ខេត្តស្វាយរៀង៖មន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តស្វាយរៀង (ក ប ប) ដឹកនាំដោយលោក ផឹង និល ប្រធានសាខាខេត្ត នៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យទំនិញផលិតផលម្ហូបអាហារ និងទំនិញវិចខ្ចប់ស្រាប់ នៅតាមបណ្ដាស្តង់ដាក់ តាំងលក់ក្នុងផ្សារដូនស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
លោក ផឹង និល បានឲ្យដឹងថា ថ្ងៃនេះមន្ត្រីជំនាញ បានពិនិត្យគ្រឿងឧបភោគ បរិភោគនៅតាម ស្តង់ក្នុងផ្សារតាំងលក់ទំនិញមួយចំនួន និងបានប្រើប្រាស់ឧបករណ៍ធ្វើ Test Kits បឋមលើម្ហូបអារហា ចំនួន៣២គំរូ ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។
លោកបានបន្តថា ជាមួយគ្នានោះ មន្ត្រីជំនាញ ក៏បានចុះតាមស្ថានីយ៍ប្រេងឥន្ទនៈ បិទ និង ចែកខិតប័ណ្ណផ្សព្វផ្សាយលើខ្លឹមសារ (ការស្វែងយល់ដឹងអំពីអំពើ មិនសុចរិតក្នុងធុរកិច្ចពាក់ព័ន្ធ និងប្រេងឥន្ទនៈ) និងពន្យល់ពីរបៀប Scan QR Code ដែលមាននៅលើខិតប័ណ្ណ ដើម្បីទាញយកឯកសារ និងបទញ្ញាត្តិផ្សេងៗ។
លោកបានបញ្ជាក់ថា ជាលទ្ធផលក្រោយការចុះអនុវត្តការងារ មន្ត្រីជំនាញ បានរកឃើញទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ដូចជាពពុះសណ្ដែកចំនួន ២គីឡូក្រាម មានសារធាតុគីមីបូរ៉ាក់ ស្ករគ្រាប់ចំនួន១០កញ្ចប់ នំពងទាចំនួន១០ថង់ (១៥គីឡូក្រាម) ចាហួយដូងចំនួន៨ធុង (១៦គីឡូក្រាម) ទឹកសៀង ចំនួន១១ ដបទឹកភេសជ្ជៈ ម៉ាក ស្ទីង ចំនួន១២ដប ទឹកក្រូចឆ្មា ចំនួន១០ដប នំបាញ់ត្រាង ចំនួន១៥គីឡូក្រាម។
លោកបានបន្ថែមថា ទំនិញដែលខូចគុណភាពទាំងនេះ ត្រូវបានមន្ត្រីជំនាញ ធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះ យកមករក្សាទុកដើម្បីធ្វើការដុតកម្ទេចចោល នៅពេលក្រោយ។
លោក ផឹង និល បានអំពាវនាវដល់អាជីវករ ត្រូវសហការជាមួយមន្ត្រីជំនាញ ក្នុងធ្វើតេស្តរកសារធាតុគីមីហាមឃាត់ និងរកទំនិញដែលខូចគុណភាព ដើម្បីធានាបានសុវត្ថិភាពចំណីអាហារ ដល់ប្រជាពលរដ្ឋក្នុងការលើកកម្ពស់សុខមាលភាព ទាំងអ្នកប្រើប្រាស់ និងអ្នកលក់៕រក្សាសិទ្ធិដោយ៖ វ៉ៃកូ