ភ្នំពេញ៖ នេះជាវីដេអូដ៏សាហាវ និងគួរឲ្យសរសើរជាខ្លាំង ចំពោះកម្លាំងអន្តរាគមន៍ពិសេស របស់អធិការដ្ឋានខណ្ឌមានជ័យ ដែលបានជិះម៉ូតូប្រដេញតាមចាប់ជនសង្ស័យ២នាក់ បន្ទាប់ពីធ្វើសកម្មភាពកាច់បំបែកសោកម៉ូតូឌ្រីមសង់១គ្រឿង របស់ប្រជាពលរដ្ឋបានសម្រេច។
ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ ១១ ថ្ងៃត្រង់ ថ្ងៃទី៤ ខែមករា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៣៧១ នៅចំណុចមុខក្រុមហ៊ុន វ៉ាយនែតជ្រល សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
យោងតាមរយៈវីដេអូជាក់ស្តែង និងក៏ដូចប្រភពព័ត៌មានបានឲ្យដឹងថា ខណៈពេលដែលកម្លាំងអន្តរាគមន៍ កំពុងល្បាតនៅក្នុងមូលដ្ឋាន ក៏ស្រាប់តែបានឃើញម្ចាស់ម៉ូតូ និងក៏ដូចប្រជាពលរដ្ឋស្រែកឆោឡោ ចោរៗ ភ្លាមៗនោះកម្លាំងអន្តរាគមន៍ ក៏បានប្រដេញតាមជនសង្ស័យ២នាក់ ជិះម៉ូតូម្នាក់១គ្រឿង យ៉ាងប្រកៀកប្រកិត រហូតចូលដល់ក្នុងផ្សារពោធិញាណ (ភូមិប្ញស្សី) ជនសង្ស័យម្នាក់បានជិះបុកម៉ូតូប្រជាពលរដ្ឋដួល ហើយព្យាយាមគេចខ្លួនរត់ចោលម៉ូតូ ប៉ុន្តែរត់មិនរួច ត្រូវប្រជាពលរដ្ឋនៅក្នុងផ្សារជួយចាប់បានម្នាក់។
ចំណែកបក្ខពួកម្នាក់ទៀត ដែលជិះម៉ូតូរបស់ជនរងគ្រោះពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1FN-5732 បានជិះរត់គេចខ្លួនចេញតាមច្រកក្ខោងទ្វារវត្តពោធិញាណ រួចបត់ឆ្ពោះទៅផ្លូវស្ពានដែក តែបាត់ស្រមោលនៅម្តុំការ៉ាស់សាំងភូមិប្ញស្សី ដោយសារតែនៅតាមផ្លូវ ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ខ្វែងខ្វាត់ច្រើន ជាហេតុធ្វើឲ្យកម្លាំងអន្តរាគមន៍ពិបាកក្នុងការប្រដេញតាម។
តែទោះយ៉ាងណា ប្រជាពលរដ្ឋពិតជាសម្តែងនូវការកោតសរសើរខ្លាំងណាស់ ចំពោះកម្លាំងអន្តរាគមន៍ ដែលបានព្យាយាមប្រដេញតាមចាប់ចោរ ដោយពុំគិតពីគ្រោះថ្នាក់ខ្លួនឯង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង