ភ្នំពេញ៖ ជនជាតិចិនម្នាក់ បើករថយន្តក្នុងល្បឿនលឿន មកបុកទ្រូងនាគពុះចែកទ្រូងផ្លូវ ពេញទំហឹងបណ្តាលឲ្យបាក់អស់មួយកង់។ ចំណែកតៃកុងរថយន្តត្រូវសមត្តកិច្ចឃាត់បាននៅកន្លែងកើតហេតុ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ កើតឡើងនៅវេលាម៉ោង ១០ និង ២០នាទីយប់ថ្ងៃទី៤ ខែមករា ឆ្នាំ ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវ ២១៧ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីសមត្ថកិច្ចនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានឃើញបុរសជនជាតិចិនម្នាក់បានបើករថយន្ត lexus RX 350 មួយគ្រឿងពណ៌ទឹកមាស ធ្វើដំណើរតាមបណ្តោយផ្លូវ២១៧ ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ក៏រេចង្កូតជ្រុលទៅបុកទ្រូងនាកពុះចែកផ្លូវ បណ្តាលឲ្យបាក់មួយកង់ ចំណែកឯរថយន្តវិញ រងការខូចខាតដាច់កង់ពីចំហៀងខាងស្តាំ ទៅមុខលែងរួច។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងជំនាញចរាចរណ៍ខណ្ឌ៧មករា ចុះមកដល់ទីតាំងកន្លែងកើតហេតុ
រួចប្រគល់តួនាទីនេះ ទៅឲ្យខាងចរាចរណ៍ជំនាញក្រុង ចុះមកធ្វើការវាស់វែង និងយករថយន្តស្ទូចមកស្ទូចយករថយន្តបង្កហេតុខាងលើ ទៅរក្សាទុកនៅខាងចរាចរណ៍ក្រុង រង់ចាំដោះស្រាយនៅពេលក្រោយ៕រក្សាសិទ្ធិដោយ៖ សា មេត