Thursday, July 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេច​ក្រឡាហោម ស ខេង ៖ បញ្ហា​គ្រឿងញៀន​រីក​រាលដាល​ដល់​ជនបទ​កាន់តែច្រើន អាជ្ញាធរ​ត្រូវ​បង្ក្រាប​ឲ្យ​ទាន់ពេលវេលា​

​ភ្នំពេញ​៖​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ មានប្រសាសន៍ថា បញ្ហា​គ្រឿងញៀន​បាន​រីក​រាលដាល​ដល់​ជនបទ​កាន់តែច្រើន ដូច្នេះ អាជ្ញាធរ​មូលដ្ឋាន និង​អ្នកពាក់ព័ន្ធ​មួយចំនួន​ត្រូវ​បន្ដ​បង្ក្រាប និង​ទប់ស្កាត់​បទល្មើស​គ្រឿងញៀន​គ្រប់​ប្រភេទ​ឲ្យ​ទាន់ពេលវេលា​។​

​ក្នុង​កិច្ចប្រជុំ​ដើម្បី​ពិភាក្សា​កែសម្រួល​លក្ខណសម្បត្តិ នៃ​គោលនយោបាយ ភូមិ​-​ឃុំ មាន​សុវត្ថិភាព នា​ព្រឹក​ថ្ងៃទី​០៨ ខែមករា ឆ្នាំ​២០២១ នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ សម្ដេច​ក្រឡាហោម ស ខេង ក៏បាន​អំពាវនាវ​ទៅដល់​អាជ្ញាធរ​មូលដ្ឋាន​ទូទាំងប្រទេស​ត្រូវ​បន្ដ​ពង្រឹងសមត្ថភាព​របស់​ខ្លួន​បន្ថែមទៀត ដើម្បី​បន្ដ​ទប់ស្កាត់​បញ្ហា​គ្រឿងញៀន​នៅតាម​មូលដ្ឋាន ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់ ដើម្បី​ឲ្យ​ភូមិ​-​ឃុំ គ្មាន​គ្រឿងញៀន​។​

​យោងតាម​សេចក្តីព្រាង​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព បាន​ឲ្យ​ដឹងថា អាជ្ញាធរ​ត្រូវ​ចាត់វិធានការ​ក្នុងការ​បង្ការ ទប់ស្កាត់ ឲ្យ​បានជា​អតិបរមា នូវ​ការ​ចរាចរ ការជួញដូរ និង​ការប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់ ព្រមទាំង​ខិតខំ​លុបបំបាត់​ការដាំដុះ ការរក្សា​ទុក ការ​លួច​កែច្នៃ​សារធាតុ​ញៀន​គ្រប់​ប្រភេទ​តាម​គ្រប់​រូបភាព​នៅតាម ភូមិ​-​ឃុំ​-​សង្កាត់​។​

​ជាងនេះទៅទៀត អាជ្ញាធរ ត្រូវ​ជំរុញ​បំផុស​ចលនា​អប់រំ​មហាជន​ដើម្បី​ចូលរួម​បង្ការ ទប់ស្កាត់​បទល្មើស​គ្រឿងញៀន​គ្រប់​ប្រភេទ​ជាពិសេស អនុវត្ត​ឲ្យ​បាន​ទូលំទូលាយ​នូវ​ខ្លឹម​សារទិស​ស្លោក «​បី​កុំ​-​មួយ​រាយការណ៍​» ៖ បី​កុំ មានន័យថា កុំ​ពាក់ព័ន្ធ​, កុំ​អន្ដរាគមន៍​, កុំ​លើកលែង​។ ចំណែក មួយ​រាយការណ៍ មានន័យថា ផ្ដល់ព័ត៌មាន​ដល់​សមត្ថកិច្ច​អំពី​មុខសញ្ញា​ជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំង​កែច្នៃ ផលិត និង​ទីតាំង​ស្ដុក​ទុក​គ្រឿងញៀន​។​

​បន្ថែម​ពីនេះ​ទៀត ប្រជាពលរដ្ឋ​ត្រូវ​សហការ​ជាមួយ​អង្គភាព​ជំនាញ​ពាក់ព័ន្ធ និង​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​ថ្នាក់ អនុវត្តតាម​ច្បាប់​ស្ដីពី ការត្រួតពិនិត្យ​គ្រឿងញៀន យុទ្ធសាស្ដ្រ​ទាំង​០៥ នៃ​ផែនការ​ជាតិ​ស្ដីពី ការត្រួតពិនិត្យ​គ្រឿងញៀន បទបញ្ជា​សារាចរ​ណែនាំ និង​ផែនការ​យុទ្ធនាការ​ក្នុងការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​របស់​រាជរដ្ឋាភិបាល តាម​គ្រប់​ដំណាក់កាល​៕​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×