ភ្នំពេញ៖ ឯកឧត្ដម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ លើសេចក្តីព្រាងច្បាប់ ស្តីពីវិនិយោគថ្មីនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីក្រុមការងារ សម្រាប់ចូលរួមរៀបចំច្បាប់វិនិយោគ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដឹកនាំដោយឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងឯកឧត្តម លោកជំទាវ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ នារសៀលថ្ងៃពុធទី៦ ខែមករា ឆ្នាំ២០២១នៅក្រុមប្រឹក្សាអភិវឌ្ឍ៍កម្ពុជា។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា កិច្ចប្រជុំពិគ្រោះយោបល់នេះ មានគោលបំណងស្វែងរកធាតុចូលបន្ថែមពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីកែសម្រួល និង/ឬ សម្រួចខ្លឹមសារនៃសេចក្តីព្រាងច្បាប់ ស្តីពីវិនិយោគថ្មីនេះ ឱ្យកាន់តែល្អប្រសើរថែមទៀត ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល មុននឹងបន្តនីតិវិធីនៅគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ព្រមទាំងយន្តការរៀបចំតាក់តែងច្បាប់ផ្សេងទៀត ដែលមានជាធរមាន ។
សូមបញ្ជាក់ផងដែរថា កន្លងមក នៅមុនពេលកិច្ចប្រជុំពិគ្រោះយោបល់នេះ, សេចក្ដីព្រាងច្បាប់នេះត្រូវបានពិនិត្យ និង ពិភាក្សាយ៉ាងលម្អិតដោយក្រុមការងារចម្រុះ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ ជាមួយនេះ សេចក្ដីព្រាងច្បាប់នេះក៏ត្រូវបានក្រុមការងារផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច (ក្រុម “ឃ”) នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន, កាលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០, ក្រោមអធិបតីភាពឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាសហប្រធានក្រុម “ឃ” បានយកមកពិនិត្យពិភាក្សាជាមួយតំណាងផ្នែកឯកជន និង ទទួលធាតុចូលបន្ថែម រួចរាល់ផងដែរ ។
សេចក្តីព្រាងច្បាប់ស្តីពីវិនិយោគ ថ្មីនេះត្រូវបានរៀបចំឡើង តាមការចង្អុលបង្ហាញរបស់ឯកសារ គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ ២០១៥-២០២៥ និងប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងវេទិការាជរដ្ឋាភិបាល ផ្នែកឯកជនលើកទី១៨ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ ក្នុង គោលបំណងធ្វើឱ្យច្បាប់វិនិយោគកម្ពុជា កាន់តែមានភាពទាក់ទាញ និងប្រកួតប្រជែង សំដៅអភិវឌ្ឍសង្គម សេដ្ឋកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
គួររំលឹកថាច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជាត្រូវបានអនុម័តឱ្យប្រើប្រាស់ នៅឆ្នាំ១៩៩៤ និងបានធ្វើវិសោធនកម្មកាលពីឆ្នាំ២០០៣៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ