ភ្នំពេញ៖បុរសម្នាក់រួមទាំងអ្នកដំណើរ២នាក់ទៀត បានបើករថយន្តក្នុងល្បឿនលឿនក្នុងស្ថានភាពស្រវឹងជោក ទៅបុកពីក្រោយរថយន្តដឹកសំរាម បណ្តាលឲ្យត្រូវកម្មករប៉ើងទៅមុខស្លាប់ម្នាក់ និងរងរបួសធ្ងន់ស្រាល ២នាក់បញ្ជូនទៅមន្ទីរពេទ្យ។ ចំណែកឯអ្នកបង្កបើកទ្វាររត់គេចខ្លួនឃាត់បានតែនាក់រួមដំណើ២នាក់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ កើតឡើងនៅវេលាម៉ោង ១០ និង ៣០នាទីយប់ត្រូវនឹងថ្ងៃពុធទី ១៣ ខែមករា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ២ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រភព័ត៌មានពីកម្មករប្រមូលសំរាម បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគាត់បានបើករថយន្តស៊ីនទ្រី ដឹកសំរាមមួយគ្រឿង មិនមានផ្លាកលេខធ្វើដំណើតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងទិសដៅពីលិចមកកើត មកដល់ចណុចកើតហេតុ បាននាំគ្នាឈុបដើម្បីប្រមូលសំរាមតាមដងផ្លូវ ខណៈពេលភ្លាមៗនោះដែរ ស្រាប់តែមានរថយន្តម៉ាកព្រូសមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2BE 6693
ធ្វើដំណើរពីក្រោយស្របទិសគ្នា ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿនដូចហោះ ជ្រុលមកបុកពីក្រោយពេញទំហឹង បណ្តាលឲ្យត្រូវកម្មករប៉ើងទៅមុខស្លាប់ម្នាក់ និងរងរបួសធ្ងន់និងស្រាល២ នាក់។ ចំណែកឯរថយន្តបង្កវិញ រងការខូតផ្ទៃខាងមុខស្ទើរទាំងស្រុង។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងខាងជំនាញចរាចរណ៍ខណ្ឌមានជ័យ ចុះមកដល់រួចក៏ប្រគល់តួនាទីនេះ ទៅឲ្យខាងចរាចរណ៍ជំនាញក្រុង ធ្វើការវាស់វែងយករថយន្តខាងលើ ទៅរក្សាទុករង់ចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ៖ សា មេត