ភ្នំពេញ÷ ជនជាតិចិនប្រុសស្រី ២នាក់បានបាត់បង់ជីវិតភ្លាមៗបន្ទាប់ពីមានជនមិនស្គាល់មុខបានសម្លាប់ នៅបន្ទប់លេខ៩០១ ជាន់ទី០៩ ក្នុងសណ្ឋាគារ LH Residence ស្លាប់យ៉ាងអាណោចអាធ័ម។
ហេតុការណ៍នេះដែមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៣និង៤០នាទីរសៀល ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ដែលស្ថិតនៅតាមផ្លូវ លេខ៩ ខាងត្បូងផ្សារកាប់គោ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានប្រាប់មកសារព័ត៌មាន CEN ថា នៅមុនពេលកើតហេតុ មាននាក់បោសសម្អាតនៅក្នុងបន្ទប់បានគោះទ្វារ ដើម្បីចូលទៅសម្អាត ស្រាប់តែពេលនោះ នៅក្នុងបន្ទប់ខាងលើ ពុំមានចាក់សោរនោះទេ
បន្ទាប់មក បុគ្គលិកបោសសម្អាតបន្ទប់ក៏បានច្រានទ្វារចូលទៅក្នុង ស្រាប់តែស្រឡាំងកាំងក៏បានឃើញជនជាតិចិន ២នាក់ប្រុសស្រី ដេកស្លាប់នៅក្នុងបន្ទប់បាត់ទៅហើយ ហើយភ្លាមៗនោះ ដែរក៏បានរត់ទៅរាយការណ៍ឲ្យសមត្ថកិច្ចមូលដ្ឋាន ដើម្បីឲ្យចុះមកទីតាំងកើតហេតុដើម្បីជួយអន្តរាគមន៍និងធ្វើការពិនិត្យជុំវិញទីតាំងកន្លែងកើតហេតុ ដើម្បីរកវត្តុតាងផ្សេងៗដើម្បីកត់រកមុខសញ្ញាជនបង្ក។
ក្រោយពេលកើតហេតុខាងលើសមត្តកិច្ចមូលដ្ឋានខណ្ឌចំការមន សហការជាមួយកម្លាំងជំនាញ ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ និងជំនាញ កោសល្យវិច័យ ចុះធ្វើការសាកសួរ និងកំណត់អត្តសញ្ញារបស់ជនដៃដល់ ដើម្បីតាមឃាត់យកមកចាត់ការទៅតាមផ្លូវច្បាប់៕ រក្សាសិទ្ធិដោយ៖ សា មេត