Friday, November 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ទស្សនកិច្ច​សារព័ត៌មាន រយៈពេល​ប្រាំ​ថ្ងៃ ទៅកាន់​តំបន់​ព្រៃ​ទេសភាព​ខ្ពង់រាប​ភាគ​ខាងកើត ក្នុង​ខេត្តមណ្ឌលគិរី​

មណ្ឌលគិរី​៖​អ្នកសារព័ត៌មាន​នៅក្នុង​ប្រទេស​កម្ពុជា​ចំនួន​ជាង ៣០​នាក់ មកពី ២០ ស្ថាប័ន នឹងចូលរួម​ដំណើរ​ទស្សនកិច្ច​សារព័ត៌មាន ដែល​ត្រូវបាន​រៀបចំឡើង​រួមគ្នា​ដោយ​ក្រសួងបរិស្ថាន និង​អង្គការ WWF ទៅកាន់​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​នៃ តំបន់​ព្រៃ​ទេសភាព​ខ្ពង់រាប​ភាគ​ខាងកើត ក្នុង​ខេត្តមណ្ឌលគិរី​។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជាម​ន្ត្រី​នាំពាក្យ​នៃ​ក្រសួងបរិស្ថាន នឹង​ដឹកនាំ​ដំណើរ​ទស្សនកិច្ច​នេះ ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១៥ ដល់​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០២១ និង​ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​និង​មន្ត្រី​នៃ​ក្រសួង និង​មន្ទីរ​បរិស្ថាន លោក សេង ទៀក នាយក​អង្គការ WWF ព្រមទាំង​បុគ្គលិក​សំខាន់ៗ​នៃ​អង្គការ WWF សរុប​ទាំងអស់​ចំនួន​ប្រមាណ​ជាង ៥០​រូប​។​

​ទស្សនកិច្ច​សារព័ត៌មាន​នេះ​ត្រូវបាន​រៀបចំឡើង​ដើម្បី​ផ្តល់ឱកាស​ដល់​អ្នកសារព័ត៌មាន​នៅ​កម្ពុជា និង​អ្នកចូលរួម​ទាំងអស់​ក្នុងការ​ស្វែងយល់​អំពី​សារៈសំខាន់ និង​សក្តានុពល​របស់​ដែនជម្រកសត្វព្រៃ​ស្រែ​ពក ដែលជា​បេះដូង​នៃ​តំបន់​ព្រៃ​ទេសភាព​ខ្ពង់រាប​ភាគ​ខាងកើត​សម្រាប់​ការអភិរក្ស​ធនធានធម្មជាតិ និង​ជីវៈចម្រុះ​ដ៏​សម្បូរបែប និង​សម្រាប់​ការ​ស្តារឡើងវិញ​នូវ​ប្រភេទ​សត្វព្រៃ​សំខាន់​ដែលមាន​តម្លៃ​ជាស​កល ដើម្បី​រួមចំណែក​ដល់​ការអភិវឌ្ឍ​ជីវភាព​សហគមន៍​មូលដ្ឋាន និង​សេដ្ឋកិច្ចជាតិ​។​

​ឯកឧត្តម នេត្រ ភក្ត្រា មានប្រសាសន៍ថា​៖ «​ទស្សនកិច្ច​នេះ ធ្វើឡើង​ស្របតាម​គោលការណ៍​របស់​ក្រសួងបរិស្ថាន​ដើម្បី​លើកទឹកចិត្ត​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​និង សារព័ត៌​មាននៅ​កម្ពុជា ក្នុងការ​បន្ត​និង​បង្កើន​ការផ្សព្វផ្សាយ​របស់ខ្លួន​ស្តីពី​ប្រធានបទ​បរិស្ថាន ធនធានធម្មជាតិ និង​ជីវៈចម្រុះ ឲ្យ​បាន​កាន់តែ​ទូលំទូលាយ​បន្ថែមទៀត ដើម្បី​ផ្តល់នូវ​ព័ត៌មាន និង​ចំណេះដឹង​ឲ្យ​បាន​ដល់​ប្រជាជន​គ្រប់​ស្រទាប់​ទាំងអស់​នៅក្នុង​សង្គម​កម្ពុជា និង​ចូលរួម​ការពារ​និង​អភិរក្ស​ធនធានធម្មជាតិ ព្រៃឈើ​សត្វព្រៃ​ដែល​កម្ពុ​ជាមាន​ឱ្យបាន​គង់វង្ស​សម្រាប់​មនុស្ស​រាប់​ជំនាន់​ទៅមុខទៀត​»​។​

​ឯកឧត្តម​រដ្ឋលេខាធិកា​រ បាន​បន្ថែមទៀតថា​៖ «​ព័ត៌មាន និង​ចំណេះដឹង​ទាំងនេះ​នឹងចូលរួម​ចំណែក​បណ្តុះ​ការស្រឡាញ់​បរិស្ថាន ធនធានធម្មជាតិ និង​ជីវៈចម្រុះ ក្នុងចំណោម​សាធារណជន​កាន់តែ​ច្រើនឡើងៗ និង​បំផុសស្មារតី​របស់​ប្រជាជន​ក្នុងការ​ចូលរួម​ថែរក្សា និង​ការពារ​ធនធានធម្មជាតិ​ដ៏​មានតម្លៃ​ខ្ពស់​សម្រាប់​ជាតិ​កម្ពុជា ក៏ដូចជា​សម្រាប់​សកល​លោក​ទាំងមូល​ដែរ​»​។​

​អស់​រយៈកាល​ជាង​ពីរ​ទសវត្សរ៍​មកហើយ អង្គការ WWF បាន និង​កំពុង​អនុវត្ត​ការងារ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង វិស័យ​គ្រប់គ្រង និង​ការពារ​ធនធានធម្មជាតិ​។ ក្នុង​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ជិតស្និទ្ធ​ជាមួយ​ក្រសួងបរិស្ថាន និង​បណ្តា​ដៃគូ​ផ្សេងៗ​ទៀត អង្គការ WWF កំពុង​គាំទ្រ​ដល់​ការគ្រប់គ្រង និង​ថែរក្សា​ធនធាន​ជីវៈចម្រុះ​ដ៏​សម្បូរបែប​នៅក្នុង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក និង ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច លើ​ផ្ទៃដី សរុប​ប្រមាណ ៦,០០០ (​ប្រាំមួយ​ពាន់​) គីឡូម៉ែត្រ​ការ៉េ ស្ថិតនៅក្នុង​ខេត្តមណ្ឌលគិរី​។​

​លោក សេង ទៀក នាយក​អង្គការ WWF មានប្រសាសន៍ថា​៖ «​ដំណើរ​ទស្សនកិច្ច​នេះ​នឹង​ផ្តល់ឱកាស​ដល់​អ្នកសារព័ត៌មាន​ក្នុងការ​ទទួលបាន​នូវ​ព័ត៌មាន និង​ចំណេះដឹង​ថ្មី ដែល​អាច​ពង្រីក​ចក្ខុវិស័យ​ផ្នែក​ព័ត៌មាន​សាធារណៈ សម្រាប់​ការចូលរួមចំណែក​ផ្សព្វផ្សាយ​អំពី​សារៈសំខាន់ និង​តម្លៃ​ដ៏​វិសេសវិសាល​គ្មាន​ពីរ​នៃ​តំបន់​ព្រៃ​ទេសភាព​នេះ​ដល់​ប្រជាជន​កម្ពុជា​»​។​
​លោក បាន​បន្តទៀតថា​៖ «​តាមរយៈ​ដំណើរ​ទស្សនកិច្ច​នេះ ភាពជា​ដៃគូ​ល្អ​រវាង​អង្គការ WWF និង​ក្រសួងបរិស្ថាន​ត្រូវបាន​ពង្រឹង​ឱ្យ​កាន់តែ​ប្រសើរឡើង​បន្ថែមទៀត ក្នុង​ការបន្ត​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ជិតស្និទ្ធ ក្នុង​បុព្វហេតុ​គ្រប់គ្រង ស្តារ និង​ការពារ​ឱ្យបាន​នូវ ធនធាន ធម្មជាតិ និង​សត្វព្រៃ​ជាច្រើន​ប្រភេទ​ដែលមាន​តម្លៃ​សម្រាប់​ការអភិរក្ស​ជាស​កល ក៏ដូចជា​ក្នុង​ការបន្ត​ការអភិវឌ្ឍ​ជីវភាព​រស់នៅ​របស់​ប្រជាជន​សហគមន៍​មូលដ្ឋាន នៅក្នុង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក និង​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​នេះ​»​។​

​ដែនជម្រកសត្វព្រៃ​ស្រែ​ពក និង​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ជាទី​ជម្រក​របស់​សត្វ​ដែល​កំពុង​ទទួលរង​ការគំរាមកំហែង​ជា​សកល​ជាច្រើន​ប្រភេទ រាប់បញ្ចូល​ទាំង​ប្រភេទ​រងគ្រោះថ្នាក់​ជិត​ផុត​ពូជ រួមមាន​ដូចជា សត្វ​ទន្សោង (Bos javanicus) សត្វ​ដំរី​អាស៊ី (Elephas maximus) សត្វ​ក្រពើ​ភ្នំ (Crocodylus siamensis) ដែលមាន​ចំនួន​សេសសល់​ចុងក្រោយ​នៅក្នុង​ប្រទេស សត្វ​ខ្លារខិន (Panthera pardus delacouri) ដែលជា​ចំនួន​នៅ​សេសសល់​ចុងក្រោយ​សម្រាប់​តំបន់​ឥណ្ឌូចិន និង​ពពួកសត្វ​ស្លាប​ដូចជា​សត្វ​ត្រ​យ៉ង សត្វ​ត្មាត និង​សត្វ​ក្ងោក​បៃតង ព្រមទាំង​សត្វព្រៃ​សំខាន់ៗ​ផ្សេងទៀត រាប់បញ្ចូល​ទាំង​សត្វ​រមាំង សត្វ​ខ្ទីង សត្វ​ឈ្លូស សត្វ​ប្រើស និង​ពពួក​ពានរ​ផងដែរ ។ មិនតែប៉ុណ្ណោះ ដែនជម្រកសត្វព្រៃ​ទាំងពីរ​នេះ​មាន​តួនាទី​យ៉ាងសំខាន់​ក្នុងការ​ផ្គត់ផ្គង់​នូវ​ប្រភពធនធាន​កសិក​ម្ម និង​អនុផល​ព្រៃឈើ ដល់​ប្រជាជន​សហគមន៍​មូលដ្ឋានចំនួន​ប្រមាណ​ជាង ៣០,០០០ នាក់ ដែល​កំពុង​រស់នៅ​ជុំវិញ​និង​ក្បែរ​តំបន់​អភិរក្ស​ទាំងពីរ​នេះ​។​

​ដោយមាន​ការគាំទ្រ​ថវិកា​ពី​សំណាក់​ទីភ្នាក់ងារ​ជំនួយ​អាមេរិក USAID សហភាព អឺរ៉ុប​(EU) រដ្ឋាភិបាល​ប្រទេស​អាល្លឺម៉ង់​(BMZ) រដ្ឋាភិបាល​ប្រទេស​ប៊ែ​ល​ហ្សិ​ក​(DGD) កម្មវិធី​បរិស្ថាន​រប​ស់​អង្គការសហប្រជាជាតិ UN Environment GEF រដ្ឋាភិបាល​ប្រទេស​ស៊ុយអែដ​(Sida) IKEA Welthungerhilfe (WHH) Humanscale និង​បណ្តាញ​អង្គការ​WWF (WWF-Belgium, WWF-Germany, WWF-Sweden, WWF-Switzerland, WWF-US) ការគ្រប់គ្រង​តំបន់ការពារធម្មជាតិ​នៃ​ដែនជម្រកសត្វព្រៃ​ស្រែ​ពក (​ផ្ទៃដី​សរុប ៣៧២៩.៧ គីឡូម៉ែត្រ​ការ៉េ​) និង​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច (​ផ្ទៃដី​សរុប ២២២៥ គីឡូម៉ែត្រ​ការ៉េ​) ផ្តោតលើ​ការងារ​តាមដាន និង​ស្រាវជ្រាវ​ជីវៈចម្រុះ ការកសាង​សមត្ថភាព​ជំនាញ​សម្រាប់​ការអនុវត្ត​ច្បាប់ ការប្រយុទ្ធប្រឆាំង នឹង ការ​បរបាញ់ ការជួញដូរ​សត្វព្រៃ​និង​ព្រៃឈើ​ខុសច្បាប់ ការ​ទប់ ស្កាត់ ការ កាប់​ទន្ទ្រាន​ដីព្រៃ​ខុសច្បាប់ ការអភិវឌ្ឍ​របរ​ចិញ្ចឹមជីវិត​របស់​សហគម​ន៍​មូលដ្ឋាន និង​ការអនុវត្ត​កម្មវិធី​ផ្សេងៗ​ទៀត​ដើម្បី​លើកទឹកចិត្ត និង​កៀរគរ​ការចូលរួមរ​បស់​ប្រជាជន​មូលដ្ឋាន​ក្នុងការ​អភិរក្ស​ធនធាន​ធម្មជាតិ និង​អភិវឌ្ឍន៍ ជីវភាព​ប្រកបដោយ​និរន្តរភាព​។​

​ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បាន​ថ្លែង​កោតសរសើរ​ដល់​មន្ត្រីក្រោមឱវាទ​ក្រសួងបរិស្ថាន អាជ្ញាធរខេត្ត អង្គការ WWF និង​ដៃគូ​ទាំងអស់​ថា​៖ «​ខ្ញុំ​សូម​វាយតម្លៃ​ខ្ពស់​ចំពោះ​រាល់​កិច្ច​ការដែល​បាន​អនុវត្ត​រួមគ្នា​យ៉ាង​ល្អ​នាពេល​កន្លងមក និង​សូម​កោតសរសើរ​ចំពោះ​រាល់​សមិទ្ធផល​ដែល​មន្ទីរ​បរិស្ថាន អាជ្ញាធរខេត្ត​ម​ណ្ឌ​គិរី អង្គការ WWF និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ក្នុងនោះ​រាប់បញ្ចូល​ទាំង​ការចូលរួមចំណែក​យ៉ាងសំខាន់​ពី​ប្រជាជន​មូលដ្ឋាន​ផងដែរ ក្នុងការ​គ្រប់គ្រង និង​ការពារ​នូវ​ធនធានធម្មជាតិ រួមមាន​ព្រៃឈើ សត្វព្រៃ​សំខាន់ៗ និង​ជីវៈចម្រុះ​ច្រើន​ប្រភេទ​ផ្សេងទៀត សម្រាប់​ជា​ប្រយោជន៍​បច្ចុប្បន្ន​ដល់​ប្រជាជន និង​ធម្មជាតិ ព្រមទាំង​ជា​ប្រយោជន៍​ដល់​កូនចៅ​ជំនាន់​ក្រោយៗ​ទៀត​»៕​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×