ភ្នំពេញ ÷ ក្នុងយុទ្ធនាការបង្ក្រាបគ្រឿងញៀនរយៈពេល ១ឆ្នាំ ក្នុងឆ្នាំ២០២០ សមត្ថកិច្ចបានដកហូតសារធាតុញៀនគ្រប់ប្រភេទជាង ៣ពាន់គីឡូក្រាម និងសារធាតុគីមីផ្សំជាង ៥ពាន់គីឡូក្រាម និងឃាត់ខ្លួនមនុស្សជាង ២ម៉ឺននាក់។
យោងតាមរបាយការណ៍របស់គណៈកម្មការទី៣ នៃយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ ដែលសារព័ត៌ មាន CEN ទទួលបាន បង្ហាញថា លទ្ធផលអនុវត្តន៍ច្បាប់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ប្រចាំឆ្នាំ២០២០ សមត្ថកិច្ចបង្ក្រាបបាន ១០.៤៦១ករណី ឃាត់ខ្លួនមនុស្សចំនួន ២១.៥៦៦នាក់ (ស្រី ១.៣៣៤នាក់) ក្នុងនោះមានជនបរទេសចំនួន ៣៨៩នាក់ ស្រី ៥២នាក់ មាន ១៩សញ្ជាតិ។
របាយការណ៍បានបន្តថា ករណីជួញដូរ រក្សាទុក កែឆ្នៃ ចាត់ចែង និងដាំដុះ បង្ក្រាបបាន ៦.៧១៥ករណី ឃាត់ខ្លួន ១២.៧៣៩នាក់ (ស្រី ១.០០៣នាក់)។ ករណីប្រើប្រាស់បង្ក្រាបបាន ចំនួន ៣.៧៤៦ករណី ឃាត់ខ្លួន ៨៨២៧នាក់ (ស្រី ៣៣១នាក់) ។ អនុវត្ដន៍ដីកាបានចំនួន ៥៣៦ដីកា ឃាត់ខ្លួន ៤៩៦នាក់ (ស្រី ១៣នាក់)។
ប្រភពដដែលបានបញ្ជាក់ថា យុទ្ធនាការបង្ក្រាបគ្រឿងញៀនរយៈពេល ១ឆ្នាំ ក្នុងឆ្នាំ២០២០ សមត្ថកិច្ចបានដកហូតសារធាតុញៀនគ្រប់ប្រភេទចំនួន 3179Kg 170,73g និងសារធាតុគីមីផ្សំ 5025Kg។ កញ្ឆាចំនួន 292kg 229,21g និង 297898ដើម។ សម្ភារៈចាប់យកមាន រថយន្ដចំនួន 160គ្រឿង ម៉ូតូចំនួន 2831គ្រឿង ទូរស័ព្ទចំនួន 8612គ្រឿង ជញ្ជីង 579គ្រឿ អាវុធខ្លី 32ដើម អាវុធវែង 26ដើម។ ចលនៈនិងអចលនៈទ្រព្យ ស្នើសុំបង្កក ចំនួន 6កន្លែង ផ្ទះ 2កន្លែង ដីផ្ទះ 2កន្លែង ខុនដូ 1កន្លែង និងឃ្លាំង 1កន្លែង។ លុយខ្មែរ 151.390.100រៀល លុយដុល្លារ 268.953ដុល្លារ លុយថៃ 179.420បាត និងលុយវៀតណាម 154.995.00ដុង៕
រក្សាសិទ្ធិដោយ៖CEN