ខេត្តស្វាយរៀង៖លោក ណុប ចំរើន អភិបាលក្រុងស្វាយរៀង នៅព្រឹកថ្ងៃទី ៦ ខែមករា ឆ្នាំ២០២១ នេះបានអញ្ជើញចុះពិនិត្យ និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលប្រកបមុខរបរដាំដំណាំ បន្លែ ចិញ្ចឹមត្រី និងធ្វើស្រូវប្រាំងក្នុងក្រុងស្វាយរៀង។
អញ្ជើញរួមដំណើរមានលោកនាយករងរដ្ឋបាលសាលាក្រុង លោកប្រធាន អនុប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ លោកអនុប្រធានការិយាល័យផែនការ និងគាំទ្រសង្កាត់ ក្រុមប្រឹក្សាសង្កាត់ និងមេភូមិ។
ក្នុងឱកាសនោះលោកអភិបាលក្រុង បានអញ្ជើញចុះពិនិត្យការធ្វើស្រូវប្រាំងរបស់លោក ឆែម សុភាព កសិករធ្វើស្រូវប្រាំង នៅភូមិគយត្របែក សង្កាត់គយត្របែក។
លោក ឆែម សុភាព បានបញ្ជាក់ថា នេះជាលើកទី១ហើយ ដែលលោកបានជួលដីបងប្អូនប្រជាពលរដ្ឋចំនួន២០ហិកតា នៅភូមិគយត្របែក សង្កាត់គយត្របែក សម្រាប់ធ្វើស្រូវប្រាំង និងមានគម្រោងដាំបន្លែត្រសក់បន្ថែមទៀត។ លោកបានបន្ថែមទៀតថា ចំពោះទិន្នផលស្រូវ(ពូជ54-51)នេះ នឹងទទួលបានចន្លោះពី៥ ទៅ ៦តោន ក្នុង១ហិកតា។
ក្រោយពីការចុះពិនិត្យការធ្វើស្រូវប្រាំងរួចមកលោកអភិបាលក្រុង បានបន្តចុះពិនិត្យទីតាំងចិញ្ចឹមត្រី របស់លោកស្រី យិន សុភី នៅភូមិចុងព្រែក សង្កាត់ស្វាយរៀង មានចំនួន១៥អាងត្រី តាមការបញ្ជាក់របស់លោកស្រីបានឲ្យដឹងថា ក្នុង១អាងត្រី មាន១៤.០០០ក្បាល(៣៥០កូន/គីឡូក្រាមគុណ៤០គីឡូក្រាម/អាង) ។
ជាកិច្ចបន្តមកទៀត លោកអភិបាលក្រុង និងក្រុមការងារ បានបន្តចុះជួបប្រជាពលរដ្ឋដាំដំណាំស្ពៃឆៃថាវ នៅភូមិស្វាយ សង្កាត់ចេក របស់លោកស្រី ម៉ុក សាម៉ុន ចំនួន៤ហិកតា លោកស្រីបានបញ្ជាក់ថា មើមឆៃថាវនេះគឺសម្រាប់ធ្វើជ្រក់លក់នៅលើទីផ្សារក្រុងស្វាយរៀង ហើយការដាំដំណាំប្រភេទនេះ គឺធ្វើតាមរដូវកាល ក្រៅពីនោះលោកស្រីក៏មានដាំដំណាំផ្សេងៗទៀត ដូចជា ត្រសក់ សណ្ដែកគូរ ល្ពៅ ឃ្លោក ត្រឡាចជាដើម។
លោក ណុប ចំរើន អភិបាល ក្រុងស្វាយរៀង បានមានប្រសាសន៍ថ្លែងអំណរគុណកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងប្រកបមុខរបរទាំងនេះ និងបានលើកទឹកចិត្ត ជំរុញឲ្យមានការដាំដុះដំណាំគ្រប់ប្រភេទ និងចិញ្ចឹមសត្វផងដែរ សម្រាប់ផ្គត់ផ្គង់លើទីផ្សារក្នុងស្រុក ដើម្បីបង្កើនប្រាក់ចំណូលគ្រួសារ រួមចំណែកកាត់បន្ថយភាពក្រីក្រ លើកកម្ពស់កម្រិតជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋបានមួយកម្រិតផងដែរ។
លោកអភិបាលក្រុងស្វាយរៀង បានណែនាំដល់លោកប្រធានការិយល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ ជួយរកដៃគូរសម្រាប់ផ្គត់ផ្គង់ទីផ្សារលក់ចេញ និងជួយគាំទ្រផ្ដល់បច្ចេកទេសបន្ថែមទៀតជូនដល់ពួកគាត់។
លោក ណុប ចំរើន បានធ្វើការក្រើនរំលឹកដល់បងប្អូនទាំងអស់ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ចូលរួមសហការទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល។ ក្នុងឱកាសនោះ លោកអភិបាលក្រុង ក៏បានផ្ដល់ជូននូវម៉ាសការពារចំនួន ៥ប្រអប់ ផងដែរជូនដល់ពួកគាត់ទាំង៣គ្រួសារ៕រក្សាសិទ្ធិដោយ៖ វ៉ៃកូ