ភ្នំពេញ៖បុរសជាជនរងគ្រោះម្នាក់បានបាត់បង់ជីវិត បន្ទាប់ពីទៅមើល និងជួយជួសជុលម៉ាស៊ីន ស្រាប់តែម៉ាស៊ីនបានផ្ទុះចំជនរងគ្រោះ បណ្តាលឲ្យធ្លាយពោះ និងដាច់សាច់ចេញពីគ្នាជាបំណែកស្លាប់ភ្លាមៗ។
ហេតុការណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង ៥ និង៣០នាទីល្ងាច ថ្ងៃសៅរ៍ទី៩ ខែមករា ឆ្នាំ ២០២១ ស្តិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ។
សពជនរងគ្រោះ ឈ្មោះ មាន រី អាយុ២៧ ឆ្នាំ មុខរបរកម្មករក្នុងក្រុមហ៊ុនសម្បត្តិមានហេង មានស្រុកកំណើត នៅស្រុកកំពង់ធំ
ខេត្តកំពង់ធំ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានឃើញជាងម៉ាស៊ីនកំពុងតែជួសជុល និងរវៃម៉ាស៊ីនតែអត់ឆេះ ស្រាប់តែភ្លាមៗនោះដែរ គាត់បានឃើញជនរងគ្រោះ ដើរទៅមើលហើយ និងជួយកាន់ ខណៈពេលនោះដែរ មិនដឹងថាខុសបច្ចែកទេស ឬក៏បណ្តាលមកពីអ្វី ស្រាប់តែម៉ាស៊ីនផ្ទុះត្រូវចំជនរងគ្រោះ បណ្តាលឲ្យដាច់សាច់ជាបំណែកស្លាប់ក្នុងថ្លុកឈាម។
ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់រួចក៏ទំនាក់ទំនងទៅខាងជំនាញកោសល្យវិច័យ ពិនិត្យឃើញថា ជនរងគ្រោះស្លាប់ដោយសារផ្ទុះម៉ាស៊ីនមែន។ រួចក៏ធ្វើកំណត់ហេតុ ប្រគល់សពឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕រក្សាសិទ្ធិដោយ៖ សាមេត