ខេត្តស្វាយរៀង៖ កាលពីរសៀល ថ្ងៃទី១៣ ខែ មករា ឆ្នាំ ២០២១ មហាជនបានរិះគន់ដល់ក្រុមហ៊ុនជីករណ្តៅដីយកអាចម៍ដី ចាក់លុបចំណីព្រែកទន្លេវ៉ៃគោក្រោម និងជីកដីត្រពាំងសិលា ដែលជាត្រពាំងធម្មជាតិរបស់ប្រជាពលរដ្ឋចំនួនបីភូមិ ប្រើប្រាស់និងនេសាទត្រី ធ្វើឲ្យប៉ះពាល់ដល់ផលប្រជាយោជន៍ប្រជាពលរដ្ឋជាច្រើនគ្រួសារ នៅក្នុងសង្កាត់ស្វាយតឿ ក្រុងស្វាយរៀង។ បើតាមប្រជាពលរដ្ឋភូមិស្វាយតឿ បានឲ្យដឹងថា រណ្តៅដីដែលក្រុមហ៊ុនជីយកអាចម៍ដីនោះ ទទឹងប្រមាណ៣០០ម៉ែត្រ បណ្តោយ៥០០ម៉ែត្រ ជម្រៅជ្រៅប្រម៉ាណជិត៨ម៉ែត្រ ស្ថិតក្នុងភូមិស្វាយតឿ និងភូមិទាហ៊ានក្រោម សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង។
អ្វីដែលប្រជាពលរដ្ឋមានការព្រួយបារម្មណ៍នោះ គឺនៅក្នុងភូមិស្វាយតឿ គឺក្រុមហ៊ុនបានហ៊ុមព័ទ្ធយកត្រពាំងសិលា ជីកជារណ្តៅយកអាចម៍ដី ទៅចាក់លុបចំណីព្រែកទន្លេវ៉ៃគោក្រោម ត្រង់ចំណុចខាងលិចវត្តមុនីសិលា ហៅវត្តឡ តាមបណ្តោយព្រែកទន្លេវ៉ៃគោក្រោម ឆ្ពោះទៅកាន់តំបន់សេដ្ឋកិច្ចពិសេសជីលូ ភូមិស្វាយតឿង (ប្រវែងជាង១,០០០ម៉ែត្រ)។
ប្រភពបន្តទៀតថា ទី១, ប៉ះពាល់ផ្លូវប្រជាពលរដ្ឋចេញចូលទៅព្រែកទន្លេវ៉ៃគោ ដើម្បីនេសាទត្រី និងទឹកគោ ក្របីផឹកនារដូវប្រាំង។ ទី២, ប៉ះពាល់អូធម្មជាតិ និងប្រឡាយទឹក នៅរដូវវស្សា (បាត់បង់ផ្លូវទឹក) ទី៣, ប៉ះពាល់ត្រពាំងសិលា ដែលជាបឹងធម្មជាតិ តាំងពីបុរាណ ដែលប្រជាពលរដ្ឋបីភូមិ គឺភូមិស្វាយតឿ ភូមិទាហ៊ានក្រោម និងភូមិទាហ៊ានលើ មកនេសាទត្រីខួបប្រាំងវស្សា ត្រូវក្រុមហ៊ុនចាក់លុប និងជីកយកអាចម៍ដី។ ទាក់ទិនករណីនេះដែរ លោកសូ មុត ប្រធានភូមិស្វាយតឿ បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនដែលធ្វើអាជីវកម្មជីករណ្តៅដីយកអាចម៍ដីនោះ គឺក្រុមហ៊ុនម៉េង សាន ទទួលបានអាជ្ញាប័ណ្ណ ពីអាជ្ញាធរធ្វើអាជីវកម្មជីករណ្តៅដីយកអាចម៍ដីនេះ រយៈពេល៥ឆ្នាំមកហើយ ដើម្បីយកអាចម៍ដីទៅចាក់ឲ្យក្រុមហ៊ុនចិនក្នុងតំបន់សេដ្ឋកិច្ចពិសេសជីលូ ទំហំ១៣៥ហិកតា និងមានក្រុមហ៊ុន ចូលមកវិនិយោគធ្វើរោងចក្របន្ថែមទៀត ក្នុងគម្រោង៤៥៤ហិកតា។ ហើយក្រុមហ៊ុនម៉េង សាន បានទិញដីប្រជាពលរដ្ឋភូមិស្វាយតឿ និងភូមិទាហ៊ានក្រោម ដើម្បីជីរណ្តៅដីយកអាចម៍ដី ទៅចាក់លើដីក្នុងតំបន់សេដ្ឋកិច្ចពិសេសជីលូ។ គម្រោងក្នុង១ឆ្នាំ ៣៥ហិកតា ហើយពិតជាមានការប៉ះពាល់ដីត្រពាំងសិលា ពិតប្រាកដមែន ។ ហើយចំពោះប្រឡាយទឹក គឺក្រុមហ៊ុនបានសុំកៀរលុបធ្វើផ្លូវដឹកអាចម៍ដីចេញ នៅខែធ្លាក់ភ្លៀងក្រុមហ៊ុនសន្យាថា ស្តារប្រឡាយនិងធ្វើផ្លូវអមប្រឡាយឲ្យវិញមិនឲ្យស្ទះផ្លូវទឹកទេ។
ទាក់ទិនករណីក្រុមហ៊ុនជីករណ្តៅដី ប៉ះពាល់ផ្លូវ ប្រឡាយនិងបឹងត្រពាំងសីលានេះ លោក សរ សុដានី អភិបាលរងក្រុងស្វាយរៀង បានមានប្រសាន៍តាមទូរស័ព្ទប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្រុមហ៊ុនគេមានច្បាប់ ហើយចំពោះបញ្ហាមានការប៉ះពាល់ ផ្លូវប្រជាពលរដ្ឋនោះ គឺក្រុមការងារបានទុកផ្លូវ កាត់តាមវត្តមុនីសិលា ចេញទៅក្រោយ និងផ្លូវតាមប្រឡាយខាងត្បូងវត្ត នៅពេលចប់គម្រោង។
ហើយចំពោះប្រជាពលរដ្ឋប្រាប់ថា ក្រុមហ៊ុនជីករណ្តៅដីក្នុងត្រពាំងសិលា លោកមិនបានដឹងទេ ចាំលោកហៅលោកមេភូមិទាំងពីរ មកសាកសួរ ហើយបើពិតជាមានការជីកដី ក្នុងបឹងត្រពាំងសិលា និងប៉ះពាល់ប្រឡាយទឹក របស់ប្រជាពលរដ្ឋ លោកនឹងហៅភាគីក្រុមហ៊ុន មកដោះស្រាយកែរសម្រួលឡើងវិញ។
លោក សរ សុដានី បានបន្តទៀតថា ការអភិវឌ្ឍ គឺតែងតែមានផលប៉ះពាល់ខ្លះហើយ វាមិនលែងទេ។ ហើយអាជ្ញាធរ គឺបានគៀរគរអ្នកវិនិយោគឲ្យគេមកអភិវឌ្ឍន៍សាងសង់រោងចក្រ ដើម្បីរកការងារឲ្យប្រជាពលរដ្ឋមានការងារធ្វើ ។
នៅក្នុងតំបន់រោងចក្រសេដ្ឋកិច្ចពិសេសជីលូ គឺបានផ្តល់ការងារឲ្យកម្មករកម្មការិនី ធ្វើការជាង៥,០០០នាក់។ ហើយបច្ចុប្បន្នក្រុមហ៊ុនកំពុងពង្រីកទីតាំង បង្កើតរោងចក្របន្ថែមទៀត ដូច្នេះបើមានផលប៉ះពាល់តិចតួច សូមយោគយល់ដើម្បីផលប្រយោជន៍សាធារណៈ៕ រក្សាសិទ្ធិដោយ៖វ៉ៃកូ