ភ្នំពេញ៖ លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានដឹកនាំកិច្ចប្រជុំលើកទី៦ ដើម្បីពិនិត្យ មើលវឌ្ឍនភាពនៃការរៀបចំយុទ្ធសាស្ត្រពាណិជ្ជកម្ម ដើម្បីទាញយកប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)។
លោកអនុរដ្ឋលេខាធិការបានមានប្រសាសន៍ថា ដោយផ្អែកតាមអនុសាសន៍របស់ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានណែនាំឱ្យក្រុមការងារបង្កើតតារាងម៉ាទ្រិច (Matrix) ដោយមានរាយមុខទំនិញចំនួន ៥០ មុខ ក្នុងនោះមានទំនិញជាផលិតផលថ្មី ចំនួន ២០ មុខទំនិញ ផលិតផលកំពុងលូតលាស់ចំនួន២០ មុខទំនិញ និង ផលិតផលចាស់ទុំចំនួន១០ មុខទំនិញ ដោយត្រូវសិក្សាលើរបាំងបច្ចេកទេស របាំងពន្ធគយ ភាពអនុគ្រោះពន្ធនានាដែលប្រទេសចិនផ្តល់ជូនកម្ពុជា ដើម្បីជម្រុញការនាំចេញទៅប្រទេសចិនឱ្យបានជាអតិបរមា។
ជាមួយគ្នានេះលោកអនុរដ្ឋលេខាធិការបានស្នើឲ្យក្រុមការងារលេខាធិដ្ឋានសិក្សាស្រាវជ្រាវបន្ថែមទៀត ដោយត្រូវពង្រីកការសិក្សាស្រាវជ្រាវមុខទំនិញពី HS code ៤ខ្ទង់ ទៅជា HS Code ៦ខ្ទង់ ឬ ៨ ខ្ទង់ និងផ្តល់អនុសាសន៍លើទំនិញណាមួយឲ្យបានច្បាស់លាស់ដែលយើងផលិតបាន និងមានតម្រូវការទីផ្សារ ហើយក្រុមលេខាធិការដ្ឋាន FTA ត្រូវសហការជាមួយនាយកដ្ឋានគោលនយោបាយ និងអភិវឌ្ឍទីផ្សារក្នុងការជ្រើសរើសមុខទំនិញសម្រាប់រៀបចំ Factsheet និងកំណត់ផលិតផលសក្តានុពលសម្រាប់ជម្រុញការនាំចេញដើម្បីឲ្យស្របតាមគោលនយោបាយពាណិជ្ជកម្មរបស់រដ្ឋាភិបាល ។
ជាលទ្ធផលអង្គប្រជុំបានឯកភាពគ្នាចំនួន៣ចំនុច រួមមាន៖ (១) បន្ថែមការវិភាគ SWOT Analysis នៅក្នុង Factsheet ដើម្បីធ្វើជាមូលដ្ឋានក្នុងការផ្តល់អនុសាសន៍គោលនយោបាយចំពោះមុខទំនិញនីមួយៗ និងត្រូវកំណត់យក Factsheet ពី ២ទៅ៣ទំព័រ ប៉ុន្តែត្រូវតែមានព័ត៌មានគ្រប់ជ្រុងជ្រោយងាយស្រួលសម្រាប់ថ្នាក់ដឹកនាំ អ្នកនាំចេញ ធ្វើការសម្រេចចិត្តបានភ្លាមៗ (២)បានឯកភាពលើមាតិកានៃរបាយការណ៍យុទ្ធសាស្ត្រពាណិជ្ជកម្ម ដើម្បីទាញយកប្រយោជន៍ជាអតិបរិមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី(FTA) ដោយបញ្ចូលចំនុចចក្ខុវិស័យនិងគោលបំណងទៅក្នុងសេចក្តីផ្តើមវិញ និងបន្ថែមតារាងឧបសម្ព័ន្ធ (៣)បង្កើតតារាងម៉ាទ្រិច(Matrix) រាយមុខទំនិញចំនួន ៥០ មុខ តាមអនុសាសន៍របស់ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ហើយចំនុចដែលបានឯកភាពទាំង៣ខាងលើនេះ នឹងត្រូវដាក់ចូលទៅក្នុងរបៀបវារៈនៅក្នុងកិច្ចប្រជុំលើកក្រោយទៀត៕
រក្សាសិទ្ធិដោយ៖CEN