លោក អៀម រ៉ាវុធ បានបង្ហាញឱ្យមហាជនដឹងតាមរយៈ ការបង្ហោះនៅក្នុងអាខោនហ្វេសប៊ុករបស់លោកថា ក្រុមហ៊ុនជប៉ុន អូកាតូ ដែលជារោងចក្រផលិតសម្ភារប្រើប្រាស់ក្នុងផ្ទះ បានបញ្ជាទិញ ជក់ត្នោតរាប់តោន ដើម្បីយកទៅកែច្នៃធ្វើជារបស់ប្រើប្រាស់ក្នុងផ្ទះ ដូចជាអំបោស ជាដើម ដែលការស្វែងរកទិញនេះ នឹងធ្វើឲ្យប្រជាកសិករ រកចំណូលបន្ថែម ក្រៅពីធ្វើស្រែចំការ ។
លោក លោក អៀម រ៉ាវុធ បានបញ្ជាក់ថា លោកជាបុគ្គលិកសាលារៀនមួយនៅជម្ពូវ័ន ហើយលោកមានមិត្តភក្ដិជាបុគ្គលិកនៅក្នុងក្រុមហ៊ុន អូកាតូ ខេមបូឌា ដែលស្វែងរកទិញជក់ត្នោតនេះ ទើបលោកក៏ប្រកាសបន្ត ឬជួយរកទិញឲ្យក្រុមហ៊ុននេះដែរតែម្តងទៅ ។ ក្រុមហ៊ុន អូកាតូ ខេមបូឌា នេះ មានអាស័យដ្ឋាននៅ ភ្នំពេញ ស្ថិតនៅតំបន់សេដក្ឋកិច្ចពិសេសកំបូល ផ្លូវជាតិលេខ៤ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ ជារោងចក្រផលិតសម្ភារប្រើប្រាស់ ។
លោកបានឲ្យដឹងទៀតថា រោងចក្រជប៉ុននេះ ទើបតែដាក់គំរោងឲ្យលោកដើររកទិញកាលពីសប្តាហ៍មុនទេ ហើយបើតាមប្រធានក្រុមហ៊ុន គាត់បានប្រាប់ថា សព្វថ្ងៃក្រុមហ៊ុន អូកាតូ ខេមបូឌា បាននាំចូលជក់ត្នោតពីឥណ្ឌា ចំណែកជក់ត្នោតរបស់ខ្មែរយើងនៅមិនទាន់បាននៅឡើយទេ កំពុងស្វែងរកនៅឡើយ ។ ចំពោះជក់ត្នោតនេះ ក្រុមហ៊ុនត្រូវការរាប់តោនឯណោះ ដោយទិញក្នុង ១គីឡូក្រាម ៧.០០០រៀល (ប្រាំពីរពាន់រៀល) ហើយប្រវែងខ្នាតវិញ គឺយកខ្នាតចន្លោះពី ៤០ ទៅ ៤៣ សង់ទីម៉ែត្រ ។
សូមបញ្ជាក់ថា ចំពោះជក់ត្នោតដែលកំពុងប្រមូលទិញពេលនេះ គឺត្រូវការពីគ្រប់មជ្ឍដ្ឋាន ប៉ុន្តែពេលនេះកំពុងចរចាគ្នាជាប់ជាដៃគូហើយនេះ គឺខេត្តកំពង់ស្ពឺ និងខេត្តតាកែវ, នៅពេលដែលបានជកត្នោតមក គឺខាងរោងចក្ររបស់ជប៉ុន នឹងផលិតជក់ត្នោតទាំងនេះ ទៅជារបស់ប្រើប្រាស់ផ្សេងៗ ដើម្បីនាំយកទៅលក់នៅក្រៅប្រទេស ៕ រក្សាសិទ្ធិដោយ ៖ពិសិដ្ឋ CEN