ភ្នំពេញ៖ ទោះបីជាស្ថិតក្នុងបរិបទដែលប្រទេសកម្ពុជា ក៏ដូចជាបណ្តាប្រទេសដទៃទៀតកំពុងប្រយុទ្ធប្រឆាំងនឹងនៃជំងឺកូវីដ១៩ និងការធ្លាក់ចុះនៃការដើរកម្សាន្តរបស់ភ្ញៀវទេសចរជាសកលក៏ដោយក្តី ក៏វិយោគិននៅតែបន្តបណ្តាក់ទុនវិនិយោគលើឧស្សាហកម្មសណ្ឋាគារ ដោយពួកគេជឿជាក់លើការអភិវឌ្ឍនៃវិស័យទេសចរណ៍ និងអនាគតសេដ្ឋកិច្ចរបស់ព្រះរាជាណាចក្រកម្ពុជា។
សណ្ឋាគារ ផ្កាយ៥ លំដាប់អន្តរជាតិ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ នឹងចាប់ផ្តើមបើកទទួលការកក់របស់ភ្ញៀវពីថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២១ ខាងមុខនេះ។ ភ្ញៀវទេសចរ អ្នកជំនួញ ទាំងជាតិ និងអន្តរជាតិអាចកក់បន្ទប់នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ដែលមានបន្ទប់ប្រណីតៗដល់ទៅ ២៤៧បន្ទប់ ។
សណ្ឋាគារ ហៃយ៉ាត់ រីជីនស៊ី ភ្នំពេញ មានទីតាំងស្ថិតនៅចំកណ្តាលទីក្រុងភ្នំពេញ នៅក្បែរសារមន្ទីរជាតិ ព្រះបរមរាជវាំង សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សាលវិចិត្រសិល្បៈ វាលព្រះមេរុ ផ្សាររាត្រី វត្តអារាម និងទន្លេចតុមុខ ដែលផ្តល់ភាពងាយស្រួលដល់ភ្ញៀវជាតិ និងអន្តរជាតិក្នុងដំណើរទស្សនកិច្ចនៅទីក្រុងភ្នំពេញ។
លោក Herman Kemp នាយកគ្រប់គ្រងទូទៅនៃសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ មានប្រសាសន៍ថា យើងបានពន្យារការបើកដំណើរការរបស់យើងនៅក្នុងឆ្នាំ២០២០ ដោយសារជំងឺកូវីដ-១៩ និងដោយសារផលប៉ះពាល់នៃជំងឺរាតត្បាតនេះ មកលើប្រទេសកម្ពុជា ដោយបានបង្កការប៉ះពាល់ទៅលើការធ្វើដំណើរអន្តរជាតិ និងកាត់បន្ថយនូវចំនួនអ្នកធ្វើដំណើរ ក្នុងគោលបំណងអាជីវកម្ម និងកម្សាន្តមកកាន់ទីក្រុងភ្នំពេញ។
ប៉ុន្តែលោកបានអះអាងថា ការពន្យារពេលនេះ បានផ្ដល់ពេលវេលាយ៉ាងច្រើន សម្រាប់ពង្រឹងវិធានការអនាម័យ និងសុវត្ថិភាពរបស់ភ្ញៀវ ហើយសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ បានប្ដេជ្ញាចិត្តធានាឲ្យបាននូវការគោរពតាមបទដ្ឋានសុខភាព និងសុវត្ថិភាពកម្រិតខ្ពស់បំផុត ជួនដល់អតិថិជន។
គួរបញ្ជាក់ថា សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ក៏មានភោជនីយដ្ឋានប្រណីត សាលប្រជុំដ៏ទំនើប បន្ទប់ស្ប៉ា ស្កាយបាដ៏ស៊ីវិល័យ ព្រមទាំងសេវាកម្មជាច្រើនទៀត ដើម្បីបំពេញគ្រប់សេចក្តីត្រូវការរបស់អតិថិជនពីគ្រប់ទិសទី៕រក្សាសិទ្ធិដោយ៖CEN