Sunday, May 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អំពៅ​ឆ្នាំនេះ នាំចេញ​ទៅ​ថៃ កំពុងមាន​ទីផ្សារ​ល្អ និង​មានតម្លៃ​ខ្ពស់​

spot_img

​ភ្នំពេញ​៖ កសិករ​ដាំ​អំពៅ នៅតាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា បាន​អះអាងថា អំពៅ​កំពុង​មានតម្លៃ​ខ្ពស់ ក្នុង​ការនាំ​ចេញទៅ​ប្រទេស​ថៃ​។ ប្រជាកសិករ​នៅ​ខេត្តបន្ទាយមានជ័យ លោក អ៊ុ ម៉ាប់ បានឱ្យដឹងថា តម្លៃ​អំពៅ​ឆ្នាំនេះ កំពុងមាន​ទីផ្សារ​ល្អ និង​មានតម្លៃ​ខ្ពស់​។​
​លោក​បាន​បន្តថា កសិករ​បាននាំគ្នា ដាំ​ដើម​អំពៅ​ជាច្រើន សម្រាប់​នាំចេញ​ទៅកាន់​ប្រទេស​ថៃ ដែល​ស្ថិតក្នុង​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ ហើយ​កំពុង​សប្បាយ​ចិត្តនឹង​តម្លៃ​អំពៅ​ឆ្នាំនេះ ដោយ អំពៅ​ក្នុង​មួយ​តោន លក់បាន​តម្លៃ ១,០០០​បាត (​ប្រាក់​ថៃ​) ស្មើនឹង ១៣០,០០០​រៀល ដោយ​តម្លៃ​ឆ្នាំនេះ ខ្ពស់ជាង​ឆ្នាំមុន ដែល​ក្នុង​មួយ​តោន នៅ​ដើមដៃ ដូចគ្នា លក់បាន​តម្លៃ​តែ ៨,០០០​បាត ឬ​ស្មើនឹង ១០៥,០០០​រៀល ប៉ុណ្ណោះ​។​

​លោក អ៊ុ ម៉ាប់ កសិករ​រស់នៅ​ក្នុងភូមិ​សិលា​ខ្មែរ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ការប្រមូល​ផល អំពៅ​ឆ្នាំនេះ មាន​ទីផ្សារ​ល្អ ដែល​អំពៅ​ប្រភេទ (​ខេ​២១) ជា​អំពៅ​សម្រាប់​លក់​ក្នុងស្រុក (​កិន​ជា​ទឹកអំពៅ​ផ្អែម​) និង​នាំ​ចេញទៅ​ប្រទេស​ថៃ ចូល​រោងចក្រ​ផលិត​ជា​ស្ករស ដោយសារ​អំពៅ​ប្រភេទ​នេះ មាន​រសជាតិ​ផ្អែម​ល្អ កំពុងមាន​តម្លៃ​ខ្ពស់ ក្នុង​ការនាំ​ចេញទៅ​ថៃ​។​
​កសិករ​រូបនេះ បាន​បញ្ជាក់ថា អំពៅ​ប្រភេទ ខេ​២១​នេះ មាន​ប្រវែង​ចាប់ពី ២​ទៅ​២.៥​ម៉ែត្រ​។ ចំពោះ​ការដាំដុះ​វិញ គ្រាន់តែ​ដាក់​ជី ភ្ជួរ​ដី​លុប​គល់ និង​បាញ់ថ្នាំ​សម្លាប់​ស្មៅ ឬ​សត្វល្អិត​ប៉ុណ្ណោះ​។ ក្នុង​ទំហំ​ដី​មួយ​រ៉ៃ អាច​ប្រមូល​ផល​អំពៅ បាន​ពី ២៥​តោន ទៅ ៣០​តោន​។ ចំពោះ ការដាំ​ម្ដង អាច​ប្រមូល​ផល​បាន​ពី ៣ ទៅ​៤​លើក និង​ប្រើ​រយៈពេល ៩​ខែ​ប៉ុណ្ណោះ សម្រាប់​ការប្រមូល​ផល​ម្ដង​។

​បើ​យោងតាម​បទពិសោធ​នៃ​ការដាំ​អំពៅ​របស់​កសិករ​ខាងលើ ដែល​ចំណាយពេល​អស់​រយៈពេល​ជិត ៦​ឆ្នាំ​មកនេះ បានឱ្យដឹងថា ការធ្លាក់​ថ្លៃ ឬ​ឡើងថ្លៃ គឺ​អាស្រ័យ​លើ​គុណភាព រសជាតិ​អំពៅ ដោយនៅ​ដើមដៃ​មួយ​តោន​តម្លៃ ១០០០​បាត អាច​ឡើងថ្លៃ​ដល់​មួយ​តោន​តម្លៃ ១៣០០​បាត ក៏មាន​។ តម្លៃ​អំពៅ​បច្ចុប្បន្ន គឺ​នៅ​ថេរ​នៅឡើយ​។ ហើយ​អំពៅ​ដើម​កាន់តែ​ចំណាស់​បន្តិច​កាន់តែ​ផ្អែម និង​មានតម្លៃ​កាន់តែ​ខ្ពស់​៕
​រក្សា​សិទ្ធិ​ដោយ​៖CEN


spot_img
×