ស្ទឹងត្រែង៖ ផ្ទះប្រជាពលរដ្ឋមួយខ្នងស្ថិតនៅភូមិផាបាំងតូច(ភូមិបក្សសម្ព័ន្ធ) ស្ថិតក្នុងឃុំថ្មកែវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង បានរងនូវការឆាបឆេះសន្ធោសន្ធៅ បន្ទាប់ពីទុស្សេបន្ទះសូឡា ដែលបានដាក់ប្រើប្រាស់ប្រចាំថ្ងៃ ។ ហេតុការណ៍នោះ បានកើតឡើងនៅវេលាម៉ោង6 និង 45 នាទីព្រលប់ថ្ងៃទី 7 ខែមករាឆ្នាំ 2021។
ប៉ូលិសបានបញ្ជាក់ថា ម្ចាស់ផ្ទះឈ្មោះខាំខនអាយុ 43 ឆ្នាំនិងប្រពន្ធឈ្មោះសុីង ណាង។ ហេតុការណ៍នោះ កម្លាំងសមត្ថកិច្ចក្នុងស្រុករួមនិងប្រជាពលរដ្ឋ ជួយបូមទឹកបាញ់ពន្លត់ ប៉ុន្តែដោយសារទំហំនៃការឆាបឆេះខ្លាំងពេក ទើបបណ្ដាលឲ្យផ្ទះមួយខ្នង សង់អំពីឈើដំបូលប្រក់ដែកស័ង្កសី ឆេះអស់ទាំងស្រុង។ ចំពោះរថយន្តពន្លត់អគ្គីភ័យ របស់អធិការរដ្ឋាននគរបាលស្រុកសៀមប៉ាង មិនអាចជួយបានឡើយ ដោយសារតែកន្លែងកើតហេតុ ស្ថិតនៅត្រើយម្ខាងនៃទន្លេសេកុង។
ក្រោយកើតហេតុសមត្ថកិច្ចធ្វើរបាយការណ៍មួយ ដោយបញ្ជាក់ថា ទ្រព្យសម្បត្តិខូចខាតរួមមាន ផ្ទះសង់អំពីឈើក្រាលស៊ីម៉ងត៍ខាងក្រោម មានទំហំទទឹង 12 ម៉ែត្រគុណបណ្ដោយ 13 ម៉ែត្រ ខូចខាតទាំងស្រុង។ សម្ភារៈរួមមានប្រាក់ចំនួន 16 លានរៀលមាស 10ជី ផ្លាកទីន 11ជីម៉ូតូមួយគ្រឿងម៉ាស៊ីនកាណូតមួយគ្រឿង។
ប៉ូលីសបានធ្វើការសន្និដ្ឋានថា មូលហេតុនៃការឆាបឆេះផ្ទះខាងលើនេះ ដោយសារតែប្រើប្រាស់បន្ទះសូឡាទុស្សេ បណ្ដាលឱ្យឆាបឆេះតែម្ដង៕ រក្សាសិទ្ធិដោយ៖សំណាង