កណ្តាល៖ ដូចដែលប្រិយមិត្តបានទទួលជ្រាបរួចហើយ យុវតីជាសិស្សសាលាវ័យ១៨ឆ្នាំម្នាក់ ត្រូវឃាតករចាក់សម្លាប់គ្មានញញើតដៃ ស្ថិតនៅក្នុងបន្ទប់ផ្ទះជួលមួយកន្លែង ក្នុងភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ដែលធ្វើឲ្យមហាជនសម្តែងនូវក្តីស្លុតរន្ធត់ និងអាណិតអាសូរជាពន់ពេក កាលពីវេលាម៉ោងប្រមាណ ៧ ព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០០២។
យុវតីរងគ្រោះមានឈ្មោះ ផេង បញ្ញា ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅភូមិ-សង្កាត់កើតហេតុ។ ចំណែកជនសង្ស័យឈ្មោះ ទូច សុជាតិ ហៅម៉ាប់ ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិសង្កាត់កើតហេតុផងដែរ ត្រូវបានចាប់ខ្លួនភ្លាមៗ ក្រោយធ្វើសកម្មភាពដ៏សាហាវនេះរួច។
ប្អូនប្រុសជនរងគ្រោះមានឈ្មោះ ផេង រិនណារ៉ុង អាយុ១០ឆ្នាំ បានប្រាប់សមត្ថកិច្ចឲ្យដឹងថា នៅមុនកើតហេតុ វេលាម៉ោងប្រហែលជា ៦ ព្រឹក ខណៈឪពុកម្តាយរបស់ពួកគេចាកចេញទៅធ្វើការអស់ រូបគេ និងបងស្រីរងគ្រោះ នៅបន្ទប់តែ២នាក់។ បន្ទាប់មក បងស្រីជាជនរងគ្រោះ ក៏បានប្រើប្អូនប្រុសទៅទិញបាយស្រូប យកមកហូបទាំងអស់គ្នា។ នៅពេលវិលត្រឡប់មកវិញ ក៏ឃើញបងស្រីរងគ្រោះ និងជនសង្ស័យ កំពុងនៅក្នុងបន្ទប់ជាមួយគ្នា។ ខណៈនោះ ជនរងគ្រោះក៏បានប្រាប់ទៅប្អូនប្រុសកុំអាលចូល ហើយស្របពេលនោះ ជនសង្ស័យក៏បានបន្តប្រើឲ្យទៅទិញបារីសេក ៥០០ រៀល។
នៅពេលត្រឡប់មកពីទិញបារីពាក់កណ្តាលផ្លូវ ប្អូនប្រុសជនរងគ្រោះក៏ឃើញជនសង្ស័យឈរនៅផ្លូវចូលមុខបន្ទប់ជួល ហើយរូបគេក៏ហុចបារីឲ្យ និងរួចហើយក៏បង្ហូសទៅបន្ទប់ជួលខ្លួនវិញ។ ប៉ុន្តែ ពុទ្ធោ រូបគេពិតជាស្លុតរន្ធត់ខ្លាំងណាស់ នៅពេលឃើញបងស្រីដេកដួលក្នុងថ្លុកឈាម។ ភ្លាមៗនោះ ប្អូនប្រុសជនរងគ្រោះបានស្រែកហៅឲ្យជនសង្ស័យមកជួយមើល ហើយជនសង្ស័យក៏បានស្រែកហៅអ្នកជិតខាងឲ្យជួយ និងក៏បានបីនាំយកនាងទៅមន្ទីរពេទ្យ ដ៏ធ្វើជាស្លុតរន្ធត់ជាខ្លាំង។ តែទោះយ៉ាងណា ឈាមស្រែកស្បែកហៅ ជនសង្ស័យជាឃាតករូបនេះ ត្រូវបានសមត្ថកិច្ចជជីកសួរ រហូតឆ្លើយសារភាព នូវអំពើដែលខ្លួនបានប្រព្រឹត្តមកលើយុវតីរងគ្រោះតែម្តង។
ជនសង្ស័យរូបនេះ បានឆ្លើយសារភាពនៅចំពោះមុខសមត្ថកិច្ចថា ខ្លួនពិតជាបានយកកាំបិតចុងស្រួចដងជ័រ ពណ៌ខ្មៅ ចាក់សម្លាប់ជនរងគ្រោះប្រាកដមែន ដោយបានចាក់ជាច្រើនកាំបិតលើដើមទ្រូង និងពោះ បណ្តាយឱ្យដេកស្លាប់ក្នុងថ្លុកឈាម។ ជនសង្ស័យរូបនេះបានរៀបរាប់បន្តថា ដោយសារតែខ្លួនធ្លាប់ចាប់រំលោភជនរងគ្រោះ ហើយជនរងគ្រោះមានបំណងចង់ប្រាប់ដល់ម្តាយឱ្យបានដឹង និងថ្ងៃកើតហេតុចង់រំលោភម្តងទៀត ប៉ុន្តែជនរងគ្រោះបានប្រកែកមិនព្រម និងណាមួយខ្លាចឪពុកជនរងគ្រោះដឹងវាយសម្លាប់ខ្លួនចោល ក៏សម្រេចចិត្តចាក់សម្លាប់នាងចោលតែម្តង។
ទោះយ៉ាងណា បច្ចុប្បន្ន ជនសង្ស័យត្រូវសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕ រក្សាសិទ្ធិដោយ៖ លឹម ហុង