Tuesday, July 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សំណុំរឿង​បោកប្រាស់ យក​ម៉ូតូ​បង់​រំលស់ ទៅ​ដាក់បញ្ចាំ​និង​លក់​បន្ត អូសបន្លាយ​រយៈពេល​ជិត​១​ឆ្នាំ ខណៈ​សមត្ថកិច្ច​កោះហៅ​ជនល្មើស គេចវេស​មិន​ព្រម​ចូលខ្លួន​មក​ដោះស្រាយ​

​កណ្តាល ៖ ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល មាន​កិត្តិយស​សូម​ឆ្លើយតប​ចំពោះ គណនី​ហ្វេ​ស​បុក​ឈ្មោះ Chhoun Chann Asda Mpn ដែល​បាន​ខម​មិន (Comment) ក្នុង​Pages ការពិត GCNP នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នៅ​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០២១ មាន​ខ្លឹមសារ​ថា «​សូម​ឯកឧត្តម​មេត្តា ជួយ​មើល​សំណុំរឿង​បោកប្រាស់ យក​ម៉ូតូ​បង់​រំលស់ ទៅ​លក់​នៅ​ភូមិ​ក្រចាប់​ត្បូង ឃុំ​ព្រែ​កតា​មាក់ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល បានអូសបន្លាយ​រយៈពេល​ជិត​១​ឆ្នាំ នៅតែ​ដោះស្រាយ​អត់​ចេញ ដោយសារ​ជនល្មើស​ត្រូវរ៉ូវ​គ្នា​ជាមួយ​សមត្ថកិច្ច​មូលដ្ឋាន ម៉ូតូ​អត់​ឯកសារ​ផង ប៉ូលិស​មូលដ្ឋាន​ចូលរួម​ស៊ី​ញ៉េ​ដឹងឮ ឱ្យ​ជនល្មើស​លក់​ទៅឱ្យ​អ្នកដទៃ ទាំង​ដែល​ម្ចាស់​បង់​ពី​អង្គការ​មិនទាន់​ដាច់​ផង ហើយ​ម្ចាស់​ម៉ូតូ​ជា​ជនក្រីក្រ​មាន​ប័ណ្ណ​ក្រីក្រ កូន​ធ្វើ​ចុងភៅ​ឱ្យគេ ឪពុក​ផ្សំ​ថ្នាំខ្មែរ​លក់​យកលុយ​ទិញ​អង្ករ ពេលនេះ​ជំពាក់​គេ​វ័ណ្ឌក ហើយដោយ​សារ​បង់​រំលស់​ម៉ូតូ​ហើយ​ម៉ូតូ​ត្រូវគេ​បោក​ទៀត​»​។​

​ក្រោយពី​ទទួលដំណឹង​ភ្លាម ដោយមាន​ការចង្អុលបង្ហាញ​ពី​ក្រុមការងារ​ប្រតិកម្ម​រហ័ស នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ក្រុមការងារ​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល បាន​ជូនដំណឹង​នេះ ដល់​អធិការនគរបាល​ស្រុក​ខ្សាច់កណ្តាល ធ្វើការ​ស្រាវជ្រាវ​ចំពោះ​ខ្លឹមសារ​ដែល​បាន​រាយការណ៍​ខាងលើ​។ ជា​លទ្ធផល​អធិការនគរបាល​ស្រុក​ខ្សាច់កណ្តាល បានឱ្យដឹងថា​៖
​ជា​ករណី​រំលោភ​លើ​ទំនុកចិត្ត​ដែល​កើតហេតុ​ថ្ងៃ​៦ ខែកុម្ភៈ ឆ្នាំ​២០២១ ម៉ោង​១៦​និង​០០​នាទី នៅ​ចំណុច​ភូមិ​បឹង​ក្រចាប់​ត្បូង ឃុំ​ព្រែ​កតា​មាក់ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្ដាល​។

​ជនរងគ្រោះ​ឈ្មោះ អឿន សំអាត ភេទ​ប្រុស អាយុ​៥១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ​មាន​ទីលំនៅ​ភូមិ​បឹង​ក្រចាប់​ត្បូង ឃុំ​ព្រែ​កតា​មាក់ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្ដាល​។ ចំណែក​ជនសង្ស័យ​ឈ្មោះ ចំរើន សុខលី ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជនជាតិខ្មែរ​មុខរបរ កសិករ មាន​ទីលំនៅ​ភូមិ​បឹង​ក្រចាប់​ត្បូង ឃុំ​ព្រែ​កតា​មាក់ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្ដាល​។

​អធិការនគរបាល​ស្រុក​ខ្សាច់កណ្តាល បានបញ្ជាក់​ពីស​ភាព​រឿងហេតុ​នេះ​ថា កាលពី​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៩ ឈ្មោះ អឿន សំអាត បាន​ទិញ​ម៉ូតូ​មួយគ្រឿង​ម៉ាក HONDA C125 ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៩ ពាក់​ផ្លាកលេខ កណ្ដាល​1AF-6797 ពី​ក្រុមហ៊ុន LOD សាខា​ក្រុង​តាខ្មៅ​ខេត្តកណ្ដាល (​ទិញ​បង់​រំលស់​តម្លៃ​២៥៩០​ដុល្លារ​)​។ លុះដល់​ថ្ងៃ​មិន​ចាំ​ខែធ្នូ ឆ្នាំ​២០១៩ ឈ្មោះ អឿន សំអាត និង​កូនស្រី​ខ្លួន​ឈ្មោះ សំអាត ចាន់ណា​រី អាយុ​៣០​ឆ្នាំ បាន​យក​ម៉ូតូ​នេះ​ទៅ​ដាក់បញ្ចាំ​ឱ្យឈ្មោះ ប៉ត ស្រ៊ិ​ន បាន​ប្រាក់​ចំនួន​៦០០​ដុល្លារ ហើយ​ចំពោះ​ឈ្មោះ ចំរើន សុខលី ភេទ​ប្រុស បាន​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​ឈ្មោះ សំអាត ចាន់ណា​រី​។​
​នៅ​ថ្ងៃទី​៦ ខែកុម្ភៈ ឆ្នាំ​២០២០ វេលា​ម៉ោង​១៦​និង​០០​នាទី ឈ្មោះ សំអាត ចាន់ណា​រី និង​ឈ្មោះ ចំរើន សុខលី បាននាំគ្នា​ទៅ​លស់​ម៉ូតូ​នេះ​ពី​ឈ្មោះ ប៉ត ស្រ៊ិ​ន តម្លៃ​៧២០​ដុល្លារ គិត​ទាំង​ការប្រាក់ ដោយ​ឈ្មោះ ចំរើន សុខលី ជា​អ្នកចេញ​ប្រាក់​ថ្លៃ​លស់ ពេល​លស់​ម៉ូតូ​រួច​ឈ្មោះ ចំរើន សុខលី បាន​យក​ម៉ូតូ​នេះ ទៅ​ទុក​ផ្ទះ​ខ្លួន មិន​ព្រមយក​មកឱ្យ​ឈ្មោះ អឿន សំអាត និង​ឈ្មោះ សំអាត ចាន់ណា​រី វិញ​ទេ ក្រោយមក​ឈ្មោះ ឃុ​ត ខន ភេទ​ស្រី ជា​ប្រពន្ធ​របស់​ឈ្មោះ អឿន សំអាត បាន​ទៅ​ខ្ចីប្រាក់​ពី​ឈ្មោះ ចំរើន សុខលី ចំនួន ១,០០០,០០០​រៀល​ទៀត បន្ទាប់មក​ឈ្មោះ ចំរើន សុខលី បាន​យក​ម៉ូតូ​នេះ ទៅ​ដាក់បញ្ចាំ​ឱ្យគេ​ម្នាក់ទៀត​។ ក្រោយមក​ឈ្មោះ អឿន សំអាត និង​ឈ្មោះ ឃុ​ត ខន បាន​សុំឱ្យ​ឈ្មោះ ចំរើន សុខលី យក​ម៉ូតូ​មកឱ្យ​ពួកខ្លួន ហើយ​ខ្លួន​និង​សង​ប្រាក់​ទៅឱ្យ​ឈ្មោះ ចំរើន សុខលី វិញ តែ​ឈ្មោះ ចំរើន សុខលី មិន​ព្រមយក​ម៉ូតូ​មកឱ្យ​ឈ្មោះ អឿន សំអាត និង​ឈ្មោះ ឃុ​ត ខន ទេ​។ រហូតដល់​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០២០ ទើប​ឈ្មោះ អឿន សំអាត មក​ដាក់​ពាក្យបណ្ដឹង នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ខ្សាច់កណ្តាល​។

​ករណីនេះ អធិការនគរបាល​ស្រុក​ខ្សាច់កណ្តាល សូម​បដិសេធ​ចំពោះ​គណនី​ហ្វេ​ស​បុក​ឈ្មោះ Chhoun Chann Asda Mpn ដែល​បាន​សរសេរ​ចោទប្រកាន់ថា «​ប៉ូលិស​បាន​ចូលរួម​ស៊ី​ញ៉េ​ដឹងឮ ឱ្យ​ជនល្មើស​លក់​ទៅឱ្យ​អ្នកដទៃ ទាំង​ដែល​ម្ចាស់​បង់​ពី​អង្គការ​មិនទាន់​ដាច់​» ជាការ​សរសេរ​បំផ្លើសការពិត​។​

​សូមបញ្ជាក់ថា ឈ្មោះ ចំរើន សុខលី សមត្ថកិច្ច​ជំនាញ​បាន​កោះ​មក​ដោះស្រាយ នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ខ្សាច់កណ្តាល តែ​គេចវេស​មិន​ព្រម​ចូលខ្លួន​មក​ដោះស្រាយ​ទេ​។ បច្ចុប្បន្ន សមត្ថកិច្ច​ជំនាញ កំពុង​ប្រមូល​ឯកសារ​ពាក់ព័ន្ធ កសាង​សំណុំរឿង តាម​នីតិវិធី​៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×