ឧត្តរមានជ័យ ៖ នគរបាលក្រុងសំរោង ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធនឹងករណីលួចម៉ូតូ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ ។ ជនសង្ស័យ រួមជាមួយនិងវត្ថុតាងខាងលើ ត្រូវបាននាំមកកាន់អធិការដ្ឋាននគរបាលក្រុងសំរោង ដើម្បីធ្វើការសួរនាំ និងកសាងសំណុំរឿងបញ្ជូនតាមនីតិវិធីច្បាប់ ។
នគរបាលក្រុងសំរោងបានឲ្យដឹងថា នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ១១និង០០នាទី លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បានចាត់ លោកវរសេនីយ៍ឯក ហម ភិរម្យ អធិការនគរបាលក្រុងសំរោង ឲ្យដឹកនាំកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុងសំរោង ចុះសហការជាមួយកម្លាំងនគរបាលស្រុកអន្លង់វែង ចុះធ្វើការឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ ខាំ រ៉ាវី ហៅ ផ្លែង រ៉ាវី ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅភូមិសាមគ្គី ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ និងវត្ថុតាងមាន៖ ម៉ូតូ ០១គ្រឿង ម៉ាកហុងដាទ្រីម សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៤ មានលេខតួ+ម៉ាស៊ីន: ៩១០៨០៤២ ពាក់ផ្លាកលេខ: សៀមរាប ១R-០៩៥៥ នៅចំណុចផ្លូវគ្រួសក្រហម ស្ថិតក្នុងភូមិត្រពាំងតាវចាស់ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ដែលបានធ្វើសកម្មភាពលួច ម៉ូតូ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១៩និង៤០នាទី នៅចំណុចភូមិឈូក សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្ដរមានជ័យ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ