ភ្នំពេញ៖ បុរសម្នាក់រួមទាំងអ្នកដំណើរបានបើករថយន្តបំពានភ្លើងស្តុបក្នុងល្បឿនលឿន ក៏ត្រូវរថយន្តម៉ាកព្រូសជាន់ហ្វ្រាំងមិនទាន់ ជ្រុលទៅបុកចំពាក់កណ្តាលទ្វារខាងឆ្វេងពេញទំហឹង បណ្តាលឲ្យរថយន្តម៉ាកព្រូសបន្តទៅបុកបង្គោលស្លាកសញ្ញាបាក់មួយដើមថែមទៀត។ ចំណែកឯម្ចាស់រថយន្តហាយឡែនឌ័រ រត់គេចខ្លួនបន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង ១និង ៥០នាទីយប់ ឈានចូលថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២១
ស្ថិតនៅតាមបណ្ដោយផ្លូវព្រះសីហនុ កែងផ្លូវ ១០៥ ក្នុងសង្កាត់បឹងព្រលឹត ខណ្ឌប្រាំ៧មករា រាជធានីភ្នំពេញ។
ប្រភព័ត៌មានពីម្ចាស់រថយន្តរងគ្រោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគាត់បានបើករថយន្តម៉ាកព្រូសមួយគ្រឿងពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 2-BC 36 08 គាត់បានចេញពីធ្វើការធ្វើដំណើតាមបណ្តោយផ្លូវព្រះសីហនុ ក្នុងទិសដៅពីត្បូងទៅជើង គោលបំណងបម្រុងចូលហូបបាយរួចបានត្រឡប់ទៅផ្ទះវិញ ខណៈពេលដែលមកដល់និងស្តុបផ្លូវបំបែកជាបួន ស្រាប់តែមានរថយន្តហាយឡិនឌ័រមួយគ្រឿងទៀត ពណ៌ពាក់ផ្លាកលេខ ភ្នំពេញ 2-AM 55 65 ធ្វើដំណើរក្នុងទិសដៅពីកើតមកលិច ក្នុងល្បឿនលឿនដូចហោះ ខណៈពេលដល់ភ្លើងស្តុបក្រហមនៅមិនឈប់បើកទាំងបំពានច្បាប់ចរាចរណ៍ រួចម្ចាស់រថយន្តព្រូសជាន់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុកចំពាក់កណ្តាលពេញទំហឹង រួចរថយន្តម៉ាកព្រូសបន្តទៅបុកបង្គោលស្លាកសញ្ញាបាក់អស់មួយដើមទៀត។
សំណាងល្អក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ មិនបង្ករបួសស្នាមទៅដល់ម្ចាស់រថយន្តទាំងពីរនោះទេ ហើយមិនបង្ករបួសស្នាមទៅដល់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវនោះដែរ រងការខូចខាតតែរថយន្តទាំងសងខាង និងបាក់បង្គោលស្លាកសញ្ញាអស់មួយដើម។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងខាងជំនាញចរាចរណ៍ខណ្ឌមានជ័យ ចុះមកដល់រួចក៏ប្រគល់តួនាទីនេះ ទៅឲ្យខាងចរាចរណ៍ជំនាញក្រុង ធ្វើការវាស់វែងយករថយន្តខាងលើ ទៅរក្សាទុករង់ចាំដោះស្រាយនៅពេលក្រោយ៕រក្សាសិទ្ធិដោយ៖ សាមេត