Sunday, January 29, 2023

សម្តេច​តេ​ជោ ហ៊ុន សែន បន្ថែម​ថវិកា ៥០០​លាន​រៀល និង​គ្រឿង​បរិភោគ​-​ឧបភោគ ដល់​ខេត្តបន្ទាយមានជ័យ សម្រាប់​ការធ្វើ​ច​ត្តា​ឡី​ស័ក

spot_img

ភ្នំពេញ ៖ ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​បន្ថែម​ការឧបត្ថម្ភ​ថវិកា ៥០០​លាន​រៀល និង​ជំនួយ​គ្រឿង​បរិភោគ​-​ឧបភោគ មួយចំនួន​បន្ថែមទៀត ដល់​ខេត្តបន្ទាយមានជ័យ ដើម្បី​រៀបចំ​ការធ្វើ​ច​ត្តា​ឡី​ស័ក សម្រាប់​ពលករ​ខ្មែរ ដែល​ត្រឡប់​មកពី​ប្រទេស​ថៃ ការពារ ទប់ស្កាត់ កុំឱ្យ​មានការ​រីក​រាល​ដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ខណ​:​ពលករ​ខ្មែរ​ជាង ១,២​ម៉ឺន​នាក់ បាន​ត្រឡប់​ពី​ប្រទេស​ថៃ។​

​បើតាម លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល បាន​ឲ្យ​ដឹងថា ក្រៅពី​ថវិកា​៥០០​លាន​រៀល សម្តេច​តេ​ជោ ហ៊ុន សែន បាន​ឧបត្ថម្ភ​ដូចជា ឃី​ត ៥​ពាន់​ឃី​ត មី​៥​ពាន់​កេស និង​ទឹក​សុទ្ធ ១​ម៉ឺន​កេស​, ហើយ​ថវិកា និង​ជំនួយ​ទាំងនេះ ត្រូវបាន​ក្រសួងសុខាភិបាល ចាត់ចែង​ដឹកជញ្ជូន​ទៅ​ប្រគល់​ឲ្យ រដ្ឋបាលខេត្ត​បន្ទាយមានជ័យ នៅ​យប់​នៃ​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០២១ ។​

​គួររំលឹកថា កាលពី​ថ្ងៃទី​០៨ ខែមករា ឆ្នាំ​២០២១ កន្លងទៅ សម្តេច​តេ​ជោ ហ៊ុន សែន ទើបតែ​បន្ថែម​ថវិកា​សរុប ៧០០​លាន​រៀល​ទៀត ដល់​ខេត្ត​ជាប់​ព្រំដែន​ចំនួន​៤ ដើម្បី​រៀបចំ​ធ្វើ​ច​ត្តា​ឡី​ស័ក សម្រាប់​ពលករ​ខ្មែរ​ដែល​ត្រឡប់​មកពី​ប្រទេស​ថៃ​។ ខេត្ត​ជាប់​ព្រំដែន​ចំនួន ៤​នោះ មាន ខេត្ត​ប៉ៃលិន ទទួលបាន​ថវិកា​បន្ថែម ២០០​លាន​រៀល​, ខេត្តបាត់ដំបង ទទួលបាន ២០០​លាន​រៀល​, ខេត្តបន្ទាយមានជ័យ ទទួលបាន ២០០​លាន​រៀល និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ទទួលបាន​ថវិកា​បន្ថែម ១០០​លាន​រៀល​។​

​ជុំវិញ​អ្នកធ្វើ​ច​ត្តា​ឡី​ស័ក បើតាម​ក្រសួងសុខាភិបាល ឲ្យ​ដឹងថា រហូតដល់​ពេលនេះ មាន​ពលករ​ជាង ១,២​ម៉ឺន​នាក់ បាន​ត្រឡប់​ពី​ប្រទេស​ថៃ ហើយ​ត្រូវ​បានដាក់​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក នៅ​ខេត្ត​ជាប់​ព្រំដែន ក្នុងប្រទេស​កម្ពុជា បន្ទាប់ពី​ប្រទេស​ថៃ មានការ​ផ្ទុះ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ក្នុង​សហគមន៍​យ៉ាងគំហុក នៅ​ខេត្ត​សាមុត​សា​ខន ហើយ​បន្ត​រាល​ដល់​ខេត្ត​មួយចំនួន​ជាប់​ព្រំដែន ៕ រក្សា​សិទ្ធិ ដោយ ពិសិដ្ឋ CEN​