Saturday, August 20, 2022

កំពង់ផែ​ទេសចរណ៍​កោះទន្សាយ នៅ​ខេត្ត​កែប តម្លៃ​ជាង​១​លាន​ដុល្លារ សម្រេចការ​សាងសង់​បាន​ជាង​៤០​ភាគរយ​ហើយ​មកដល់​បច្ចុប្បន្ននេះ

spot_img

​កែប​៖ ការសាងសង់​កំពង់ផែ​ទេសចរណ៍​កែប កោះទន្សាយ និង​អគារ​លក់​សំបុត្រ​ព្រមទាំង​កន្លែង​រង់ចាំ ដំណើរការ​សាងសង់​បាន​ជាង​៤០%​ហើយ នៅលើ​ទីតាំង​ផែ​ចាស់ ស្ថិតក្នុង​ភូមិ​កែប សង្កាត់​កែប ក្រុងកែប ខេត្ត​កែប ដែលមាន​រូបរាង​ជា ក្តាម មាន​ប្រវែង​ពី​ដីគោក ចូលទៅក្នុង​សមុទ្រ​ចម្ងាយ ៣០៦​ម ទទឹង​៦៨​ម មាន​ផ្ទៃក្រឡា​សរុប​ជាង​៤​ពាន់​ម៉ែត្រការ៉េ (៤៦៦១.៥០​ម​២) ប្រើប្រាស់​ថវិការ​សាងសង់​សរុប​ជាង ៤,៨៧២,០០០,០០០)​រៀល ដែល​ស្មើ​និង​ប្រមាណ​ជាង​១​លាន​ដុល្លារ​អាមេរិក​។​

​លោក តា​ត់ ស៊ុនហួត អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវទឹក ផ្លូវ​សមុទ្រ និង​កំពង់ផែ បានឱ្យដឹងថា កំពង់ផែ​ទេសចរណ៍​កោះទន្សាយ ជា​កំពង់ផែ​ដែល​បាន​បើក​ដំណើរការ​សាងសង់ តាំងពី​ចុងខែ​ធ្នូ ឆ្នាំ​២០១៨​មក​ម្លេះ ហើយ​គ្រោង​បញ្ចប់​នៅ​ខែ វិច្ឆិកា ឆ្នាំ​២០១៩ តែដោយសារ​បញ្ហាយឺតយ៉ាវ​លើ​បច្ចេកទេស​បុកគ្រឹះ ណាមួយ​បញ្ហា​ជំ​ងឹ​កូ​វីដ​១៩​ផង ទើប​ពន្យា​ពេលមកដល់​ពេលនេះ​។

​លោក​បញ្ជាក់ថា ការសាងសង់​កំពង់ផែ​នេះ សម្រាប់តែ​បម្រើអោយ​វិស័យ​ទេសចរណ៍​តែមួយ​មុខ​ប៉ុណ្ណោះ ដោយឡែក​ការដឹកជញ្ជូន​ទំនិញ​ផ្សេងៗ​មិនអាច​ប្រើប្រាស់​កំពង់ផែ​នេះ​បានឡើយ ព្រោះ​ផែ​នេះ​មាន​ទម្ងន់​ផ្ទុក​មិនអាច​លើសពី​១៥​តោន​នោះទេ មិនមែនជា​ប្រភេទ​ផែ​ធន់​ធ្ងន់​សម្រាប់​បម្រើឱ្យ​ការដឹកជញ្ជូន​នោះឡើយ​។ លោក​បញ្ជាក់ថា កំពង់ផែ​នេះ មានលទ្ធភាព​អាច​ទទួល​ចត​នាវា​ដែល​អាច​ដឹង​មនុស្ស​បាន​ក្រោម​៣០០​នាក់​។​

​ក្រោម​គោលនយោបាយ​លើកកម្ពស់​វិស័យ​ទេសចរណ៍​នៅ​ទូទាំង​ខេត្ត​កែប ឱ្យ​ក្លាយជា​ទីក្រុង​អាស៊ាន​ឈានមុខ​គេ បច្ចុប្បន្ននេះ ក្រៅពី​គម្រោង​ស្ដារ និង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​នានា​នៅ​ទូទាំង​ខេត្ត ក្រុង ទាំងមូល រួមមាន​ការអភិវឌ្ឍ ផ្លូវថ្នល់ តំបន់ឆ្នេរ និង​តំបន់​ទេសចរណ៍ធម្មជាតិ​ផ្សេងៗ​ទៀត​នៅ​ទាំង​១៣​កោះ គម្រោង​ជួសជុល និង​សាងសង់​លម្អ​បន្ថែម​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​កោះទន្សាយ ដែលមាន​តម្លៃ​ជាង​១​លាន​ដុល្លារ​នេះ សម្រេចបាន​ជាង​៤០​ភាគរយ​ហើយ​។​

​រដ្ឋបាលខេត្ត​មាន​ជំនឿ​ជឿជាក់ថា ក្រោយពី​បញ្ចប់​ការសាងសង់​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​មួយ​នេះ គួបផ្សំ​នឹង​ការកែលម្អ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​នានា ខេត្ត​នៃ​តំបន់ឆ្នេរ​មួយ​ដែលមាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​មួយ​នេះ​នឹង​កាន់​តែមាន​សក្ដានុពល​ខ្លាំង ក្នុងការ​ទាក់ទាញ​កំណើន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ជាពិសេស​ក្រោយ​វិបត្តិ​នៃ​ជំងឺ Covid-19 ត្រូវបាន​បញ្ចប់ ខណៈដែល​កាលពី​ឆ្នាំ​២០១៩​កន្លងទៅ កំណើន​នៃ​ចំនួន​ទេសចរ​សរុប​មកលេង​ខេត្ត​នេះ មាន​ចំនួន​រហូតដល់​ជិត ២​លាន​នាក់​រួចទៅហើយ​។​

​គួរ​បញ្ជាក់ថា ប​ច្ច​ប្បន្ន​កំពង់ផែ​មួយ​នេះ ត្រូវបាន​រដ្ឋបាលខេត្ត​កែប ដាក់​ជូ​ល​ឱ្យទៅ​វិស័យ​ឯកជន​ជា​អ្នកគ្រប់គ្រង ដោយ​កាលពី​ថ្ងៃទី​២៣ ខែ​វិច្ចិការ ឆ្នាំ​២០២០ រដ្ឋបាលខេត្ត​កែប តាមរយៈ​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​បើក​ការដេញថ្លៃ​កំពង់ផែ​នេះ និង​ទីតាំង​សំខាន់ៗ​របស់​ខេត្ត​ចំនួន​៣​ទៀត ឱ្យទៅ​វិស័យ​ឯកជន ដោយ​ក្នុងនោះ លោកស្រី ខេង ស្រី ជា​អ្នកដេញថ្លៃ​បាន​លើ​ការគ្រប់គ្រង​ចំណត​ជន​យានយន្ត ផែ​កែប កោះទន្សាយ ក្នុងតម្លៃ ១០​លាន ៣០​ម៉ឺន​រៀល រយៈពេល​ពេញ​មួយឆ្នាំ​៕
​រក្សា​សិទ្ធិ​ដោយ​៖CEN