ភ្នំពេញ៖ ករណីបង្ហោះម៉ូតូ និងបំពាក់បំពង់ស៊ីម៉ាំងលាន់ឮ បង្កការរំខានដល់អ្នកធ្វើដំណើរ និងក៏ដូចរំខានដល់ដំណេកប្រជាពលរដ្ឋ ដែលមានផ្ទះនៅតាមដងផ្លូវ បើទោះជាសមត្ថកិច្ចធ្វើការបង្ក្រាប និងធ្វើការអប់រំយ៉ាងណា ក៏ទង្វើហាក់ផ្គើន មិនខ្លាចញញើតសមត្ថកិច្ចនេះ នៅតែកើតមានដដែល។
ទាក់ទងនឹងរឿងនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងឱកាសដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីកែសម្រួលលក្ខណៈសម្បត្តិ នៃគោលនយោបាយភូមិឃុំមានសុវត្ថិភាព នាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២០ សម្តេចបានដាក់បទបញ្ជារឲ្យកម្លាំងនគរបាល ពិសេសនៅក្នុងរាជធានីភ្នំពេញ ត្រូវសហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីស្រាវជ្រាវកំណត់អត្តសញ្ញាណម៉ូតូធំ ដែលបង្កសំឡេងរំខានដល់ប្រជាពលរដ្ឋ។
សម្តេចក្រឡាហោម បានថ្លែងលើកឡើងពីបញ្ហានេះថា៖ «មិនអត់ទេ នៅតែមានក្មេងទំនើង អាម៉ូតូធំៗ អាម៉ូតូហាក់ឡី អាម៉ូតូស្អីៗហ្នឹង ខ្ញុំស្នើក្រសួងសាធារណៈការ បញ្ជូនផ្លាកមកប៉ូលីស ដើម្បីឲ្យដឹងអាស័យដ្ឋានម៉ូតូហ្នឹង ព្រោះម៉ូតូអស់ហ្នឹង សុទ្ធតែក្មេងទំនើងជិះ វាជិះហើយវាដកសំបុកចេញ បើវាជិះកាត់មុខផ្ទះ យើងកំពុងដេកស្កប់ លឺមកភ្ញាក់! ហើយសម្តេចនាយក គាត់រអ៊ូច្រើន កាលគាត់នៅតាហ្នឹង ( ផ្ទះសម្តេចនៅជាប់វិមានឯករាជ្យ ) តែដល់គាត់ទៅនៅទីនោះឆ្ងាយ ប្រហែលជាអត់មានអាហាក់ឡី នៅក្បែរទេ តាមមើល! ប៉ុន្តែ កាលមុន គាត់នៅក្បែរវិមានឯករាជ្យ រ៉ាវៗ! ចុះឡើង! ចាប់វាមិនបាន ព្រោះវាលឿនអាពេលហ្នឹង! ប៉ុន្តែ សំខាន់យើងទៅយកអាលេខវាហ្នឹង ដឹងអត្តសញ្ញាណ ដឹងមនុស្ស មុខសញ្ញាណុង រួចហើយ ដាក់ប៉ូលិស ដាក់កាំម៉ារ៉ានៅណុង ចាប់តែម្តង ហ្អែងចេញទៅចាប់! មើលធើពួកហ្នឹង ឲ្យបាត់មើល!»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង