Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងពាណិជ្ជកម្ម​ចុះហត្ថលេខា​លើ​កិច្ចសហការ​ជំរុញ​ពាណិជ្ជកម្ម​លើ​ផលិតផល​សិប្បកម្ម និង​សកម្មភាព​ជំរុញ​ពាណិជ្ជកម្ម​ជាមួយ​ក្រុមហ៊ុន​ឯកជន​

​អគ្គនាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម នៃ​ក្រសួងពាណិជ្ជកម្ម និង​វិស័យ​ឯកជន​ចំនួន ២​ក្រុមហ៊ុន​គឺ ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា (​កូ​កា​-​កូ​ឡា​) និង ក្រុមហ៊ុន Beyond Retail Business Cambodia (B.R.B) បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ក្នុង​គោលបំណង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​ការងារ​វិស័យ​ជំរុញ​ពាណិជ្ជកម្ម​។​

​ពិធី​ចុះហត្ថលេខា​នេះ មានការ​ចូលរួម​ដោយ លោក រាជ រ៉ា រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម លោក ស៊ា​ង ថៃ រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម លោក កៅ កោសល អគ្គនាយក​ជំរុញ​ពាណិជ្ជកម្ម​នៃ​ក្រសួងពាណិជ្ជកម្ម លោក ARUP SINHA ROY នាយក​ផ្នែក​ហិរញ្ញវត្ថុ​ប្រចាំ​ប្រទេស តំណាង​ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា កូ​កា​-​កូ​ឡា លោក ROMANO Pierre-André និង លោកស្រី BARTENAY Anne-Laure ម្ចាស់​ក្រុមហ៊ុន Beyond Retail Business Cambodia (B.R.B)​។

​អនុស្សរណៈ​យោគយល់​គ្នា​ទាំងពីរ​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ដូចតទៅ​៖ ទី​១- អនុស្សរណៈ​យោគយល់​ស្តីពី កិច្ចសហការ​ជំរុញ​ពាណិជ្ជកម្ម​លើ​ផលិតផល​សិប្បកម្ម រវាង​អគ្គនាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម និង ក្រុមហ៊ុន B.R.B ធ្វើឡើង​ក្នុង​គោលបំណង​រៀបចំ​កម្មវិធី​ជំរុញ​ពាណិជ្ជកម្ម​លើ​ផលិតផល​សិប្បកម្ម ដែលមាន​គោលដៅ​អភិវឌ្ឍន៍​ផលិតផល​កុល​ភាជន៍​កម្ពុជា នៅក្នុង​ខេត្តកំពង់ឆ្នាំង ហើយ​ផែនការ​នៃ​គម្រោង​នេះ គឺ​រៀបចំ​រចនាសម្ព័ន្ធ​ផលិតកម្ម រៀបចំ និង​ពង្រឹង​សហគមន៍​ផលិត បណ្តុះបណ្តាល​ធនធានមនុស្ស អភិវឌ្ឍន៍​ផលិតផល អភិវឌ្ឍន៍​ទីផ្សារ និង​ជំរុញ​ការប្រើប្រាស់​ផលិតផល​កុល​ភាជន៍​កម្ពុជា​ឲ្យ​បាន​ទូលំទូលាយ​។​

​ទី​២- អនុស្សរណៈ​យោគយល់​ស្តីពី កិច្ចសហប្រតិបត្តិការ​លើ​ការចូលរួម​សកម្មភាព​ជំរុញ​ពាណិជ្ជកម្ម រវាង​អគ្គនាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម នៃ​ក្រសួងពាណិជ្ជកម្ម និង ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា កូ​កា​-​កូ​ឡា រៀបចំឡើង​ក្នុង​គោលបំណង​លើកកម្ពស់ និង​ជំរុញ​ការប្រើប្រាស់​ផលិតផល​ក្នុងស្រុក បង្កើន និង​កសាង​សមត្ថភាព​សហគ្រិន​កម្ពុ​ជា និង​បង្កើត​ឱកាស​គ្រប់គ្រង​ធុរកិច្ច​ដល់​ស្ត្រី ក្នុងការ​ចូលរួម​អភិវឌ្ឍ​វិស័យ​ពាណិជ្ជកម្ម និង​លើកស្ទួយ​សេដ្ឋកិច្ច​-​សង្គមជាតិ​ប្រកបដោយ​បរិ​យា​ប័ន្ន​។​

​តាមរយៈ​កិច្ចសហប្រតិបត្តិការ​ខាងលើ នឹងចូលរួម​ចំណែក​ដ​ល់​ការអភិវឌ្ឍ​វិស័យ​ពាណិជ្ជកម្ម និង​ការជួយជ្រោមជ្រែង​លើកកម្ពស់​ទីផ្សារ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ចកម្ពុជា ជាពិសេស​ជំរុញ​ការប្រើប្រាស់​ផលិតផល​ក្នុងស្រុក​ឱ្យ​កាន់តែ​ទូលំទូលាយ ហើយ​វិស័យ​សាធារណៈ និង​វិស័យ​ឯកជន នឹង​រួម​សហការគ្នា​រៀបចំ​ព្រឹត្តិការណ៍​ជំរុញ​ពាណិជ្ជកម្ម រៀបចំ​យុទ្ធនាការ​ថ្នាក់ជាតិ​លើកកម្ពស់​វិស័យ​ពាណិជ្ជកម្ម យុទ្ធនា​ការទិញ​ផលិតផល​ខ្មែរ ពិព័រណ៍​ផលិតផល​ខ្មែរ និង​ទំនិញ​នាំចេញ​-​នាំចូល​អន្តរជាតិ សន្និសីទ វេទិកា សិក្ខាសាលា​ទាក់ទង​នឹង​វិស័យ​ពាណិជ្ជកម្ម ។​ល​។ ក្នុងទិសដៅ​លើកកម្ពស់​ការប្រើប្រាស់​ផលិតផល​ក្នុងស្រុក និង​រួមចំណែក​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ក្នុង​ខ្សែ​ច្រ​វ៉ា​ក់ត​ម្លៃ ពង្រឹង​ផលិតភាព និង​គុណភាព​ផលិតផល ឱ្យ​ឆ្លើយតប​តាម​តម្រូវ​ទីផ្សារ​៕ រក្សាសិទ្ធិដោយ ៖ CEN

×