ខេត្តស្វាយរៀង៖លោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា ព្រមទាំង លោក លោកស្រីក្នុងនាមគណៈកម្មាធិការសាខា និអនុសាខាមួយចំនួនទៀតនៅថ្ងៃទី៤ ខែ មករា ឆ្នាំ ២០២១នេះ បានរៀបចំប្រារព្ធធ្វើពិធីសំណេះសំណាល និងចែកអំណោយ មនុស្សធម៌ដល់ អ្នករស់នៅជាមួយ មេរោគអេដស៍ ជំងឺអេដស៍ និង កុមារកំព្រាដោយសារមេរោគអេដស៍ នៅក្នុងកម្រិត ក្រ១ មកពី ៧ ឃុំ ក្នុងស្រុកស្វាយទាប ចំនួន ២២ គ្រួសារ និង ៦ សង្កាត់ក្នុង ក្រុងស្វាយរៀង និងបុគ្គលិកបណ្តាញចំនួន ២០ គ្រួសារ សរុបចំនួន ៤២ គ្រួសារ ស្ថិតនៅអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្វាយទាប និងនៅអនុសាខាកាកបាទក្រហមកម្ពុជា ក្រុងស្វាយរៀង ។
មានប្រសាសន៍ សំណេះសំណាលក្នុងឱកាសនោះ លោក ម៉ែន វិបុល បានពាំនាំនូវប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក និង មនោសញ្ចេតនាអាណិតស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះប្រជាពលរដ្ឋទាំងអស់ ព្រមទាំងបានផ្តាំផ្ញើឲ្យយកចិត្តទុកដាក់ គិតគូរថែទាំសុខភាពទាំងផ្លូវកាយ-ផ្លូវចិត្តឲ្យបានរឹងមាំ លេបថ្នាំតាមវេជ្ជបញ្ជារ ហើយទម្លាប់រស់នៅធម្មតា តាមបែប គន្លងថ្មី ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងចូលរួមទាំងអស់គ្នា ក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ ក្នុង ទិសដៅបញ្ចប់បញ្ហាអេដស៍ដែលជាការគម្រាមកំហែងដល់សុខភាពសាធារណៈនៅឆ្នាំ ២០២៥ ។
លោកបានថ្លែងអំណរគុណដល់សប្បុរសជនទាំងក្នុង និងក្រៅខេត្តដែលជានិច្ចជាកាលតែងតែបានឧបត្ថម្ភជា សម្ភារៈថវិកាដល់សាខា ដើម្បីមានលទ្ធភាពដោះស្រាយបញ្ហានានាដល់ជនងាយរងគ្រោះ និងរងគ្រោះផ្សេងៗបាន ទាន់ពេលវេលា ។ ហើយសម្ភារៈដែលបានចែកជូននាពេលនេះមានចំនួនតិចតួច មិនអាចឆ្លើយតបទៅនឹងតម្រូវការ របស់បងប្អូននោះទេ ប្រការសំខាន់គឺត្រូវខិតខំប្រកបរបរបន្ថែមតាមជំនាញរៀងខ្លួន តាមរយៈការដាំដំណាំ ចិញ្ចឹមសត្វ ដើម្បីលើកស្ទួយជីវភាពគ្រួសារបានមួយកម្រិត ។ ហើយត្រូវណែនាំកូនចៅឲ្យគោរពច្បាប់ចរាចរណ៍ និងជៀស ឲ្យឆ្ងាយពីគ្រឿងញៀន ។
លោកបាននាំមកនូវសារអំពាវនាវរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងបានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ត្រូវពង្រីកសកម្មភាពផ្សព្វផ្សាយ អប់រំផ្សព្វផ្សាយ លើកកម្ពស់ ការយល់ដឹងពីបញ្ហាអេដស៍ និងជំងឺកូវីដ-១៩ ឱ្យបានដល់សហគមន៍ជនបទ ឲ្យបានទូលំទូលាយ ៕រក្សាសិទ្ធិដោយ៖វ៉ៃកូ