ភ្នុំពេញ ៖ បុរសម្នាក់បានបាត់បង់ជីវិត បន្ទាប់ពីឡើងដោះស្លាកប៉ាន់ណូ ត្រូវខ្សែភ្លើងឆក់ បណ្តាលឲ្យស្លាប់ ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។ ហេតុការណ៍នេះដែរ កើតឡើងនៅវេលាម៉ោង ៥ និង៣០ នាទីល្ងាចថ្ងៃទី១១ ខែមករា ឆ្នាំ ២០២១
ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សពជនរងគ្រោះ មានឈ្មោះ មាក់ អាយុជាង ២០ឆ្នាំ មុខរបរជាកម្មករ បច្ចុប្បន្នស្នាក់នៅសង្កាត់ដង្កោ ខណ្ឌដង្កោ មានស្រុកកំណើត នៅខេត្តកំពង់ចាម។
ប្រភពព័ត៌មានពីមិត្តភក្តិជនរងគ្រោះ បានបញ្ជាក់ប្រាប់សារព័ត៌មាន CEN ថា មុនពេលកើតហេតុ ពួកគាត់បាននាំគ្នាឡើងទៅលើ ដើម្បីដោះស្លាកប៉ាន់ណូទម្លាក់មកក្រោម ពេលដោះរួច ពួកគាត់បាននាំគ្នាចុះមកក្រោមវិញ នៅសល់តែជនរងគ្រោះនៅខាងលើនោះ ស្រាប់តែមួយសន្ទុះជនរងគ្រោះបានយកខ្សែភ្លើងមួយកន្ទុយ បោះទៅលើក៏ប៉ះខ្សែភ្លើងមួយទៀត បណ្តាលឲ្យឆ្លងចរន្តអគ្គិសនីឆក់ បណ្តាលឲ្យរបួសធ្ងន់រួចក្រុមការងារ នាំគ្នាយកទៅចូលសង្គ្រោះនៅមន្ទីរពេទ្យឯករាជ្យ ១ ហើយខាងមន្ទីរពេទ្យឲ្យប្រាប់ឲ្យបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យលោកសង្ឃ តែអកុសល្យគាត់បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន ចុះមកដល់សហការជាមួយនិងជំនាញកោសល្យវិច័យ ចុះមកពិនិត្យទៅលើសព ដោយបញ្ជាក់ថា គាត់ស្លាប់ដោយឆក់ខ្សែភ្លើងពិតប្រាកដមែន រួចបានធ្វើកំណត់ហេតុ ប្រគល់សពឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕រក្សាសិទ្ធិដោយ៖ សា មេត