ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់ត្រូវបានដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗ ខណៈពេលជិះម៉ូតូត្រូវរថយន្តបែនដឹកដី បើកបរក្នុងល្បឿនលឿន មកបុកពីខាងក្រោយពេញទំហឹង រួចអូសទៅមុខជាច្រើនម៉ែត្រ រងរបួសដាច់ជើងបញ្ជូនទៅសង្គ្រោះភ្លាមៗ ។ ចំណែកឯអ្នកបើកបរត្រូវសមត្ថកិច្ចឃាត់បាន។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅវេលាម៉ោង ៤ និង ០០ នាទីល្ងាចថ្ងៃចន្ទទី ៤ ខែមករា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ ២១៧ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីខាងសមត្ថកិច្ចចរាចរណ៍ នៅគោលដៅស្ពានដែក បានឱ្យដឹងថា មុនពេលកើតហេតុគាត់បានឃើញបុរសម្នាក់ ជិះម៉ូតូឌ្រីមសង់ស៊េរីចាស់មួយគ្រឿង អត់ផ្លាកលេខ ធ្វើដំណើរតាមបណ្តោយផ្លូវ ២១៧ ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនមធ្យម ខណៈពេលមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តបែនដឹកដីមួយគ្រឿងទៀត ពាក់ផ្លាកលេខ SSP -27 99 ធ្វើដំណើរស្របទិសគ្នាពីខាងក្រោយ ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនយ៉ាងលឿន មកបុកចំពីក្រោយម៉ូតូពេញទំហឹង បណ្តាលឲ្យម៉ូតូចូលក្រោមរថយន្តអូសទៅមុខជាច្រើនម៉ែត ធ្វើឲ្យម្ចាស់ម៉ូតូរងរបួសដាច់ជើងមួយចំហៀង។ សំណាងណាស់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ មិនបាត់បង់ដល់ដល់អាយុជីវិតនោះទេ គ្រាន់តែរងរបួសដាច់ជើងធ្ងន់។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងជំនាញចរាចរណ៍ ចុះមកដល់ធ្វើការវាស់វែង យកម៉ូតូនិងរថយន្ត ទៅរក្សាទុកនិងយកជនបង្កទៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីចាត់ការតាមនីតិវិធីផ្លូវច្បាប់៕រក្សាសិទ្ធិដោយ ៖ សា មេត និងផាន់ណា