Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សិស្សវិទ្យាល័យសម្តេច ហ៊ុន សែន អង្គស្តុកជិត២០នាក់ទៀត នៅខេត្តកំពត បានដួលសន្លប់

spot_img

ខេត្តកំពត៖ សមត្ថកិច្ចនគរបាល ខេត្តកំពត បានអោយដឹងថា កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ ម្សិលមិញនេះ សិស្សសាលាវិទ្យាល័យសម្តេច ហ៊ុន សែន អង្គស្តុក ស្ថិតនៅភូមិស្តុក ឃុំសំឡាញ់ ស្រុកអង្គរជ័យ ខេត្តកំពត ជិត២០នាក់ បានបន្តដួលសន្លប់ ពេលពួកគេកំពុងរៀននៅក្នុងថ្នាក់ ដោយមិនដឹងមូលហេតុ។

អាណាព្យាបាលសិស្សរងគ្រោះទាំងនោះ បានទទូចដល់អភិបាលខេត្តកំពត លោក ជីវ តាយ និងមន្រ្តីជំនាញសុខាភិបាល ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធ ជួយរកមូលហេតុ ដើម្បីទប់ស្តាត់ករណីបែបនេះនាថ្ងៃអនាគត។ ការអំពាវនាវ របស់អាណាព្យាបាលបែបនេះ ក៏ព្រោះតែកន្លងមក សិស្សសាលាវិទ្យាល័យនេះ ធ្លាប់បានដួលសន្លប់ជិត ១០ដងរួចមកហើយ តាំងពីចុងឆ្នាំ២០១៧ និងនៅដើមឆ្នាំ២០១៨នេះ។

សមត្ថកិច្ចមូលដ្ឋាន បានអោយដឹងថា នៅវេលាម៉ោងប្រមាណ ១០ព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ មានសិស្សនារីប្រមាណ ១៧នាក់ បានដួលសន្លប់ដេកស្តូកស្តឹង ជាបន្តបន្ទាប់ជាថ្មីម្តងទៀត ដោយមិនដឹងមូលហេតុ ដែលធ្វើឲ្យមាតាបិតាសិស្ស មានការព្រួយបារម្ភ ដល់សុខភាព និងសុវត្ថិភាពកូនៗ របស់ពួកគាត់ពេលមកសាលារៀន។

ផ្តើមពីបញ្ហានេះ អាណាព្យាបាលសិស្ស បានអំពាវនាវដល់អាជ្ញាធរ និងស្ថាប័នជំនាញពាក់ព័ន្ធ ជាពិសេសលោកអភិបាល ខេត្តកំពត ជួយរកមូលហេតុដែលកូនៗ របស់ពួកគាត់ បានដួលសន្លប់ជាច្រើនលើក ក្នុងពេលកំពុងរៀននៅក្នុងបម្ទប់ នៃសាលាវិទ្យាល័យសម្តេច​ ហ៊ុន សែន អង្គស្តុក ក្នុងស្រុកអង្គរជ័យ ដើម្បីធានាសុវត្ថិភាព និងសុខភាពសិស្សានុសិស្សទាំងអស់នាថ្ងៃអនាគត។ សមត្ថកិច្ចនគរបាល ស្រុកអង្គរជ័យ បានទទួលស្គាល់ថា សិស្សសាលា វិទ្យាល័យសម្តេច ហ៊ុន សែន អង្គស្តុក ពិតជាបានដួលសន្លប់ជាបន្តបន្ទាប់ពិតមែន កាលពីព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ គឺមានចំនួន ១៧នាក់ សុទ្ធជាសិស្សស្រីទាំងអស់។

មន្ត្រីនគរបាល បានបន្តទៀតថា សិស្សសាលាដែលដួលសន្លប់ទាំងអស់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ប៉ុន្តែរហូតមកដល់ពេលនេះ នៅមិនទាន់រកឃើញ និងបញ្ជាក់ច្បាស់ពីមូលហេតុ នៃការដួលសន្លប់នៅឡើយទេ។ គួររំលឹកថា សិស្សវិទ្យាល័យសម្តេច ហ៊ុន សែន អង្គស្តុក មានទីតាំងនៅស្រុកអង្គរជ័យ ខេត្តកំពត ធ្លាប់មានសិស្សានុសិស្សដួលសន្លប់ចំនួន ៨លើកមករួចហើយ ដោយមន្ត្រីជំនាញមិនទាន់ដឹងមូលហេតុពិតប្រាកដនៅឡើយទេ៕ ដោយ៖ ចាន់ថន

spot_img
×