ វឌ្ឍនភាព ម៉ាក្រូសេដ្ឋកិច្ច និង​វិស័យ​ធនាគារ ឆ្នាំ​២០២០ និង​ទស្សនវិស័យ ឆ្នាំ​២០២១ របស់ ធនាគារជាតិ​នៃ​កម្ពុជា បានបង្ហាញ​ឲ្យ​ដឹង​ទៀតថា ការទទួលបាន​កំណើន​ងើបឡើង​វិញ ក្នុង​រង្វង់ ៤% នៅ​ឆ្នាំក្រោយ​២០២១​នេះ អត្រា​អតិផរណា រំពឹងថា មាន​កម្រិត​ក្រោម ៣% ជា​កម្រិត​ទាប​អាច​គ្រប់គ្រង​បាន ជាមួយនឹង​ស្ថិរភាព​អត្រា​ប្ដូរប្រាក់ និង​ការរក្សាបាន​កម្រិត​ខ្ពស់​នៃ​ទុនបម្រុង​អន្តរជាតិ​។ ដោយឡែក ចំពោះ​ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ​នានា ក៏បាន​ព្យាករ​ពី​កំណើនសេដ្ឋកិច្ច​កម្ពុជា​នៅ​ឆ្នាំ​២០២១​នេះ​ផងដែរ​ថា នឹង​អាច​សម្រេចបាន​រង្វង់​ពី ៤% ទៅ​៦,៨%​។​

​បើតាម​ធនាគារជាតិ​នៃ​កម្ពុជា នៅ​ឆ្នាំ​២០២១​នេះ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ រំពឹងថា សេដ្ឋកិច្ចពិភពលោក អាច​ងើប​ឡើងវិញ ប៉ុន្ដែ​អាច​ប្រឈម នឹង​ភាពមិន​ប្រាក​ប្រជា​ខ្ពស់​។ បញ្ហា​ទាំងនេះ អាច​នឹង​បន្ដ ដាក់​សម្ពាធ លើ​វិស័យ​ខាងក្រៅ​របស់​កម្ពុជា ដែល​ក្នុងនោះ វិស័យ​ទេសចរណ៍ អាច​បន្ដ​ធ្លាក់ចុះ ដោយសារតែ ការទទួលបាន ថ្នាំ បង្ការ ទាមទារ នូវ​ពេលវេលា​, ការលេចចេញ មេរោគ​កូ​វីដ​-១៩ ប្រភេទ​ថ្មី និង​ការភ័យខ្លាច ក្នុង​ការចេញ​ធ្វើដំណើរ​របស់​ភ្ញៀវទេសចរ​អន្តរជាតិ និង​ការថយចុះ​ប្រាក់ចំណូល និង​សន្សំ របស់​ពួកគេ​ជាដើម​។​

​ដោយឡែក​សម្រាប់ វិស័យ​កម្មន្ដសាល រំពឹងថា នឹង​ងើប​ឡើងជា​លំដាប់ ជាពិសេស វិស័យ​កាត់ដេរ សម្លៀកបំពាក់ និង​ស្បែកជើង ខណៈ​វិស័យ កសិកម្ម រំពឹងថា នឹង​បន្ដ​មាន​កំណើន​ល្អ ដូច​ឆ្នាំ​២០២០​ដែរ​។ វិស័យ​សំណង់ និង​អចលនទ្រព្យ រំពឹងថា នឹង​ងើបឡើង​សន្សឹមៗ ស្របពេល ជាមួយនឹង​កំណើន វិនិយោគ ផ្ទាល់​ពី​បរទេស​។​
​វិស័យ​សណ្ឋាគារ ភោជនីយដ្ឋាន ក៏ដូចជា វិស័យ​ដឹកជញ្ជូន នឹង​អាច​បន្ដ​កើនឡើង​វិញ ប៉ុន្ដែ ក្នុង​ល្បឿន​យឺត ដោយសារតែ ការធ្លាក់ចុះ ទេសចរ​អន្តរជាតិ​។​

​សូមបញ្ជាក់ថា នៅ​ឆ្នាំ​២០២០ វិស័យ​ដែល​ទទួលរង​ការធ្លាក់ចុះ​ខ្លាំងជាងគេ គឺមាន វិស័យ​ទេសចរណ៍ ការនាំចេញ​សម្លៀកបំពាក់ និង​ស្បែកជើង បន្ទាប់មក គឺ​វិស័យ​សំណង់ និង​អចលនទ្រព្យ​៕
​រក្សា​សិទ្ធិ​ដោយ​៖CEN


spot_img
×