ក្រុងប៉ោយប៉ែត ៖ ពាក្យថាចោរ គឺមានច្រើនសណ្ឋាន មានដូចជាចោរលួច ចោរឆក់ ចោរប្លន់ ជាដើម។ តែយ៉ាងណា យើងក៏មិនអាចមើល និងវាយតម្លៃសំបកក្រៅដឹងថា អ្នកនេះអ្នកនោះជាចោរបាននោះទេ ព្រោះថា ចោរខ្លះមានមុខមាត់ស្អាតបាត និងសូម្បីតែការស្លៀកពាក់ក៏មានរបៀបថ្លៃថ្នូរផងដែរ។
ជាក់ស្តែង ថ្មីៗនេះ អ្នកប្រើប្រាស់បណ្តាញសង្គម ពិតមានការហួសចិត្តជាខ្លាំង ខណៈបានឃើញស្ត្រីវ័យចំណាស់ម្នាក់ ស្ថិតក្នុងសម្លៀកពាក់បំពាក់ស្អាតបាត តែមិននឹកស្មានថាជាចោរសោះ ត្រូវបានអាជីវកលក់ខោអាវម្នាក់ នៅផ្សារមួយកន្លែងក្នុងទីក្រុងប៉ោយប៉ែត ចាប់បានស្តែងៗតែម្តង ក្រោយពីស្ត្រីរូបនេះបានចូលបន្លំលួចយកសម្លៀកបំពាក់១ដុំធំ ដាក់ចូលក្នុងកាបូបស្ពាយ។
តាមរយៈវីដេអូ អ្នកលក់ដែលមានចិត្តត្រជាក់ បាននិយាយទៅកាន់ស្ត្រីជាចោរក្នុងកាយវិការ សម្តីសំដៅយ៉ាងស្រទន់ថា៖ «អ៊ុំឯងធ្វើអ៊ីចឹង តើសមអត់ អ៊ុំ! រូបរាងអ៊ុស្អាតបាតទាំងអស់ តែអ៊ុំបែរមកធ្វើចរិតអ៊ីចឹង អ៊ុំ! អ៊ុំឯងចូលមកលួចជាញឹកញាប់ តែឥឡូវ ខ្ញុំតាមទាន់ហើយអ៊ុំ អ៊ីចឹង បានជាអីវ៉ាន់ខ្ញុំចេះតែរលោះរហូត… ចង់និយាយថា បើអ៊ុំអត់ អ៊ុំសុំគេៗ ក៏មិនដាច់ធម៌មេត្តាលើអ៊ុំដែរអ៊ុំ…. គ្មានអីទេ គ្រាន់តែថាចង់ឲ្យបងប្អូនជួយមើលទៅ នេះចំពោះអីវ៉ាន់ខ្ញុំ តែបើអ៊ុំឯងទៅយកអីវ៉ាន់គេផ្សេងៗ គ្នាលក់បានចំណេញតិចៗណាស់អ៊ុំ!!»។
ក្រោយពីបានឃើញបែបនេះ អ្នកប្រើប្រាស់បណ្តាញសង្គម បានកោតសរសើរពីទឹកចិត្តម្ចាស់តូចជាខ្លាំង ដោយក្នុងនោះគេបានលើកឡើងបែបនេះថា៖ «យាយឯងសំណាងហើយ ដែលប៉ះចំបងស្រីមានទឹកចិត្តល្អ និងធម៌មេត្តា បើប៉ះចំអ្នកលក់កាចវិញ ដឹងតែផ្អើលផ្សារហើយយាយ!»។ រីឯអ្នកខ្លះទៀត ក៏បានចូលមកប្រាប់ឲ្យដឹងថា៖ «យាយហ្នឹងហើយ លួចទូរស័ព្ទកាលនៅផ្សារថៃ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង