ភ្នំពេញ៖ បញ្ជាការដ្ឋានទ័ពពិសេស នៅរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១នេះ បានចេញផ្សាយព័ត៌មានថា លោកវរសេនីយ៍ត្រី លឹម សាយ ជាគ្រូបង្វឹកលោតឆត្រយោង បានលោតខុសលក្ខណៈបច្ចេកទេស ក្នុងការបញ្ជាឆត្រ បានធ្វើឲ្យមានគ្រោះថ្នាក់រងរបួសធ្ងន់ , បន្ទាប់មកត្រូវបានអង្គភាពដឹកយកទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ រហូតដល់វេលាម៉ោង12និង30 នាទីទើបអង្គភាពទទួលបានដំណឹងថា លោកវរសេនីយ៍ត្រី បានពលីជីវិតទៅហើយ។
បញ្ជាការដ្ឋានទ័ពពិសេស បានបញ្ជាក់ថា “សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ដែលចាប់ពីពេលនេះតទៅ យើងបានបាត់បង់នាយទាហានដ៏ល្អមួយរូបជារាងរហូតហើយ។ សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី 14/01/2021 លោកវរសេនីយ៍ត្រី លឹម សាយ ជាគ្រូបង្វឹកលោតឆត្រយោង និងក្រុមគ្រូផ្សេងទៀតចំនួន 13 នាក់ បានអនុវត្តលោតឆត្របញ្ជាសម្តែង ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនកម្មុង់ដូរជំនាន់ទី10 វគ្គហ្វឹកហ្វឺនឆត្រយោងជំនាន់ទី29 និងបើកវគ្គហ្វឹកហ្វឺនឆត្រយោងជំនាន់ទី30 នៅសាលាហ្វឹកហ្វឺនទ័ពពិសេសតេជោសែនឱរ៉ាល់ ដោយលោក វរសេនីយ៍ត្រី លឹម សាយ បានខុសលក្ខណៈបច្ចេកទេសក្នុងការបញ្ជាឆត្រ បានធ្វើឲ្យមានគ្រោះថ្នាក់រងរបួសធ្ងន់ បន្ទាប់មកត្រូវបានអង្គភាពដឹកយកទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ រហូតដល់វេលាម៉ោង12និង30 នាទី ទើបអង្គភាពទទួលបានដំណឹងថា លោកវរសេនីយ៍ត្រី លឹមសាយ បានពលីជីវិតទៅហើយ។
ពេលនេះ ក្រុមគ្រួសារបានស្នើសុំយកសពលោក ទៅធ្វើបុណ្យតាមប្រពៃណី នៅឯស្រុកកំណើត នៅខេត្តកំពង់ឆ្នាំង ហើយ អង្គភាព និងនាយទាហាន ពលទាហាននៃបញ្ជាការដ្ឋានទ័ពពិសេស ចូលរួមកម្មវិធីបុណ្យសពតាមប្រពៃណី សូមបងប្អូនមិត្តភក្តិរួមជំនាន់ និងអតីតសិស្សឆត្រយោង សិស្សកម្មុង់ដូរទាំងអស់ ចូលរួមបុណ្យសពតាមប្រពៃណីការគួរ សូមបងប្អូនជ្រាបជាដំណឹង។ សូមអរគុណ”៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ