តាកែវ ៖ ក្រៅពីបង្កងទឹកសាបដែលល្បីថាមានឳជារសឆ្ងាញ់ពិសារនោះ សម្រាប់ខេត្តតាកែវវិញ គឺនៅមានមុខម្ហូបពងទាកូន«ស្រែរនោង»មួយទៀត ដែលមានភ្ញៀវទេសចរក្រៅស្រុក ក៏ដូចជាភ្ញៀវនៅក្នុងស្រុកនិយមទទួលទាននិងសរសើរថាឆ្ងាញ់គ្រប់ៗគ្នា មិនតែប៉ុណ្ណោះក៏មានការកាម៉ុងនាំចេញទៅលក់នៅតាមបណ្តាខេត្តនានាផងដែរ ។
ជាមួយនិងភាពល្បីល្បាញនៃរសជាតិពងទាកូនស្រែរនោងនេះផងដែរ ក្នុងសន្និសីទសារព័ត៌មានស្តីពី វឌ្ឍនភាពនិងទិសដៅការងារបន្ត របស់រដ្ឋបាលខេត្តតាកែវ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវថ្លែងថា ពងទាកូនស្រែរនោង ជាផលិតផលកសិកម្មរបស់ខេត្តតាកែវ ដែលមានភាពល្បីល្បាញទូទាំងប្រទេស ព្រមទាំងជាផលិផលសម្គាល់តំបន់ភូមិសាស្ត្រថែមទៀតផង។
ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ពងទាកូនស្រែរនោង គឺត្រូវបានផលិតឡើងដោយកសិករនៅឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ រួមគ្នាបង្កើតជាសហគមន៍ ពងទារកូន ដើម្បីផ្គត់ផ្គង់នៅលើទីផ្សារ ដែលបច្ចុប្បន្នបានចងក្រងរួមគ្នាជាសហគមន៍ផលិតពងទាកូនច្បាស់លាស់មួយ និងមានការយកចិត្តទុកដាក់និងប្រើប្រាស់បច្ចេកទេសចិញ្ចឹមទាយកពងថែទាំតាមលក្ខណៈធម្មជាតិសុទ្ធសាធ ចាប់តាំងពីការផ្តល់ចំណីមេទា រហូតដល់ផលិតជាពងនិងបញ្ចេញលក់នៅលើទីផ្សារ។ ហើយបច្ចុប្បន្ននេះពងទាកូនស្រែរនោងត្រូវបានផ្គត់ផ្គងលើទីផ្សារទូទាំងប្រទេស ដោយបានចូលរួមបង្កើតការងារនិងចំណូលជាច្រើន ព្រមទាំងលើកកម្ពស់កម្រិតជីវភាពកសិករនៅឃុំស្រែរនោងកាន់តែធូរធាឡើងជាលំដាប់។
ក្នុងឳកាសនោះដែរ ឯកឧត្តម អ៊ូច ភា ក៏បានបង្ហើបថា នៅទូទាំងខេត្តតាកែវមានមេទា ចំនួន១៦១២៩៧០ក្បាល ចិញ្ចឹមជាលក្ខណៈគ្រួសារនិងមានកសិដ្ឋានចំនួន១៧២កន្លែងនិងកន្លែងភ្ញាស់ពងទាចំនួន៧២កន្លែង។
ដោយឡែកសម្រាប់តម្លៃបោះដុំពងទាកូនឲម៉ូយធំៗ នៅទូរទាំងប្រទេសនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ នេះ លោក សូត្រ សុផល ប្រធានសហគមន៍ពងទារកូនស្រែរនោង បានឲដឹងថា ពងទាកូនមានតម្លៃ ចាប់ពី៥០០រៀល ទៅ៥៥០រៀលក្នុងមួយគ្រាប់ ចំពោះតម្លៃលក់រាយវិញ ក្នុង១គ្រប់ ៧០០រៀល ក្នុងនោះសហគមន៍យើង បានផ្គត់ផ្គង់ការនាំចេញពងទារកូនក្នុងមួយថ្ងៃ ១០ម៉ឺនគ្រប់ សម្រាប់នាំចេញទៅតាមបណ្តាខេត្ត និងរាជធានីភ្នំពេញ ៕រក្សាសិទ្ធិដោយ៖ តាកែវ