ភ្នំពេញ÷ បុរសម្នាក់ បានបើករថយន្តក្នុងល្បឿនលឿនទៅបុកម៉ូតូរួចបន្តទៅបុកចូលក្នុងអូសហ្វីសការ៉ាស់សាំងមួយកន្លែងហើយបន្តបើករត់ទៅមុខតែសំណាងមិនល្អត្រូវសមត្ថកិច្ចតាមឃាត់បានវិញ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរបានកើតឡើងនៅវេលាម៉ោង ២ និង ៥០ នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃពុធ ទី១៣ ខែមករា ឆ្នាំ ២០២១ ស្ថិតនៅតាម២១៥ ក្នុងសង្កាត់ វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
បើយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគាត់បានឃើញបុរសម្នាក់រួមទាំងអ្នកដំណើរបានបើករថយន្តមួយគ្រឿងម៉ាកព្រូស ពណ៌ កណ្តុប្រមេះ ពាក់ផ្លាកលេខ 2BI 90 03 ធ្វើដំណើរតាមបណ្តោយផ្លូវ២១៥ ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុក៏បានជ្រុលទៅបុកម៉ូតពេញទំហឹងបណ្តាលឲ្យម្ចាស់ម៉ូតូរងរបួសស្រាលរួចបន្តទៅបុកចូលក្នុងអូសហ្វីសការ៉ាស់ សាំងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។ ចំណែកឯតៃកុងរថយន្តបន្តបើករត់គេចទៅមុខដល់ផ្លូវ ១៤៦ កែងផ្លូវម៉ៅសេទុង បើកទៅមុខលែងរួចក៏ទុករថយន្តចោលរត់គេចខ្លួនបាត់ស្រមោលបន្សល់ទុកតែរថយន្ត។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងខាងចរាចរណ៍ជំនាញខណ្ឌ៧មករាចុះមកដល់រួចក៏ធ្វើការវាស់វែងនិងហៅរថយន្តស្ទូចមកស្ទូចយករថយន្តបង្កខាងលើទៅរក្សាទុករង់ចាំដំណោះស្រាយនៅពីក្រោយ៕ រក្សាសិទ្ធិដោយ៖ សា មេត