ភ្នំពេញ៖ បុរសម្នាក់បានបាត់បង់ជីវិតបន្ទាប់ពីជិះម៉ូតូលឿនពេកជ្រុលទៅបុកនឹងទ្រូងផ្លូវបណ្តាលឲ្យប៉ើងមនុស្សទៅមុខបោកក្បាលនៅនិងថ្នល់ស្លាប់នៅកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរបានកើតឡើងនៅវេលាម៉ោង ១០ និង១៥ នាទីយប់ថ្ងៃអង្គារ ទី១២ ខែមករា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ១ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
សពជនរងគ្រោះ ឈ្មោះ ហេង ផល្លីន ភេទប្រុស អាយុ ៣៧ ឆ្នាំ មុខរបរបំរើការងារនៅណាហ្គាវើល មានស្រុកកំណើតនៅ ភូមិ យោកបាត្រ១ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
បើយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគាត់បានឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿង ម៉ាក ស្មាស វី ពណ៌ខ្មៅ ពាក់ផ្លាកលេខ 1BD 59 39 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុក៏បានជ្រុលទៅបុកទ្រូងផ្លូវពេញទំហឹងបណ្តាលឲ្យជនរងគ្រោះប៉ើងទៅមុខបោកក្បាលនិងថ្នល់ស្លាប់ក្នុងថ្លុកឈាម។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងខាងជំនាញចរាចរណ៍ខណ្ឌច្បារអំពៅចុះមកដល់រួចធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុកនិងធ្វើកំណត់ហេតុប្រគល់សពឲ្យក្រុមគ្រួសារយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ៖ សា មេត