ភ្នំពេញ៖ មហាជនពិតជាមានការហួសចិត្ត និងបង្ហាញការស្អប់ខ្ពើមជាខ្លាំង ក្រោយពីបានឃើញបុរសជាអតិថិជនម្នាក់ បានរៀបរាប់រឿងរ៉ាវកើតឡើងពិត ដែលរូបគាត់ស្ទើរតែត្រូវប្រជាពលរដ្ឋនាំគ្នាវាយទ្រោមខ្លួន បន្ទាប់ពីម្ចាស់ហាងលក់ទូរស័ព្ទមួយកន្លែងនៅផ្លូវកម្ពុជាក្រោម ស្រែកថា «ចោរ ចោរៗ…» ដោយសារតែគាត់បដិសេធបង់ថ្លៃសេវាគ្រាន់តែសុំពិនិត្យតេស្តគុណភាពទូរស័ព្ទសោះ តែម្ចាស់ហាងមិនចង់ឲ្យតេស្តជ្រាបទឹក ជាហេតុធ្វើឲ្យគាត់ដើរចេញ។
នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ Sothea Ou បានរៀបរាប់ដំណើររឿងកើតឡើងយ៉ាងវែងអន្លាយយ៉ាងដូច្នេះថា៖ «សូមប្រយ័ត្ន…!!! ហាងលក់ទូរស័ព្វដៃ គីម ហាប់ ផ្លូវកម្ពុជាក្រោម បានប្រើស្នៀតស្ទើតែគ្រោះថ្នាក់តន់ហន់ ដល់អតិថិជន
កាលពីរសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ ខ្ញុំបានជិះកង់ម្នាក់ឯង តាមបណ្តោយផ្លូវកម្ពុជាក្រោម ដើម្បីរកទិញទូរស័ទ្ទ ហើយបានឈប់កង់ ចូលទៅក្នុងហាងលក់ទូរស័ព្វដៃទំនើប គីម ហាប់ (KIM HAB STORE ) ស្ថិតនៅផ្ទះលេខ ៤២៨ ផ្លូវកម្ពុជាក្រោម ក្រុងភ្នំពេញ។ ក្នុងនោះមានបុរសម្នាក់ជាអ្នកលក់ទូរស័ព្ទអាយុប្រហែល ៣០ ឆ្នាំ មានមាឌស្តើង និងសហការីម្នាក់ អាយុប្រហែល២០ឆ្នាំ។
ដោយខ្ញុំធ្លាប់បានឃើញនៅក្នុង Page របស់ហាងនេះ បង្ហាញថា មានលក់ទូរស័ព្ទដៃជាផលិតផលរបស់ប្រទេសជប៉ុន (មានប្រព័ន្ធការពារជ្រាបទឹក) ខ្ញុំបានសួររកទូរស័ព្ទនោះ អ្នកលក់ក៏បានយកទូរស័ព្ទបួន ប្រាំគ្រឿងមកឲ្យមើល។ ភ្លាមនោះ ខ្ញុំក៏បានពិនិត្យទូរស័ព្ទទាំងនោះ រួចបានយកមួយគ្រឿងមកតេស្តសំឡេង ពិនិត្យមើលសម្បក អេក្រង់ កាម៉េរ៉ា សេវា បន្ទាប់មកក៏សុំតេស្តជ្រាបទឹក អ្នកលក់ក៏យល់ព្រម ហើយក៏បានប្រើសហការីរបស់ខ្លួនឲ្យចាក់ទឹកបន្តិចចូលក្នុងប្រអប់ជ័រ រួចហុចមកឲ្យ ខ្ញុំក៏យកទូរស័ព្ទនោះដាក់ចូលក្នុងប្រអប់ជ័រផ្លុក ភ្លាមនោះ សហការីបានយកទូរស័ព្ទចេញពីប្រអប់ជ័រភ្លែតមកជូត ខ្ញុំក៏ស្នើសុំតេស្តជ្រាបទឹករយៈពេលប្រាំនាទី តែអ្នកលក់មិនអនុញ្ញាត ហើយក៏និយាយថា “គ្រាន់តែរឿងទូរស័ព្ទប៉ុណ្ណឹងក៏ល្ងង់ដែរ” ខ្ញុំក៏ឆ្លើយវិញថា “ខ្ញុំចង់ទិញទូរស័ព្ទដែលមានអាវក្រោះការពារជ្រាបទឹក ដូចដែល FaceBook Page របស់ហាងនេះ បានបង្ហាញ” ចំណែកឯអ្នកលក់ទូរស័ព្ទមិនឲ្យតេស្ត ហើយនៅតែបន្តនិយាយថា “ គ្រាន់តែរឿងទូរស័ព្ទប៉ុណ្ណឹងក៏ល្ងង់ដែរ” ខ្ញុំក៏និយាយថា៖ “ខ្ញុំអត់ទិញទូរស័ព្ទនេះទេ” ។ ភ្លាមនោះ អ្នកលក់បាននិយាយថា៖ “បើមិនទិញគឺត្រូវបង់ថ្លៃសេវា” ខ្ញុំតបថា “ ខ្ញុំមិនបង់ព្រោះខ្ញុំ មិនបានប្រើសេវាអ្វីនៅទីនេះទេ!” ពេលនោះអ្នកលក់និយាយថា៖ “ បើមិនបង់ថ្លៃសេវា……សាកមើលទៅដឹងហើយ …ខ្ញុំនិងហៅគេមកដោះស្រាយ” ខ្ញុំបានតបថា៖ “ហៅមកអីញ្ចឹង……ហៅប៉ូលីសមកផង” អ្នកលក់ទូរស័ព្ទតប៖ “ខ្ញុំនឹងហៅប៉ូលីសមកឥឡូវនេះ” ខ្ញុំតប៖ “ អូខេ ខ្ញុំរង់ចាំ” ពេលនោះខ្ញុំអង្គុយ រង់ចាំមួយសន្ទុះ ក៏មានអារម្មណ៍ស្រេកទឹក ហើយបាននិយាយទៅកាន់អ្នកលក់ទូរស័ព្ទថា៖ “ខ្ញុំរង់ចាំ ប្រាំនាទីទៀត បើគ្មានអ្នកណាមកដោះស្រាយទេ ខ្ញុំទៅហើយ” ពេលនោះអ្នកលក់ទូរស័ព្ទក៏និយាយថា៖ “កុំចង់ទៅណា…… ទៅណាមិនបានទេ……” ហើយក៏មកអង្គុយក្បែរខ្ញុំ ។ ប្រាំនាទីបានកន្លងផុតទៅ ខ្ញុំបាននិយាយថា៖ ” ខ្ញុំស្រេកទឹក ខ្ញុំទៅទិញទឹកផឹក” ពេលនោះ អ្នកលក់ទូរស័ព្ទបានក្រោកមកឈរពាំងមុខខ្ញុំ ក្បែរទ្វារហាងហើយនិយាយថា ” កុំចង់គេចទៅណា…នៅទីនេះហើយ” ខ្ញុំក៏ក្រោកដើរហើយនិយាយថា ” ខ្ញុំមិនចង់គេចទៅណាទេ ខ្ញុំស្រេកទឹក ខ្ញុំទៅទិញទឹកផឹក បើមិនជឿដើរតាមមក” ពេលនោះអ្នកលក់ទូរស័ព្ទក៏ស្ទុះទៅក្របួចកអាវខ្ញុំ ហើយរុញខ្ញុំបុកនឹងទ្វារ ធ្វើឲ្យខ្ញុំឈឺបន្តិចបន្តួច តែខ្ញុំមិនតដៃទេ ទោះដឹងថាខ្លួនឯងមានកម្លាំងអាចចាប់លើកអ្នកលក់ទូរស័ព្ទបោះចោលក៏បាន តែខ្ញុំមិនធ្វើព្រោះមិនចង់ប្រើហឹង្សា គ្រាន់តែព្យាយាមរើខ្លួនចេញទៅក្រៅហាង ដើម្បីទិញទឹកផឹក។ ពេលដែលកំពុងតែរើខ្លួនចេញពីទ្វារហាង អ្នកលក់ទូរស័ព្ទ បានព្យាយាមមួលកអាវខ្ញុំហើយស្រែកយ៉ាងខ្លាំងៗថា “ចោរៗ……!!! …ចោរៗ……!!!…ចោរៗ………!!!” ពេលនោះ អ្នកធ្វើការនៅមុខហាង ហុងកុង បាញ់ថ្នាំម៉ូតូ ជាច្រើននាក់ផ្អើល បានដាក់ការងារចុះ ហើយនាំគ្នាងាកមកមើលព្រោងព្រាត ចំណែកអ្នកធ្វើដំណើរតាមដងផ្លូវកម្ពុជាក្រោម ត្រង់ចំណុចកើតហេតុនោះ បាននាំគ្នាឈប់ មានអ្នកខ្លះចុះពីលើម៉ូតូ ដោះមួកសុវត្ថិភាពពីក្បាលកាន់ណែនក្នុងដៃ ទំនងជាចង់វាយខ្ញុំ ហើយមនុស្សមួយចំនួនទៀត ក៏មានឥរិយាបថចង់វាយដែរ ភ្លាមៗនោះ ខ្ញុំបានលើកដៃស្តាំចង្អុលម្រាមទាំងប្រាំ សំដៅទៅអ្នកលក់ទូរស័ព្ទ ហើយស្រែកខ្លាំងៗថា “ បងប្អូនឮហើយថា គាត់បានចោទខ្ញុំថាជាចោរ……!!!…តើខ្ញុំជាចោរដូចដែលគាត់បានចោទដែរឬអត់……? សូមបងប្អូនចាំបន្តិច ប៉ូលិសមកដល់ឥឡូវហើយ” ខណៈនោះ មហាជនដែលកំពុងតែចោមរោមនៅឈរទ្រឹង ខ្ញុំក៏ដំណាលរឿងរ៉ាវក្នុងហាងប្រាប់មហាជនឮៗ ស្រាប់តែអ្នកលក់ទូរស័ព្ទ ព្យាយាមទាញខ្ញុំចូលទៅក្នុងហាងវិញ តែខ្ញុំមិនទាន់ចូលក្នុងហាងភ្លាមទេ ព្រោះខ្លាចផ្ទុះរឿងក្នុងហាង គេចោទបានតាមចិត្ត ពេលនោះស្រាប់តែមានបុរសម្នាក់ចេញពីហាងក្បែនោះ មកដកយកទូរស័ព្ទពីហោប៉ៅខ្ញុំ២គ្រឿង ខណៈនោះខ្ញុំបានចាប់យកទូរស័ព្ទទាំង២នោះដាក់ក្នុងហោប៉ៅវិញ ហើយប្រាប់ទៅវិញថា៖ “ទូរស័ព្ទ ខ្ញុំតើ!” ហើយបុរសម្នាក់នោះបម្រុងចាប់ខ្ញុំ មកឆែកឆេរ តែខ្ញុំក៏បាននិយាយថា “ពេលនេះមានតែប៉ូលិសទេដែលអាចប៉ះខ្លួនខ្ញុំបាន!” ឮដូច្នោះបុរសនោះក៏ដកខ្លួនចេញទៅវិញ ស្របពេលនោះដែរមានបុរសម្នាក់មាឌធំ អាយុប្រហែលជាជាង ៤០ឆ្នាំ ដុះក្បាលពោះបន្តិច និងប៉ូលិសម្នាក់បានមកដល់។ ប៉ូលិស និងបុរសមាឌធំនោះបានហៅខ្ញុំចូលទៅដោះស្រាយគ្នាក្នុងហាងវិញ ខ្ញុំបានប្រាប់ថា “មានប៉ូលិសទៅជាមួយខ្ញុំ ទើបខ្ញុំព្រមចូលទៅក្នុងហាងដើម្បីដោះស្រាយគ្នាវិញ!” ពេលចូលដល់ក្នុងហាងបុរសមាឌធំបានអង្គុយលើកៅអីយ៉ាងនឹងធឹង សហការីម្នាក់នៅខាងក្នុងកំពុងតែស្ដាប់ អ្នកលក់ទូរស័ព្ទ និងខ្ញុំដំណាលរឿងប្រាប់ប៉ូលិសម្ដងម្នាក់ ក្រោយពីស្ដាប់ចប់សេចក្តី ប៉ូលិសបាននាំអ្នកលក់ទូរស័ព្ទ ចូលទៅក្រោយ ហើយមួយសន្ទុះក្រោយមកអ្នកទាំងពីរបានត្រឡប់មកវិញ បន្ទាប់ប៉ូលិសបានហៅខ្ញុំទៅក្រោយម្ដង ដើម្បីបញ្ចុះបញ្ចូលក្នុងគោលបំណងសម្របសម្រួល ដើម្បីបញ្ចប់រឿង ខ្ញុំក៏បានយល់ព្រមតាមប៉ូលិស ហើយដើរចេញមកក្រៅ ជាមួយប៉ូលិសវិញ និងសុំយកស៊ីមកាតរបស់ខ្លួនដែលបានដាក់តេស្តនៅក្នុងទូរស័ព្ទដែលបម្រុងនឹងទិញនោះ ហើយក៏លាប៉ូលិសដើរចេញក្រៅទៅ ។ ជាចុងក្រោយ គ្រាន់តែចង់ចែករំលែកបទពិសោធន៍អាក្រក់មួយនេះ ដល់បងប្អូនឲ្យបានដឹង និងមានការប្រុងប្រយ័ត្ន កុំឲ្យជួបដូចខ្ញុំ»។
ក្រោយពីបានឃើញបែបនេះ មហាជនជាច្រើនបានរិះគន់ទៅកាន់ហាងខាងលើនេះយ៉ាងចាស់ៗដៃថា៖ «អ្នកលក់បែបនេះ គួរតែបិទហាងហើយ, នេះសំណាងហើយ ដែលប៉ះបង បើអ្នកដទៃ គឺបង់លុយឲ្យគេហើយ។ អរគុណសម្រាប់ការចែករំលែក, ៥នាទីមានអីអស្ចារ្យ ទូរស័ព្ទមិនជ្រាបទឹកស៊ូបាន៣០នាទី ត្រឹមប្រាំនាទីរបស់យើងល្អ ខ្លាចអីនឹងដាក់ មកពីរបស់វាអន់បានចឹង, អ្នកលក់នឹងអ្នកទិញមានឈ្លោះគ្នាគឺវាទូទៅហើយ តែស្រែកចោទគេថាចោរ ចុះបើអ្នកម្ដុំហ្នឹងគិតគាត់ចោរមែន ច្រឡំវាយគាត់អាចបណ្តាលគ្រោះដល់អាយុជីវិត មិនធ្ងន់កទៅហើយ!, អាងអីស្រែកថាចោរចោរ អាត្រូវមីន, ហាងហ្នឹងមានរឿងអាស្រូវច្រើនដងហើយ, យប់មិញដែរ ផុសគេចង់ប្តឹងគាត់ តែជេរពេកលុបចោលវិញបាត់ ហើយឥឡូវ លុបចោលទាំងផេកទៀត,….»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង