ភ្នំពេញ៖ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានឱ្យដឹងថា តាមការប៉ាន់ស្មានតម្រូវការបន្លែនៅក្នុងឆ្នាំ២០២០ មានចំនួនសរុបជាង ១លានតោន ខណៈការផ្គត់ផ្គង់បន្លែក្នុងស្រុកមាន ប្រមាណជាង ៧១ម៉ឺនតោន ហើយកម្ពុជាចាំបាច់ត្រូវនាំចូលបន្លែសរុបចំនួនជាង ៣២ម៉ឺនតោនបន្ថែមទៀត ដោយភាគច្រើនជាបន្លែ ដែលកម្ពុជាមិនអាចផលិតបាន។
ក្រសួងកសិកម្ម ដែលមានអគ្គនាយកដ្ឋានកសិកម្មជាសេនាធិការ បានទទួលការគាំទ្រពីរាជរដ្ឋាភិបាល តាមរយ:ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងដៃគូអភិវឌ្ឍន៍ ជាពិសេសមូនិធិអន្តរជាតិ សម្រាប់ការអភិវឌ្ឍន៍វិស័យកសិកម្ម បាននិងកំពុងជំរុញ គាំទ្រ និងលើក ទឹកចិត្តឲ្យវិស័យឯកជន រួមជាមួយដៃគូអភិវឌ្ឍន៍ជាច្រើន អនុវត្តគម្រោងផលិតកម្មបន្លែសុវត្ថិភាពជាមួយកសិករ និងដៃគូរនានានៅទូទាំងប្រទេស តាមរយ:កិច្ចសហការដ៏ល្អនេះ។
រដ្ឋមន្ត្រីក្រសួងកសិកម្ម ឯកឧត្តម វេង សាខុន បានមានប្រសាសន៍ថា កំណើនសេដ្ឋកិច្ច បានក្លាយជាដើមចមមួយយ៉ាងសំខាន់ នៃដំណើរការវិវត្តន៍រីកចម្រើនកម្រិតជីវភាពរបស់ប្រជាពលរដ្ឋ ដែលធ្វើឲ្យប្រជាពលរដ្ឋចាប់អារម្មណ៍គិតគូរពីការរស់នៅស្អាត បញ្ហាសុខភាព និងមាននិន្នាការប្រកាន់យករបបអាហារមួយមានគុណភាព និងសុវត្ថិភាព ជាពិសេស បន្លែ ផ្លែឈើ និងត្រីសាច់។
ដើម្បីឆ្លើយតបតាមសេចក្តីត្រូវការរបស់អ្នកបរិភោគបន្លែ និងផ្លែឈើមានគុណភាព និងសុវត្ថិភាពល្អ រាជរដ្ឋាភិបាលបានជំរុញ លើកទឹកចិត្ត និងគាំទ្រឲ្យ ប្រជាពលរដ្ឋខិតខំយកចិត្តទុកដាក់បង្កើនការដាំដុះបន្លែក្នុងស្រុក ដើម្បីផ្គត់ផ្គង់ឲ្យទីផ្សារ ជួយបង្កើនប្រាក់ចំណូលក្នុងគ្រួសារ បង្កើតការងារ និងឆក់យកកាលានុវត្តភាព ដែលពិភពលោកកំពុងប្រឈមនឹងវិបត្ត នៃការរីករាលដាលជាសកលនៃជំងឺឆ្លងកូវីដ-១៩ ដើម្បីពង្រីកសក្តានុពលផលិតកម្មបន្លែសុវត្តិភាព ឈានទៅកាត់បន្ថយការនាំចូលផងដែរ។
គួរបញ្ជាក់ថា អនាគតដ៏ខ្លី ក្រសួងកសិកម្មជឿជាក់ថា កម្ពុជានឹងមានបន្លែសុវត្ថិភាពគ្រប់គ្រាន់ សម្រាប់ផ្គត់ផ្គង់ឲ្យទីផ្សាក្នុងស្រុក និងធ្វើការនាំចេញផងដែរ ដោយក្រសួងក៏បានគិតគូរយកចិត្តទុកដាក់សិក្សា ស្រាវជ្រាវអំពីលទ្ធភាពពង្រីក នៃការផលិតបន្លែសំខាន់ៗមួយចំនួន ដូចជាស្ពៃក្តោប ស្ពៃបូកគោ ការ៉ុត ដំឡូងបារាំង និងមើមខ្ទឹមសជាដើម ដើម្បីរួមចំណែកបំពេញបន្ថែមនូវសេចក្តីត្រូវការរបស់អ្នកហូប៕ រក្សាសិទ្ធិដោយ ៖ CEN